ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន Century 21 Allwin Realty ដែលជាសមាជិកមួយរបស់ Century 21 Cambodia ផ្តោតលើទីផ្សារវិនិយោគិនចិន បានសម្រេចចុះកិច្ចព្រមព្រៀងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដើម្បីចាប់យកចំណែកទីផ្សារកាន់តែធំ ដោយជឿជាក់ថាស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នឹងល្អប្រសើរឡើងនៅឆ្នាំនេះ។
លោកGao Shan នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Allwin Realty បានមានប្រសាសន៍ថា កម្ពុជាគឺជាទីតាំងសក្តានុពលសម្រាប់វិនិយោគិនចិន ដាក់ទុនវិនិយោគដោយសារស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច និងអំណោយផលនៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកបន្តថា ភាពងាយស្រួលនៃការធ្វើដំណើរ ដោយមានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីកម្ពុជា ទៅស្ទើរគ្រប់ទីក្រុងសំខាន់ៗនៃប្រទេសចិន ក៏ជាអំណោយផលយ៉ាងសំខាន់ ហើយកត្តានេះធ្វើឲ្យការធ្វើដំណើរ តភ្ជាប់ប្រទេសទាំងពីរចំណាយត្រឹមចន្លោះពី២ ទៅ៥ម៉ោងប៉ុណ្ណោះ នៅពេលដែលស្ថានភាពជំងឺឆ្លងគ្រប់គ្រងបាន និងសុវត្ថិភាពត្រូវបានធានា។
លោកបន្តថា “វិនិយោគិនចិននៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនាពេលខាងមុខ។ កន្លងមកវិនិយោគិនទាំងនោះតែងមានបញ្ហាប្រឈមទាក់ទង នឹងការរកទីតាំងវិនិយោគនិងការទិញដី សម្រាប់ធ្វើប្រតិបត្តិការអាជីវកម្ម”។
លោកបន្តថា ពេលនេះក្រុមហ៊ុន Century 21 Allwin Realty គឺជាសមាជិកមួយរបស់ក្រុមហ៊ុនCentury 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យមានបណ្តាញធំទូលាយនៅកម្ពុជា ហើយប្រតិបត្តិការក្រុមហ៊ុនលោក នឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនចិនធ្លាប់ជួបប្រទះកន្លងមក។
ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty នាពេលនេះក៏សមស្របតាមការលើកឡើងរបស់ ជំនាញក្នុងវិស័យអចលនទ្រព្យ ដែលបានអះអាងថាទីផ្សារក្នុងវិស័យនេះ កំពុងមានសញ្ញាវិជ្ជមានឡើងវិញ នៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីវត្តមានវ៉ាក់សាំងការពារជំងឺCovid19 ចាប់ផ្តើមមានហើយកំពុងចាក់ជូនក្រុមអទិភាព ដែលជួយបង្កើនទំនុកចិត្តវិនិយោគិន ជាពិសេសក្នុងចំណោមពាណិជ្ជករចិន ដែលជាវិនិយោគិនសក្តានុពល។
អ្នកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថា វិស័យអចលនទ្រព្យកម្ពុជា និងលំហូរវិនិយោគិនចិននៅកម្ពុជា នឹងស្ទុះឡើងប្រកប ដោយភាពវិជ្ជមាននៅឆ្នាំ ២០២១នេះ ដោយសារការរួមចំណែកនៃជំនួយវ៉ាកសាំង Covid 19 រហូតទៅដល់១លានដូសពីរដ្ឋាភិបាលចិនមកកម្ពុជា។
អ្នកស្រីថ្លែងថា #ឆ្នាំ ២០២១លំហូរវិនិយោគិនចិននៅកម្ពុជា នឹងបង្កើន ហើយការពង្រីកខ្លួនរបស់ក្រុមហ៊ុន Century 21 Allwin Realty ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើទីផ្សារចិននាពេលនេះ នឹងជួយឲ្យពាណិជ្ជករចិនវិនិយោគនៅកម្ពុជា ទទួលបានផលចំណេ ញ និងវិនិយោគដោយសុវត្ថិភាព”។
គិតមកទល់ពេលនេះ ក្រុមហ៊ុនCentury 21 Cambodia កំពុងដំណើរការដោយមានការិយាល័យ២៣នៅភ្នំពេញ និង៣៨សាខានៅគ្រប់បណ្តាខេត្តនៅកម្ពុជា ហើយមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត៧០០នាក់៕