ដោយៈសុខហេង
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានមានប្រសាសន៍ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះទៀត។
លោករដ្ឋមន្រ្តីបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ កម្ពុជា ហើយការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការសម្រួលពីលោក Alexander D. Nash អ្នក ឯកទេសអភិវឌ្ឍន៍ទីក្រុង (Urban Development Specialist) តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី៦ ខែមេសា នៅទីស្តីការក្រសួង។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា “ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងMono Rail នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ហើយការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈ ពេលមួយខែខាងមុខនេះទៀតនេះ”។
លោកបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផលនៃ គម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គំរោងនេះ។
លោកស៊ុន ចាន់ថុលបានបន្តថា “ប្រសិនបើគម្រោងទាំងនេះ មានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដមែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការបិតផ្លាកសុវត្ថិភាពលើមធ្យោ បាយធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលកន្លងមក ដូចជា កង់ រ៉ឺម៉ក គោយន្ត និងឧបករ ណ៍កសិកម្មនានាដែលបើកលើផ្លូវសាធារណៈគ្មានភ្លើង បំភ្លឺនៅពេលយប់ប្រកបដោយគ្រោះថ្នាក់ និងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យមើលលទ្ធភាពជួយគាំទ្រ លើកិច្ចខិតខំប្រែងនេះបន្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍ សញ្ញាផ្លូវ សញ្ញាសម្គា ល់ ផ្លូវជាដើម។
លោករដ្ឋមន្ត្រីបានស្នើ ឱ្យធនាគារអភិវឌ្ឍន៍អាស៊ី តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើតំបន់ឆ្លងកាត់ ព្រំដែ ននានា របស់កម្ពុជា(Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹក ជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារមហា អនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើង ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ច។
ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានស ម្តែងចំណាប់អារម្មណ៍ចំពោះសំណើនានា ដែលលោកទេសរដ្ឋមន្ត្រីបានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ៕