តម្លៃដីនៅតាមបណ្ដោយផ្លូវលេខ៦A បន្តឡើងថ្លៃខ្ពស់ ខណៈវត្តមានសំណង់បុរីធំៗបង្ហាញវត្តមាន

0

ដោយៈរតនៈ

ភ្នំពេញៈ អ្នកឃ្លាំមើលទីផ្សារអចលនទ្រព្យអះអាងថា តម្លៃដីនៅតាមបណ្ដោយផ្លូវជាតិ6A នៅតែបន្តឡើងថ្លៃខ្ពស់ ខណៈដែលគម្រោងសំណង់ធំៗ ពិសេសបុរី លំនៅដ្ឋាននៅបណ្ដោយផ្លូវមួយនេះកំពុងកើនឡើង។

លោកស្រី ហ្រ្គេស រចនី ហ្វុង នាយិកា ក្រុមហ៊ុនCentury21 Cambodia បានប្រាប់គេហទំព័រPropertyarea នាព្រឹកថ្ងៃទី៧ មេសានេះថា តាមបណ្ដោយផ្លូវជាតិលេខ6A នេះ នឹងមានគម្រោងអភិវឌ្ឍន៍ជាច្រើនកើតឡើង ជាពិសេសគឺគម្រោងបុរី និងសំណង់ធំៗ។លោកស្រីបន្តថា ផ្លវជាតិលេខ6A ក៏ជាផ្លូវជាតិសំខាន់មួយ ដែលតភ្ចាប់ទៅខេត្តជាច្រើនដូចជាកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ  ហើយក៏អាចភ្ចាប់មកផ្លូវជាតិលេខ៥វិញផងដែរនៅចំនុចថ្នល់កែងក្នុងស្រុកបាធាយមកដល់ស្ពានព្រែកក្ដាម។

លោកស្រីបន្តថា “បច្ចុប្បន្នដោយសារការកើនឡើងនូវវត្តមានបុរី ភាពអំណោយផលនៃលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋ និងខ្យល់អាកាសបរិសុទ្ឋ បាននិងកំពុងធ្វើឲ្យមានភាពទាក់ទាញគំរោងបុរីធំៗ ដែលភាគច្រើនជាលំនៅដ្ឋានប្រណីត”។

ជាមួយគ្នានេះ លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group មានប្រសាសន៍ថា តាមបណ្ដោយផ្លូវជាតិលេខ6A គឺជាដីដែលអំណោយផលដល់ការសាងសង់លំនៅឋានព្រោះថា នៅសងខាងផ្លូវមួយនេះគឺមានទន្លេសងខាង ដែលផ្ដល់អាកាសធាតុត្រជាក់ចេញពីទឹកទន្លេ។

លោកបន្តថា “បើប្រៀបធៀបនឹង២ទៅ៣ឆ្នាំមុន គឺតម្លៃដីនៅតំបន់នេះ ហាក់ហក់ឡើងតាមតំបន់ចន្លោះពី ១៥០ភាគរយ ទៅ២០០ភាគរយ”។

ផ្លូវជាតិផ្លូវជាតិលេខ6A តភ្ជាប់ពីសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ចំណុចប្រសព្វ នៃស្រុកបាធាយខេត្តកំពង់ចាម។ កំណាត់ផ្លូវថ្មីនេះ ប្រើប្រាស់ប្រាក់ហិរញ្ញប្បទាន ដោយប្រាក់កម្ចី៧០លានដុល្លារពីប្រទេសចិន។

ការសាងសង់ផ្លូវនេះ បានចាប់ផ្តើមនៅខែមករា ឆ្នាំ២០១២ ដោយក្រុមហ៊ុនChinese Shanghai Group និងត្រួតពិនិត្យដោយក្រុមហ៊ុនប្រឹក្សាបច្ចេកទេស Guangzhou Wan Ann ៕

LEAVE A REPLY

Please enter your comment!
Please enter your name here