ដោយៈ រ៉ាណេត 
ភ្នំពេញៈ សម្រាប់ឆ្នាំ២០២១ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមយ៉ាងខ្លាំងទៅនឹងការរាតត្បាត នៃជំងឺឆ្លងស្ទើទូទាំងប្រទេស បានបណ្តាលឱ្យវិស័យជាច្រើន ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង រាប់ទាំងវិស័យអចលនទ្រព្យផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលលោកច្រឹក សុខនីម បានលើកឡើងថា ក្នុងកាលៈទេសៈបែបនេះ វាគឺជាពេលវេលាដ៏ល្អចំពោះអ្នក ដែលមានលុយគ្រប់គ្រាន់ទិញអចលនទ្រព្យទុកវិនិយោគ ឬអភិវឌ្ឍគម្រោងបានយ៉ាងល្អប្រសើរបំផុត។
 
-->
 
 
លោកបន្តថា ឆ្នាំ២០២១ គឺជាពេលវេលាមួយ ដែលស័ក្ដិសមបំផុតសម្រាប់អ្នកដែលមានដើមទុន និងចរន្តសាច់ប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគ ឬចាប់ផ្តើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន សម្រាប់ដាក់បញ្ចូលទៅក្នុងទីផ្សារ នៅអំឡុងចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ បញ្ចប់ ក្រោយមានការប្រើប្រាស់វ៉ាក់សាំងជាសាកល។
លោកបន្តថា “ពេលនេះនៅតាមបណ្តាប្រទេសធំៗមួយចំនួន ចាប់ផ្តើមប្រើវ៉ាក់សាំង ហើយនឹងបន្តនាំចែកចាយ ទៅតាមបណ្តាប្រទេសផ្សេងៗ ដោយឡែកនៅកម្ពុជាក៏បាន និងកំពុងប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេសដែរ” ។ លោកបន្តថា “ដូច្នេះក្រោយពេលមានការប្រើប្រាស់វ៉ាក់សាំងជាសាកល និងមានប្រសិទ្ធភាពខ្ពស់ ពេលនោះដំណើរការនៃចរន្តសេដ្ឋកិច្ចនឹងចាប់ផ្តើមឡើងវិញ ហើយទីផ្សារអចលនទ្រព្យ ក៏នឹងផ្តើមវិលទៅរកភាពល្អប្រសើរវិញដែរ” ។
លោកច្រឹក សុខនីមបានបន្តថា នៅក្នុងឱកាសនេះ សម្រាប់អ្នកលុយគ្រប់គ្រាន់ គួរទិញដី ឬផ្ទះទុកលក់ ឬជួលយកចំណេញ ក្រោយពេលតម្លៃចាប់ផ្តើមឡើងថ្លៃនៅឆ្នាំក្រោយឬឆ្នាំបន្ទាប់ ព្រោះពេលនេះ មានម្ចាស់អចលនវត្ថុមួយចំនួន កំពុងព្យាយាមលក់ទោះតម្លៃស្ថិតក្រោមទីផ្សារក៏ដោយ។
លោកថា ក្រៅពីតំបន់ជាយក្រុង និងនៅតំបន់ផ្លូវក្រវាត់ក្រុង ជាយរាជធានីភ្នំពេញ ខេត្តមួយចំនួនក៏មានសក្ដានុពលក្នុងទិញដីវិនិយោគ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗគួរសម្លឹងទៅកាន់ខេត្តជាប់មាត់សមុទ្រចំនួន២ គឺខេត្តកំពត និងខេត្តកែប ដែលមានសក្ដានុពលផ្នែកទេសចរណ៍។
សម្រាប់ការវិនិយោគ ក្នុងវិស័យដីធ្លីនៅក្នុងខេត្តទាំង២នេះ នៅមានឱកាសទទួលបានចំណេញ ដោយសារតែវិសាលភាពនៃដីទំនេរនៅមានច្រើន ហើយតម្លៃក៏មានទាន់ឡើងខ្ពស់ខ្លាំងនោះដែរ។ ដូច្នេះឱកាសវិនិយោគ នៅតែមានជាពិសេសដី ដែលស្ថិតនៅតាមតំបន់ជិតភ្នំ តំបន់ជាប់ព្រែក ដែលស័ក្ដិសមនឹងការអភិវឌ្ឍន៍ជាតំបន់កម្សាន្ត ឬលំនៅដ្ឋានលំហែរ៕