ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាទូទៅអតិថិជន ដែលមានបំណងទិញអចលនទ្រព្យ សម្រាប់ធ្វើការវិនិយោគបន្ត ដើម្បីទទួលបានផលចំណេញភាគច្រើន មិនបានពិចារណាទៅលើបញ្ហាដែលអាចកើតមានក្រោយពេលទិញនោះទេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Advance លោកឡុង គឹមសួគ៌ បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ មេសាកន្លងមកថា ដើម្បីទិញដីកុំឱ្យប៉ះចំទីតាំងមានជំលោះ ឬកើតមានបញ្ហាវិវាទទៅថ្ងៃក្រោយនោះ សម្រាប់អ្នកទិញ មិនថាចំពោះការទិញដើម្បីលក់យកចំណេញ ទិញដើម្បីទុកជាទ្រព្យ គម្បីត្រូវតែអនុវត្តនូវវិធីដូចបានបញ្ជាក់ជូនដូចជា ៖
១) ត្រូវទិញអលចនទ្រព្យជាមួយនឹងភ្នាក់ងារដែលមានជំនាញពិតប្រាកដ
អ្នកទិញដីមួយចំនួនហាក់មើលរំលង និងមិនឱ្យតម្លៃទៅលើភ្នាក់ងារអចលនទ្រព្យនោះទេ ដោយហេតុថាខ្លាចត្រូវចំណាយកម្រៃជើងសារ ឬអស់កុំមីស្យុង ប៉ុន្តែតាមការពិតទៅ ភ្នាក់ងារអចលនទ្រព្យ ជាអ្នកជួយធានាទ្រព្យយ៉ាងមានប្រសិទ្ធភាព មានការយល់ដឹងច្បាស់ទាំងផ្លូវច្បាប់ និងការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ក្នុងទិញលក់ដែលធ្វើឱ្យណាឱ្យមានសុវត្ថិភាពបំផុត។
មួយវិញទៀត អតិថិជនដែលជាអ្នកទិញដីទាំងអស់ ក៏គួរតែពិនិត្យទៅលើក្រុមហ៊ុនណាដែលមានអាជ្ញាបណ្ណ ទទួលស្គាល់ពីក្រសួងស្របច្បាប់ត្រឹមត្រូវ ទើបមិនមានហានិភ័យក្នុងការទិញអចលនទ្រព្យ។
២) ទិញអចលនទ្រព្យស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៍
ជាការពិតណាស់ ការវិនិយោគលើវិស័យអចលនទ្រព្យ អតិថិជន ត្រូវតែសំឡឹងមើលទៅលើតំបន់ និងទីតាំងទាំងឡាយណា ដែលកំពុងមានការអភិវឌ្ឍន៍គម្រោងផ្សេងៗមិនថា ចំពោះការអភិវឌ្ឍដោយរដ្ឋាភិបាល ឬវិស័យឯកជននោះទេ វានឹងធ្វើឱ្យឱកាសទទួលបានចំណេញកាន់តែលឿន ងាយស្រួលលក់ចេញ និងមានសុវត្ថិភាពទៅលើអចលនទ្រព្យ។
៣) ទិញអចលនទ្រព្យដែលមានកម្មសិទ្ធិត្រឹមត្រូវ
មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ អតិថិជនត្រូវតែពិនិត្យមើលលើដីដែលមានកម្មសិទ្ធិ ត្រឹមត្រូវ ឬអចលនទ្រព្យ ដែលមានម្ចាស់កាន់កាប់ពិតប្រាកដ មិនមែនឃើញដីមានតម្លៃថោក ហើយសម្រេចចិត្តទិញភ្លាមនោះទេ។ ក្នុងនាមជាអ្នកទិញត្រូវតែសិក្សា និងពិនិត្យមើលទៅលើដីនោះឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវប្រាកដថាដីមានឯកសារច្បាស់លាស់ ស្របច្បាប់ ទើបទិញទៅមិនមានហានិភ័យ និងងាយទទួលបានផលចំណេញខ្ពស់៕