វិស័យ​សំណង់​នឹង​កើន​តិចតួច ស្របពេល​អ្នកជំនាញ​បី​រូប​នៅតែមាន​ភាព​សុទិដ្ឋិនិយម

0

ដោយៈ វ​ឌ្ឈ​នៈ

ភ្នំពេញៈ រដ្ឋាភិបាល​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើង​វិញ​ជា​វិជ្ជមាន ជាពិសេស​វិស័យ​សំណង់ ដោយ​រំពឹងថា នឹង​ងើប​ឡើងវិញ​ជា​វិជ្ជមាន​ក្នុង​រង្វង់៣ភាគរយ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យនេះ កំពុង​ស្ទាក់ស្ទើរ​ក្នុងការ​និយាយ​ពី​បញ្ហា​នេះ ប្រសិនជា​ជំងឺ​កូ​វីដ១៩អូសបន្លាយ។

កញ្ញា​គឹម គិ​ន​កេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE បានឱ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៦ មេសា​នេះ​ថា នៅក្នុង​ឆ្នាំ២០២១នេះ បើទោះបីជា​កម្ពុជា​នៅតែ​ជួប​វិបត្តិ ដោយសារតែ​កូ​វីដ១៩ ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ  ព្រោះ​កម្ពុជា​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ១៩ ដូច្នេះ​នៅពេលដែល​ចាក់​ជូន​ពលរដ្ឋ​កាន់តែច្រើន វិនិយោគិន​បរទេស​ដែលមាន​បំណង​ចូល​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងនោះ ការអភិវឌ្ឍ​សំណង់ ដូចជា​អគារ​ខុន​ដូ និង​ការិយាល័យ​ពាណិជ្ជកម្ម​ជាដើម។

កញ្ញា​បន្តថា “នៅក្នុង​ឆ្នាំ២០២១នេះ​គម្រោង​វិនិយោគធំៗ មកពី​ក្រៅប្រទេស​ប្រហែល​មិនទាន់មាន​ច្រើន​ទេ តែ​យើង​នឹង​ទទួលបាន​គម្រោង​វិនិយោគ​សំណង់ ពី​អ្នកវិនិយោគ​ក្នុងស្រុក ប៉ុន្តែ​នៅ​ឆ្នាំ២០២២ខាងមុខ​យើង​នឹង​អាច​ទទួលបាន​ការវិនិយោគ ពី​បរទេស​បន្តទៀត និង​កាន់តែច្រើន” ។

ជាមួយគ្នានេះ លោក​វ៉ា វីរៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថា  នៅ​ចុងឆ្នាំ២០២១នេះ ការភ័យខ្លាច​ខ្លាំង​ពី​ជំងឺ​កូ​វីដ១៩ ចាប់ពី​ឆមាស​ទី២ទៅ​អាច​ធូរស្បើយ​ច្រើន ប្រជាជន​អាច​ប្រក​ម​មុខរបរ​ការងារ មាន​លក្ខណៈ​គ្រាន់បើ​ជាង​នាពេល​បច្ចុប្បន្ន។ ដូចនេះ​កំណើនសេដ្ឋកិច្ច នឹង​កើនឡើង​តាម​ភាពជាក់ស្តែង ដោយនៅ​ឆ្នាំ​បន្ទាប់ វា​អាច​និង​ក្លាយជា​ឱកាស​យើង​វិញ ហើយ​តម្រូវការ​លំនៅឋាន ឬ​អចលនទ្រព្យ​នៅ​ជុំវិញ​នៅ​តំបន់​ប្រជុំជន អាច​នឹង​វិល​ទៅរក​ភាព​ដូចដើម​ជាបណ្តើរ។

ចំណែក​លោក​ឌិ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​ឡាក់​គី​រៀល​ធី បានឱ្យដឹង​ផងដែរ​ថា នៅពេល​ចប់​វិបត្តិ​ឬ​វិបត្តិ​បាន​ធូរស្រាល តម្រូវការ​អចលនទ្រព្យ​នឹងមាន​សន្ទុះ មិន​ថា​លំនៅឋាន ខុន​ដូ អគារ​ការិយាល័យ​និង​ផ្សេងទៀត ជាពិសេស​នោះ​ពេលនេះ យើង​មើលឃើញថា​ត​ម្រុ​វ​ការ​ឃ្លាំង​សម្រាប់​ជួល ជា​រោងចក្រ សហគ្រាស គឺ​នៅតែមាន​តម្រូវការ​ទោះបី​ជាមាន​វិបត្តិ​យ៉ាងនេះ​ក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here