អភិបាលរាជធានីភ្នំពេញស្នើឲ្យភោជនីយដ្ឋាន ហាងកាហ្វនៅភ្នំពេញបម្រើសេវាដោយវេចខ្ចប់ជូនអតិថិជន

0

        ដោយៈសហការី

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកទឹកចិត្ត និងអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់នៅទូទាំងរាជធានីភ្នំពេញ គួរបម្រើសេវាដោយខ្ចប់ជូនអតិថិជន ប្រសើរជាការអង្គុយទទួលទាននៅក្នុងហាង។

លោកឃួង ស្រេងបានមានប្រសាសន៍ប្រាប់សារព៌តមានFreshnewsនាព្រឹកថ្ងៃទី៧ មេសានេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ដោយសារតែមនុស្សជាច្រើន នៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បន្ដអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែលអង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការខ្ចប់

- Video Advertisement -

លោកឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន ឬហាងកាហ្វេ ចង់ឲ្យអតិថិជនបន្ដទទួលទាននៅក្នុងទីតាំងរបស់ខ្លួន ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះ ឬកាត់បន្ថយចំនួនកៅអីដែលអង្គុយនៅតាមតុដែលមានការប្រមូលផ្ដុំ។

បើតាមអភិបាលរាជធានីភ្នំពេញ ក្នុងករណីម្ចាស់ទីតាំងភោជនីយដ្ឋាន ហាងកាហ្វេ នៅតែអនុវត្តមិនបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងវិធានរបស់ក្រសួងសុខាភិបាលទេនោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

មន្ដ្រីសុខាភិបាលបានឲ្យដឹងផងដែរថា ករណីឆ្លងជាច្រើននៅក្នុងរាជធានីភ្នំពេញ នៅពេលសួរនាំទៅកាន់ប្រជាពលរដ្ឋដែលឆ្លងនោះ គឺមានប្រភពចេញពីកន្លែងហូបចុក ជួបជុំ នៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេជាដើម។ លើសពីនេះទៅទៀត ក៏មានការឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការផងដែរ។

ជាក់ស្ដែងបុគ្គលិកធនាគារមួយ ពេលធ្វើការមានការពាក់ម៉ាស់ត្រឹមត្រូវ ហើយខ្ចប់បាយផ្ទះទៅដើម្បីហូប ប៉ុន្ដែបែរជាត្រូវឆ្លងចេញពីកន្លែងហូបបាយជុំគ្នានៅកន្លែងធ្វើការទៅវិញ។ យ៉ាងណាមិញ ទីតាំងភោជនីយដ្ឋាន និងហាងកាហ្វេ ដែលត្រូវបានរកឃើញថា មានការពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ ត្រូវបានបិទទ្វារបណ្ដោះអាសន្នជាបន្ដបន្ទាប់ផងដែរ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here