ដោយៈ ប៊ី
ភ្នំពេញៈ គម្រោងហេដ្ឋរចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗចំនួន៥ នឹងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ខណៈគម្រោងទាំង៥នេះបាន និងកំពុងដំណើរសាសង់ទៅតាមការគ្រោងទុក បើទោះបីមានវិបត្តិកូវីដ១៩ក៏ដោយ។
តំបន់បាក់ខែង បានក្លាយជាទីតាំងសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ ពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ការដំឡើងកៅអីចំនួន១២.០០០ ក្នុងចំណោមកៅអីចំនួន៤០.០០០ ហើយដំណើរការសាងសង់នឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១។
ផ្លូវ៣០ម៉ែត្រថ្មីក្នុងខណ្ឌសែនសុខ ដែលតភ្ជាប់ពីវិថីឈ្នះ-ឈ្នះ និងផ្លូវ Aeon Sen Sok បានទទួលជោគជ័យក្នុងការសាងសង់ ដោយនៅសល់តែការតុបតែងចុងក្រោយ និងភ្លើងបំភ្លឺតាមដងផ្លូវ។
ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នៅតែបន្តដំណើរការសាងសង់ ទោះបីស្ថិតក្នុងវិបត្តិជំងឺរាតត្បាតកូវិដ១៩ ក៏ដោយ។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ការក្រាលកៅស៊ូលើផ្នែកគំរូនៃផ្លូវត្រូវបានបញ្ចប់ ហើយគម្រោងសាងសង់ សម្រេចបាន៤០%ហើយ។ គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៣។
គម្រោងកាស៊ីណូ និងសណ្ឋាគារណាហ្គា៣ ត្រូវបានរាយការណ៍ថា បានបើកការ ដ្ឋាន ហើយបានចាប់ផ្តើមដំណើរការការងារសាសង់។
គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៤ និងរួមមានកន្លែងកម្សាន្តចម្រុះ ខុនដូបែបសណ្ឋាការ ឧទ្យានបែបឌីជីថល និងកន្លែងកម្សាន្តផ្សេងៗទៀត។
ក្រុមហ៊ុនOCIC បានរាយការណ៍នៅខែកុម្ភៈ ឆ្នាំ២០២១ ថា ការសាងសង់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានរំពឹងថានឹងសម្រេចបាន៥០ភាគរយ គិតត្រឹមចុងឆ្នាំ២០២១។ អាកាសយានដ្ឋាននេះ នឹងលាតសន្ធឹងលើផ្ទៃដី២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល នៅខាងត្បូងរាជធានីភ្នំពេញហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៣។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ជាធម្មតា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ធំៗ នឹងលើកកម្ពស់មុខមាត់នៅតំបន់ ពិសេសជួយបង្កើនតម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះ៕