ការនាំចេញដំឡូងមីកម្ពុជាកំពុងមានទីផ្សារល្អប្រសើរ ខណៈទំហំនាំចេញកសិផលសរុបកើនដល់១,៦លានតោន

0

ដោយ: គង់ សូរិយា

ភ្នំពេញ: ក្រៅពីផលិតផលអង្ករ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាគិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២១ មានទំហំប្រមាណជិត១,៦លានតោន កើនឡើងជាង ៥៦ម៉ឺនតោន ស្មើប្រមាណជាង៥៥ភាគរយ ក្នុងនោះទីផ្សារនាំចេញ ដំឡូងមីទាំងស្រស់និងក្រៀមក៏មានភាពល្អប្រសើរផងដែរ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទបានឱ្យដឹងថា ផលិតផលដែលបានទទួលការបញ្ជាទិញច្រើនជាងគេ រួមមាន៖ ដំឡូងមីក្រៀមចំនួនប្រមាណជាង៨០ម៉ឺនតោន ដំឡូងមីស្រស់ជាង១៥ម៉ឺនតោនស្រូវជាង២៨ម៉ឺនតោន ក្នុងនោះមិនបានឆ្លងកាត់ច្រកភូតគាមអនាម័យ មានចំនួនជិត៥៦ម៉ឺនតោន គ្រាប់ស្វាយចន្ទីជាង៧៩ពាន់តោន គ្រាប់ពោតក្រហមជាង៧៨ពាន់តោន ផ្លែចេកស្រស់ជាង៧៥ពាន់តោន ផ្លែស្វាយស្រស់ជាង ៤៣ពាន់តោនជាដើម។

លោក នី កាណ ប្រធានសម្ព័ន្ធសមាគមដំឡូងមីខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១កន្លងមកបានឱ្យដឹងថា កាលពីចុងឆ្នាំ២០២០ ប្រជាកសិករបានជួបបញ្ហាដោយសារទឹកជំនន់ ធ្វើឲ្យផលដំណាំជាពិសេសដំឡូងមី ខូចខាតក្នុងរង្វង់ប្រមាណ៣០ទៅ៤០ភាគរយ ប៉ុន្តែអ្វីដែលជាលទ្ធផលការនាំចេញ ដំឡូងមីឆ្នាំនេះមានទីផ្សារល្អ។ ជាក់ស្តែងការនាំចេញដំឡូងមីក្រៀម ក្នុងខេត្តបាត់ដំបង មានប្រមាណ៣០ម៉ឺនតោន ក្នុងមួយគីឡូក្រាមទទួលបានជិត៦បាត។

លោកមានសុទិដ្ឋិនិយមថា “តម្លៃនេះនឹងកើនឡើងថែមទៀត ខណៈដែលបរិមាណដំឡូងមីឆ្នាំនេះ ទទួលបានផលតិចជាងឆ្នាំមុនៗ និងកំពុងស្ថិតនៅចុងដៃនៃការប្រមូលផល”។ លោកបញ្ជាក់ទៀតថា “ទីផ្សារនាំចេញ ផលិតផលកសិកម្មរបស់កម្ពុជា និងមានទីផ្សារកាន់តែល្អប្រសើរ ខណៈដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមចូលជា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េជាដើម”។

លោកបន្តថា សម្ព័ន្ធសមាគមដំឡូងមី បានរៀបចំឯកសារដាក់បញ្ចូលទៅក្នុងក្រមខណ្ឌពាណិជ្ជកម្មសេរីជាមួយចិន -កម្ពុជា ដើម្បីនាំចេញទៅកាន់ខេត្តក្វាងទុង និងខេត្តសាន់ស៊ី ក្រោមការសម្របសម្រួលដោយក្រសួងពាណិជ្ជកម្ម។

គិតត្រឹមរយះពេល២ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ ក្នុងនោះការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ប្រទេស មានចំនួនជិត១,៦តោន កើនឡើងចំនួនជាង៥៦ម៉ឺនតោន ស្មើជាង៥៥ភាគរយ ប្រៀបធៀបរយះពេលដូចគ្នានិងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here