ដោយៈ រ៉ាណេត
ភ្នំពេញៈ តំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលសរុបជាង១០០បានចេញថ្លែងការណ៍រួម និងស្នើសុំដល់រដ្ឋាភិបាលចេញវិធានការណ៍ ណែនាំគ្រឹះស្ថានហិរញ្ញ និងធនាគារឯកជន ឱ្យផ្អាកការបង់ប្រាក់កម្ចីប្រចាំខែ រួមនឹងការប្រាក់ពីកូនបំណុលជាបណ្តោះអាសន្នរយៈពេល៣ខែ។
នៅក្នុងសេចក្ដីថ្លែងការរួមរបស់សមាគម និងអង្គការជាង១០០នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងមកបានលើកឡើងថា យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល សូមស្នើសុំឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់សម្រាប់រយៈពេលយ៉ាងតិច៣ខែ ដើម្បីផ្តល់ឱ្យអ្នកខ្ចីប្រាក់ នូវឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។
សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា “វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ កំពុងត្រូវបានរងគ្រោះជាខ្លាំង ពីការរីករាលដាលនៃជំងឺនេះ។ វិស័យទាំងនេះ ផ្តល់ការងារដល់ស្ត្រីរាប់សែននាក់ ខណៈអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូច គឺមានស្ត្រីចំនួន៧៥ភាគរយ មានន័យថាមានករណីជាច្រើន ដែលវិបត្តិជំងឺរីករាលដាលនេះប៉ះពាល់យ៉ាងខ្លាំងចំពោះស្ត្រីជាអ្នកខ្ចីប្រាក់” ។
ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ក៏ប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូលផងដែរ។ មានមនុស្សតិចតួចណាស់ ដែលមិនទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ១៩នេះ ។
រាជរដ្ឋាភិបាលបានចាត់វិធានការមួយចំនួនរួចមកហើយ ដើម្បីកាត់បន្ថយមនុស្សមួយចំនួនពីការ រងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច ជាងមួយឆ្នាំកន្លងមកនេះ។ សាច់ប្រាក់ដែលត្រូវបានផ្តល់ឱ្យ ទៅប្រជាពលរដ្ឋជាច្រើនដែលមានប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភសម្រាប់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី រោងចក្រ បានផ្តល់ប្រភពដ៏សំខាន់មួយនៃប្រាក់ចំណូល ដល់ប្រជាពលរដ្ឋរាប់សែននាក់ ដែលត្រូវការ ជំនួយ។
ប្រសិនបើគ្មានគោលនយោបាយទាំងនេះទេ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៃការរីករាលដាលជាសកលនេះ នឹងកាន់តែមានស្ថានភាពអាក្រក់ខ្លាំងជាងនេះ។ ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់បានចាត់វិធានការណ៍ ស្រដៀងគ្នានេះ ដើម្បីជួយសម្រាលបន្ទុកដល់អ្នក ខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឡើយទេ។
ការស្នើសុំរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំមុន ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ អនុវត្តការសម្រាលបន្ទុក ដល់វិស័យជាក់លាក់មួយចំនួន ដោយគ្មានគោលការណ៍ណែនាំច្បាស់លាស់ថា តើអ្នកខ្ចីប្រាក់ណាខ្លះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬប្រភេទ នៃការជួយសម្រាលបន្ទុកអ្វីសម្រាប់ផ្តល់នោះ បានអនុញ្ញាតឱ្យវិស័យមីក្រូហិរញ្ញវត្ថុ កំណត់គោលការណ៍ខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ក្នុងការរៀបចំឥណទានឡើងវិញ។
