ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោមការជួយសម្របសម្រួលពីសំណាក់រាជរដ្ឋាភិបាល និងការអនុវត្តច្បាប់វិនិយោគថ្មី កម្ពុជានឹងកាន់តែទាក់ទាញបណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាជនបរទេសនានាចូលមកវិនិយោគ បន្ថែមនៅកម្ពុជាកាន់តែច្រើនទៀត ខណៈដែលនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួន មិនបានការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ជនបរទេសនោះឡើយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះថា ភាពទាក់ទាញលើការវិនិយោគពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាមកកម្ពុជា នឹងកាន់តែមានកំណើនជាបន្តបន្ទាប់ ខណៈដែលទទួលបានការជួយសម្របសម្រួល និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។
លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នកម្ពុជាបានធ្វើកំណែទម្រង់ និងដាក់ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់បណ្តាក្រុមហ៊ុនអន្តរជាតិ ក៏ដូចជាបណ្តាជនបរទេសនានាផងដែរ”។ លោកបន្តថា “នៅក្នុងប្រទេសកម្ពុជា ជនបរទេសអាចមានសិទ្ធិវិនិយោគផ្ទាល់១០០ភាគរយ ដោយមិនចាំបាច់សហការកម្មសិទ្ធិជាមួយអ្នកវិនិយោគក្នុងស្រុក(៥១%+៤៩%) ដូចជាបណ្តាប្រទេសជិតខាង ក្នុងតំបន់មួយចំនួននោះឡើយ មានន័យថា ជនបរទេសមានសិទ្ធិធ្វើជាម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនដោយឯកតោភាគី១០០ភាគរយ”។
អ្វីដែលកាន់តែពិសេស គឺកម្ពុជាបានក្លាយជាប្រទេសផ្តល់សេវាកម្ម ក្នុងនាមជាភ្នាក់ងារចែកចាយទំនិញ ផលិតផលចម្រុះ ទៅកាន់ទៅផ្សារដ៏ធំរបស់ប្រទេសចិន ដែលជាង១៤០០លាននាក់ រួមជាមួយនឹងទីផ្សារនៃបណ្តាប្រទេសមួយចំនួនទៀត ដែលនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដូចជាប្រទេសកូរ៉េ ជប៉ុន ឥណ្ឌា ហុងកុង ជាដើម។ បន្ថែមពីនេះ ជនបរទេសក៏មានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុផងដែរ ដោយអាចទិញអាគារធ្វើជាកម្មសិទ្ធិចាប់ជាន់ទី១ឡើងទៅ។
ពាក់ព័ន្ធទៅនឹងការអនុគ្រោះដល់បណ្តាជនបរទេសមានសិទ្ធិក្លាយជាម្ចាស់អចលនវត្ថុនៅកម្ពុជា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKw Cambodia ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការផ្តល់សិទ្ធិដល់ជនបរទេសក្លាយជាម្ចាស់អចលនវត្ថុចាប់ពីជាន់ទី១ឡើង វាគឺជារឿងមួយដែលលើកទឹកចិត្តដល់ជនបរទេសដែលចូលមករស់នៅ និងប្រអាជីវកម្មនៅក្នុងកម្ពុជា។ ប៉ុន្តែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានបង្កើត និងបែងចែកទីតាំងនៅតំបន់ណាមួយ ដែលអាចអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យជាន់ផ្ទាល់ដី ធ្វើជាកម្មសិទ្ធិបានគឺកាន់តែល្អជាងនេះទៅទៀត។
លោកឧកញ៉ាបញ្ជាក់ថា “កម្ពុជាគួរបង្កើតតំបន់អចលនទ្រព្យពិសេស សម្រាប់ជនបរទេស។ នៅពេលដែលមានការបង្កើត តំបន់អចលនទ្រព្យពិសេសណាមួយ ដែលអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិក្នុងការទិញដី និងកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ វានឹងជះឥទ្ធិពលល្អដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ក៏ស្ថិតនៅក្នុងរង្វង់១០គីឡូម៉ែត្រជុំតំបន់អភិវឌ្ឍន៍នោះដែរ”។
លោកបន្តថា ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយគឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយ មានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោត គឺជាចលករមួយដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃ ដោយស្វ័យប្រវត្តិ៕