ក្រុមហ៊ុនថៃធំៗជាច្រើនបង្ហាញការចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជាតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចការទូត

0

ដោយៈ សាវុធ

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំថៃ បានធ្វើការទៅលើសកម្មភាពជាច្រើនទាក់ទងនឹងសេដ្ឋកិច្ចការទូត ដែលបានទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុនធំៗរបស់ថៃ ក្នុងការមកបណ្តាក់ទុននៅកម្ពុជា។

លោកអ៊ូក សោភ័ណឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានថ្លែងកាលពីសប្តាហ៍មុនថា គិតមកដល់ពេលនេះ លោកបានមកដល់ប្រទេសថៃរយៈពេល២ឆ្នាំហើយ ហើយនៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។

លោកបានថ្លែងថា ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។

- Video Advertisement -

លោកបានថ្លែងថា នៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។

លោកបានថ្លែងបន្តថា ចូលមកឆ្នាំ២០២០ យើងក៏បានធ្វើសកម្មភាពជាច្រើនបន្ថែមទៀត ដែលខ្ញុំនឹងបែងចែកសកម្មភាពជា០៣ រួមមាន៖ (១) ការងារវិនិយោគ និងពាណិជ្ជកម្ម (២) ការទទួលភ្ញៀវ និងជួយប្រឹក្សាដល់វិស័យឯកជន និង (៣) ការផ្សព្វផ្សាយវប្បធម៌ និងជំរុញទេសចរណ៍។

លោកបានឱ្យដឹងទៀតថា ចំពោះសកម្មភាពការងារទី១ ខ្ញុំចង់បញ្ជាក់ថាការទាក់ទាញនេះ គឺយើងបានចុះទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Big C ក្រុមហ៊ុន Seven Eleven និងក្រុមហ៊ុនជាច្រើនទៀត ហើយនេះជាការជួបលក្ខណៈស្និទ្ធស្នាលជាមួយនឹងប្រធានក្រុមហ៊ុនផ្ទាល់តែម្ដង និងមានការជួបជារឿយៗ ដើម្បីឲ្យគេមានការទុកចិត្តនិងជឿជាក់លើយើង ដោយសារស្ថានទូត គឺជាស្ពានមួយដើម្បីជួយដល់អ្នកវិនិយោគទាំងថៃ និងបរទេស អាចទៅពង្រីកការរកស៊ីនៅកម្ពុជា។

ចំពោះការងារទី២ គឺយើងទទួលបានគណៈប្រតិភូ និងក្រុមហ៊ុនបរទេសជាង ៥០ក្រុមហ៊ុនក្នុងការប្រឹក្សាយោបល់ ដោយនៅក្នុងការជួបប្រឹក្សានោះយើងបានលើកឡើងអំពីការទូតសេដ្ឋកិច្ច ក៏ដូចជានយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់អ្នកវិនិយោគទាំងអស់នោះ ឲ្យទៅវិនិយោគនៅកម្ពុជា។

រីឯការងារទី៣ គឺយើងបានប្រមូលវីដេអូពីក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីយកមកកែសម្រួលឲ្យខ្លី និងផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ជាពិសេសតាម គណនីហ្វេសបុករបស់ស្ថានទូត។ ជាលទ្ធផលយើងបានទទួលការគាំទ្រ និងការអបអរសាទរយ៉ាងច្រើន ចំពោះការទូតសេដ្ឋកិច្ចរបស់យើងពីភាគីថៃ សហគ្រិន និងអ្នករកស៊ីនានានៅប្រទេសថៃ ក៏ដូចជាស្ថានទូតផ្សេងៗប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ៕ AVI

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here