នេះមានន័យថា ស្ទើរតែគ្រប់ករណី ដែលយើងខ្ញុំបានតាមដានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងតែផ្អាកការបង់ប្រាក់ដើម ប៉ុន្តែនៅតែបន្តប្រមូលយកការបង់ថ្លៃការប្រាក់ ព្រមទាំងគណនាការប្រាក់លើឥណទានទាំងនេះ។ ការណ៍នេះ បាននាំឱ្យមានកំណត់ត្រាប្រាក់ចំណេញខ្ពស់ សម្រាប់អ្នកផ្តល់កម្ចីឥណទានខ្នាតតូចមួយចំនួន ខណៈ ដែលប្រាក់ចំណូលនៅក្នុងគ្រួសារបន្តធ្លាក់ចុះ ដោយសារតែវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ និងបន្ទុកបំណុលកាន់តែធំសម្រាប់អ្នកខ្ចីប្រាក់ បន្ទាប់ពីបញ្ចប់ការរៀបចំឥណទានឡើងវិញ។ ការអនុវត្តបែបនេះ មិនមែនជាការសម្រាលបន្ទុកពិតប្រាកដនោះទេ ។
ខណៈដែលប្រទេសកម្ពុជាពេលនេះ កំពុងប្រឈមនឹងការឆ្លងរីករាលដាលជាសហគមន៍ និងការទទួលមរណភាពជាបន្តបន្ទាប់ ដោយសារជំងឺកូវីដ១៩ ការអនុវត្តក្នុងការជួយសម្រាលបន្ទុកបំណុល បែបទូលំទូលាយគឺត្រូវការជាចាំបាច់។ ការរៀបចំឥណទានឡើងវិញមិនពេញលេញ សម្រាប់កម្ចីឥណទានខ្នាតតូចប្រមាណ១០ភាគរយ ដែលត្រូវបានរាយការណ៍ ដោយវិស័យមីក្រូហិរញ្ញវត្ថុ គឺមិនគ្រប់គ្រាន់ដើម្បីដោះស្រាយជាមួយទំហំនៃវិបត្តិនេះទេ។
សេចក្តីថ្លែងការណ៍បានបន្តថា “យើងខ្ញុំសូមស្នើសុំជាថ្មីម្តងទៀត នូវសំណើដែលបានស្នើសុំដំបូងកាលពីជិតមួយឆ្នាំមុន សូមឱ្យផ្អាកការបង់សងកម្ចីទាំងអស់ រួមទាំងប្រាក់ដើម និងការប្រាក់ ក៏ដូចជា ការប្រាក់បង្គរ (ការប្រាក់ដែលត្រូវបានកត់ត្រាទុកនិងត្រូវទូទាត់នៅពេលក្រោយយ៉ាងតិច៣ខែ” ។
ការបន្តរីករាលដាលនៃជំងឺវីដ១៩ក្នុង “ព្រឹត្តិការណ៍២០ កុម្ភៈ បានអូសបន្លាយពេលជាងមួយខែមកហើយ និងកំពុងបន្តប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា បញ្ហាទាំងនេះ បានក្លាយជាការអំពាវនាវជាបន្ទាន់ពីប្រជាពលរដ្ឋ ឬក្រុមមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នា សូមឱ្យមានការជួយសម្រាលបន្ទុកបំណុល ក៏ដូចជា ការចាត់វិធានការពីសំណាក់រាជរដ្ឋាភិបាល។ យុវជនចំនួន៦នាក់ ត្រូវបានចាប់ខ្លួនកាលពីពេល ថ្មីៗនេះ និងត្រូវបានឃាត់ខ្លួនឆ្លងយប់ផងដែរ បន្ទាប់ពីចែកចាយញត្តិអំពាវនាវ ឱ្យមានការផ្អាកការបង់សងប្រាក់ ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជា វិធានការជួយសម្រួលបន្ទុកសេដ្ធកិច្ចផ្សេងទៀត។
ខណៈដែលមនុស្សជាច្រើន ភ័យខ្លាចបាត់បង់ដីធ្លី ឬផ្ទះសម្បែងរបស់ពួកគេ ដោយសារការបង់ប្រាក់យឺត កម្មវិធីរៀបចំឥណទានតាមករណីជាក់ស្តែង គឺមិនគ្រប់គ្រាន់នោះទេ។ សម្ពាធបណ្តាលមកពីកម្ចីឥណទានខ្នាតតូច របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានកំពុង ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពកម្មសិទ្ធិដីធ្លី។
សមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះបានបន្តថា យើងខ្ញុំសូមស្នើសុំយ៉ាងទទូចឱ្យរាជរដ្ឋាភិបាល ជួយប្រជាពលរដ្ឋរាប់លាននាក់ ដោយដាក់ចេញវិធានការណែនាំឱ្យវិស័យមីក្រូហិរញ្ញវត្ថុដែលរកប្រាក់ចំណេញ ដើម្បីជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះរបស់អ្នកខ្ចីប្រាក់។ អ្នកខ្ចីប្រាក់មួយចំនួន កំពុងត្រូវបាត់បង់ដីធ្លីរបស់ពួកគេ មិនទទួលបានការថែទាំសុខភាព និងប្រឈមនឹងហានិភ័យនៃសុខភាព និងសុវត្ថិភាពរបស់ពួកគេអំឡុងពេលមានវិបត្តិជំងឺនេះ ដើម្បីទុកលទ្ធភាពបង់សងបំណុលទាំងនេះ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា “ការផ្អាកការបង់សងប្រាក់រយៈពេល៣ខែ ជាមួយលក្ខខណ្ឌដែលអាចបន្តការ ផ្អាកនេះបន្តទៀត នឹងជួយអ្នកខ្ចីប្រាក់ឱ្យស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព និងពង្រឹងស្ថានភាពទូទៅនៅក្នុងប្រទេសវិញ” ៕