រវល់ការងារគិតសុខភាពផង! ជំងឺមហារីកត្រចៀក ច្រមុះបំពង់កកំពុងកើនទ្បើងនៅកម្ពុជា

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ ស្របពេលការវិវត្តន៍នៃឥរិយាបទរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការរួមភេទ ការទទួលទានបារី និងគ្រឿងស្រវឹងកាន់តែច្រើន បានធ្វើឲ្យចំនួនអ្នកកើតជំងឺមហា​រីកត្រចៀក ច្រមុះ និងបំពង់កមានការកើនទ្បើងជាបន្តបន្ទាប់នៅកម្ពុជា។

អ្វីជាមូលហេតុនៅពីក្រោយការកើនទ្បើងជំងឺនេះ និងវាបណ្តាលមកពីមេរោគអ្វី និងក្រុមណាប្រឈមនឹងជំងឺនេះច្រើនជាងគេ លោកសាស្រ្តាចារ្យអ៊ាវ សុខាប្រធា​នផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងឲ្យដឹងកាលពី​ពេលថ្មីៗនេះថា បច្ចុប្បន្នជំងឺមហារីកត្រចៀក ច្រមុះ និងបំពង់កស្ថិតនៅលេខរៀង ទី៤ នៃជំងឺមហារីកនានា ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជំងឺមហារីក​ស្បូនជាប់លំដាប់ទី១ មហារីកដោះជាប់លំដាប់ទី២ និងជំងឺមហារីកពោះវៀនជាប់​លំដាប់ថ្នាក់ទី៣។

- Video Advertisement -

មូលហេតុ

ជំងឺនេះបណ្តាលមកពីមេរោគពីរយ៉ាង និងកត្តាបន្ទាប់បន្សំដទៃទៀត។មេរោគទី១ឈ្មោះEBV និងមេរោគទី២ឈ្មោះHPV និងកត្តាបន្ទាប់បន្សំដទៃទៀតដូចជា ការជក់បារី និងការផឹកស្រាច្រើនធ្វើឲ្យកើតជំងឺនេះ និងធ្វើឲ្យជំងឺនេះវិវត្តន៍កាន់តែលឿន។

តាមការសន្និដ្ឋានបែបវិទ្យាសាស្រ្តបានរកឃើញថា មេរោគHPV ដែលឆ្លងមកបំពង់ក ប្រហែ​លមកពីឥរិយាបទរួមភេទតាមបែបឳរ៉ាល់សិច ព្រោះមេរោគHPVជាមេរោគស្ថិតនៅក្នុងស្បូនស្រ្តី និងបង្កជាជំងឺមហារីកស្បូន។ ដូច្នេះការធ្វើឳរ៉ាល់សិច ជាមូលហេតុបណ្តាលឲ្យឆ្លងមេរោគនេះ ចូលក្នុងបំពង់ករបស់មនុស្ស។

រោគសញ្ញា

លោកសាស្រ្តាចារ្យអ៊ាវ សុខាបានបន្តថា មេរោគទាំងពីរនេះចូលក្នុងខ្លួនមនុស្សនៅពេលតំបូងៗ មិនមានរោគសញ្ញាអ្វីនោះទេ ដោយវាសម្ងំក្នុងខ្លួនមនុស្ស    រយៈពេលពី១០ទៅ២០ឆ្នាំទើបចេញរោគសញ្ញា។ ពេលជំងឺនេះចេញរោគសញ្ញា មានន័យថាជំងឺនេះ​ឈានដល់ដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ។

រោគសញ្ញាជំងឺនេះមានដូចជា ឧស្សាហ៍ឈាមច្រមុះ ហឹងត្រចៀក ទ្បើងកូន កណ្តុរ និងមានដុំសាច់ក្នុងមាត់។

វិធីការពារជំងឺនេះ

មេរោគទាំងពីរ ដែលបណ្តាលឲ្យកើតជំងឺមហារីកត្រចៀក ច្រមុះ និងបំពង់ក គេអាចរកឃើញនៅក្នុងទឹកមាត់ និងដុំសាច់ដែលគេអាចកាត់យកទៅពិសោធន៍បាន​។បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត មានម៉ាស៊ីនពិសេសដែលអាចរកឃើញមេរោគនេះនៅក្នុងតំណាក់កាលតំបូង។

វិធីការពារម្យ៉ាងទៀតគឺកុំជក់បារី និងទទួលទានស្រា ពិសេសកុំរួមភេទតាម​ឥរិយាបទបែបឳរ៉ាល់សិច និងធ្វើអនាម័យមាត់ធ្មេញឲ្យបានជាប់ជាប្រចាំ។

ក្រុមប្រឈមមុខខ្ពស់

ក្រុមប្រឈមមុខខ្ពស់នឹងជំងឺនេះច្រើនជាងគេ គឺក្រុមបុរសដែលមានវ័យ៤៥ឆ្នាំទ្បើងទៅ ពិសេសក្រុមជក់បារី និងទទួលទានស្រាច្រើន។

ការព្បាបាល

លោកសាស្រ្តាចារ្យអ៊ាវ សុខាបានឲ្យដឹងថា ប្រសិនជាអ្នកជំងឺទទួលបានសេវា​ព្យាបាលត្រឹមត្រូវ នៅពេលជំងឺនេះស្ថិតក្នុងដំណាក់កាលតំបូងៗ អត្រាជាសះស្បើយ​មាចន្លោះពី៧០ ទៅ៨០ភាគរយ។ដំណាក់កាលពីទី២ អត្រាជាសះស្បើយមានចន្លោះពី៥០ទៅ៦០ភាគរយ ដំណាក់កាលទី៣ មានអត្រាជាសះស្បើយ២០ភាគរយ និងដំណាក់កាលទី៤ គឺមិនអាចព្យាបាលបាននោះទេ ព្រោះវាជាដំណាក់កាលចុងក្រោយរបស់ជំងឺនេះ។

ការព្យាបាលជំងឺមហារីក ជាធម្មតាគឺត្រូវចំណាយប្រាក់ច្រើន ទោះជានៅប្រ​ទេសណាក៏ដោយ ព្រោះការព្យាបាលត្រូវប្រើប្រាស់ឳសថល្អ និងប្រភេទឳសថឆ្លាត ពិសេសគឺប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការព្យាបាល។

លោកសាស្រ្តាចារ្យបានបន្តថា អ្នកជំងឺដែលមន្ទីរពេទ្យជួបភាគច្រើន ពួកគេស្ថិតក្នុងដំណាក់កាលទី៣និងទី៤ ដូច្នេះសូនមបងប្អូនប្រជាពលរដ្ឋមកពិនិត្យសុខភាព​ឲ្យបានជាប្រចាំ ព្រោះប្រសិនជារកឃើញជំងឺនៅក្នុងដំណាក់កាលតំបូង ការព្យាបាលនឹងឆាប់ជាសះស្បើយ និងចំណាយអស់ប្រាក់តិច៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here