រដ្ឋាភិបាលៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំនើនជាង៣,៥ភាគរយនៅឆ្នាំនេះទោះស្ថិតវិបត្តិកូវីដ-១៩

0

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានអះអាងជាថ្មីថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងងើបឡើងវិញ ក្នុងរង្វង់៣,៥ភាគរយនៅឆ្នាំ២០២១  ទោះបីជាព្រឹត្តិការណ៍២០កុម្ភៈ នៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែបន្តនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងការចុះត្រួតពិនិត្យការងារគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា កំណើននេះ គឺផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោក បានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នមានប្រទេសមួយចំនួន កំពុងអនុវត្តន៍អំពីការចាក់វ៉ាក់សាំងបង្ការ ជាពិសេសប្រទេសនៅបែកអឺរ៉ុប។

លោកបានថ្លែងថា “រដ្ឋាភិបាលរំពឹងថា នៅក្នុងឆ្នាំ២០២១ នេះ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងនឹងងើបឡើងវិញ ខណៈនៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចធ្លាក់ចុះរង្វង់-៣,១ភាគរយ”។

- Video Advertisement -

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា រាជរដ្ឋាភិបាលរំពឹងថា នឹងងើបឡើងវិញនោះ ដោយអាស្រ័យផ្អែកតាមនិន្នាការរួម ខណៈដែលពិភពលោក បានរកឃើញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ ក្នុងនោះប្រទេសមួយចំនួនកំពុងអនុវត្តន៍ ការចាក់វ៉ាក់សាំងបង្ការនេះ ជាពិសេសប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសនៅបែក អឺរ៉ុបមួយចំនួនទៀត បន្ទាប់ពីការអនុវត្តការចាក់វ៉ាក់សាំងបង្ការនេះ យើងសង្កេតឃើញថា អត្រាឆ្លង និងអត្រានៃការស្លាប់ បានធ្លាក់ចុះជាបណ្តើរៗ ដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចក្នុងស្រុក។

លោកបណ្ឌិតឆេង គីមឡុងអ្នកជំនាញផ្នែកសេដ្ឋកិច្ច វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា កម្ពុជានឹងមិនអាចសម្រេចបានកំណើនសេដ្ឋកិច្ច៤ភាគរយ នៅឆ្នាំ២០២១ទេ ប្រសិនបើការផ្ទុះឡើង នៅក្នុងសហគមន៍ជាលើកទី៣ នៃ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នេះមិនបញ្ចប់ ហើយនៅអូសបន្លាយយូរនោះ។

លោកថ្លែងបន្តថា “កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នេះ អាចនឹងមិនបានដល់៤ភាគរយ ដូចដែលការរំពឹងទុករបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច ព្រោះថាប្រ​សិនបើព្រឹត្តិការណ៍២០កុម្ភៈនេះ នៅតែបន្តអូសបន្លាយ”។លោកបន្តថា “បើចំនួនឆ្លងមិនធូរស្បើយ ដែលធ្វើឲ្យមានការអាក់ខានដល់ខ្សែច្រវាក់ផលិតកម្ម និងការប្រកបរបររបស់ប្រជាជន នោះកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ចុះក្នុងកំណើននៃការរំពឹងទុក៤ភាគរយនេះ វាអាចកើនត្រឹម៣ភាគរយវិញ”។

លោកថ្លែងបន្តទៀតថា មួយវិញទៀត វាអាចធ្លាក់ចុះជាងនេះ ប្រសិនបើព្រឹត្តិការ​ណ៍នេះ បន្តទៅពាក់កណ្ដាលឆ្នាំនេះ ហើយធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង មានន័យថា ឥទ្ធិពលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មានទំហំធំ និងស្មុគស្មាញធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១ មានកម្រិតតិចជាងការរំពឹងទុក របស់រាជរដ្ឋាភិបាលផងដែរ។

លោកឆេង គឹមឡុងបានបញ្ជាក់ថា “ដើម្បីស្ដារឡើងវិញ នូវស្ថានភាពក៏លំបាកនេះ រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើយ៉ាងណាទប់ស្កាត់ ការរីករាលដាលឆ្លងជំងឺនេះ ឲ្យស្ថិតក្នុងការគ្រប់គ្រងបាន មានន័យថា ការឆ្លងនេះមិនស្ថិតនៅក្នុងទ្រង់ទ្រាយធំ និងមិននៅក្នុងភាពស្មុគស្មាញដល់បណ្ដាលខេត្ត-ស្រុក ឃុំ-ភូមិ និងតំបន់ប្រជុំជនផ្សេងៗទៀត ដែលជាកត្តាធ្វើឲ្យផ្អាករំខានទៅដល់ធុរកិច្ច សកម្មភាពវិនិយោគ និងការរស់នៅប្រចាំថ្ងៃផងដែរ”។

លោកបញ្ជាក់បន្តថា កត្តាទាំងអស់នេះហើយ ជាសកម្មភាពដែលអាចជួយជំរុញ និងជាកិច្ចការងារធំបំផុត ព្រោះការគ្រប់គ្រងនូវការឆ្លង នៃការរីករាលដាលជំងឺកូវីដ១៩នេះ គឺវាផ្ដល់ជាមូលដ្ឋាន និងផ្ដល់ជាកម្លាំងជំរុញ ដល់សេដ្ឋកិច្ចទាំងមូលបាន។ ដូច្នេះការចូលរួមពីប្រជាជន គឺសំខាន់ ហើយប្រជាជនគួរតែអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសនោះ គឺដាច់ខាតត្រូវអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមក គឺ៣កុំ និង៣ការពារ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here