វិភាគៈ តើសេរីភាព ជីវភាព និងអាយុជីវិត មួយណាមានសារៈសំខាន់ក្នុងកំឡុងវិបត្តិកូវីដ

0

          ដោយៈយិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ មនុស្សចំនួន២២នាក់ហើយបានស្លាប់ដោយ​សារជំងឺកូវីដ១៩ និង៥នាក់ទៀតស្លាប់ដោយសារជំងឺពាក់ព័ន្ឋ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន២៩១៥នាក់នៅទូទាំងប្រទេស។

វិបត្តិនេះនឹងមិនបញ្ចប់នោះទេ បើសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ ម្ចាស់ប្រទេ​សនោះទេ បើទោះបីជារដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ។
ការចូលរួមជួយខ្លួនឯង

          ការចូលរួមពាក់ម៉ាស់ការពារ អនុវត្តន៍តាមវិធានណែនាំ របស់ក្រសួងសុខាភិបាល ដោយ៣កុំ និងបីការពារ ពិសេសកុំចេញពីផ្ទះ បើគ្មានការចាំបាច់ វានឹងពន្លត់វិបត្តិនេះមិនឲ្យអូសបន្លាយរយៈពេលវែងតទៅទៀត និងអាចបញ្ចប់ព្រឹត្តិការណ៍៍២០កុម្ភៈបានកាន់តែឆាប់កាន់តែល្អ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកដៃសំពញអង្វរក ម្តងហើយម្តងទៀត ដើម្បីឲ្យប្រជាពលរដ្ឋអនុវត្តន៍ នូវការណែនាំរបស់រដ្ឋាភិបាល ដោយស    ម្តេចលើកឡើងថា “ការអនុវត្តន៍នូវវិធានការណ៍៣កុំ ៣ការពារ និងតាមគោលការណ៍ណែ​នាំដទៃទៀត គឺដើម្បីប្រជាពលរដ្ឋខ្លួនឯង សម្តេចមិនចង់បានអ្វីនោះទេ”។

- Video Advertisement -

ផ្ទុយទៅវិញ ការមិនអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្មើនឹងការបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងបំផ្លាញប្រទេសជាតិ។

ការចាក់វ៉ាក់សាំង

          សម្រាប់ប្រជាជនស្ថិតនៅជួរមុខ ដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គួរតែរួសរាន់ទៅទទួលវ៉ាក់សាំង ដើម្បីការពារខ្លួននិងកាត់បន្ថយជំងឺនេះ ហើយជម្រុះចេញនូវការសង្ស័យណាមួយ ដែលថាវ៉ាក់សាំងរបស់ចិន ឬប្រទេសណាមួយ នឹងធ្វើឲ្យពិការឬគ្រោះថ្នាក់ដល់អាយុជីវិត។

គិតរហូតមកទល់ពេលនេះ មានប្រទេសមិនច្រើនជាង១០ឡើយ នៅលើពិភពលោក ដែលអាចផលិតវ៉ាក់សាំងបាន ខណៈមេដឹកនាំបណ្តាប្រទេសនានាកំពុងដណ្តើមវ៉ាក់សាំងគ្នា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់គេ។
អ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត ពួកគេជាមនុស្សមានក្រមសីលធ៌ម មានវិជ្ជាជីវៈ និងឈរលើមូលដ្ឋានវិទ្យាសាស្រ្ត ច្បាស់លាស់ណាស់ ត្រឹមត្រូវបំផុត ដើម្បីអាចផលិតវ៉ាក់សាំងបានយកមកបំរើផលប្រយោជន៍មនុស្សជាតិ ពិសេសពួកគេមានភស្តុតាងយ៉ាងត្រឹមត្រូវ និងរ៉ឹងមាំបំផុត ដើម្បីបង្ហាញដល់រដ្ឋាភិបាលរបស់ខ្លួន អាចអនុម័តយកមកចាក់ជូនពលរដ្ឋរបស់ពួកគេ និងចែកចាយទៅកាន់បណ្តាប្រទេសនានា។

ឈរលើគោលការណ៍មនុស្សជាតិ សីលធ៌ម និងវិជ្ជាជីវៈ គ្មានមេដឹកនាំប្រទេសណា​មួយលើពិភពលោក ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ទាំងបានដឹងថា វាមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរបស់ខ្លួនឡើយ។
ការរាលដាលនឹងបន្ត

          ប្រសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ ពិសេសអ្នកសង្ស័យខ្លួនឯងកើតជំងឺកូវីដ១៩ទេនោះ ព្រឹត្តិការណ៍២០កុម្ភៈនឹងមិនងាយបញ្ចប់បានឡើយ។

ជាក់ស្តែងគិតត្រឹមម៉ោង៧នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន១៨២៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន៥នាក់។

ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានគេធៀបនឹងពោះវៀនកង់រថយន្ត ដែលបានមុតធ្លាយសុះពាសពេញ ដែលពិបាកគក្នុងការគ្រប់គ្រង ដូចគ្នានឹងប្រទេសនេះដែរ ជំងឺនេះបានឆ្លងសាយភាយស្ទើរគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេសរួចទៅហើយ ដែលមនុស្សមានរោគសញ្ញា អ្នកសង្ស័យជំងឺនេះ ដែលជាប់ធ្វើចត្តាឡីស័កបានដើរហើរ ដោយគ្មានការទទួលខុសត្រូវ ដែលបណ្តាលឲ្យជំងឺនេះឆ្លងចូលសហគមន៍ស្ទើរទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ។

វិធានការណ៍ផាកពិន័យមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែការដាក់ទោសពីរដ្ឋាភិបាលឲ្យ​បានធ្ងន់ធ្ងរ លើអ្នកបំពានទាំងនោះ ជាការអនុវត្តន៍ច្បាប់មួយ ដែលមនុស្សមិនគោរព ប៉ុន្តែរដ្ឋាភិបាលត្រូវតែចាប់ឲ្យគោរព។

ការពារពីជំងឺកូវីដ១៩ ជាការការពារឆ្នាំងបាយរបស់ខ្លួន

ស្ទើរគ្រប់អាជីវកម្មទូទាំងប្រទេស បានរងផលប៉ះពាល់រូចហើយ ដោយក្រុមហ៊ុនខ្លះបានបិទទ្វារ ក្រុមហ៊ុនខ្លះបានកាត់បន្ថយបុគ្គលិក និងក្រុមហ៊ុនខ្លះទៀតបានកាត់ប្រាក់ខែបុគ្គលិក ដើម្បីការពារកុំឲ្យក្រុមហ៊ុនរបស់ខ្លួនដួលរលំ។

ហេតុនេះមានតែការពារពារខ្លួនពីជំងឺនេះ ដោយអនុវត្តន៍៍តាម “ការណែនាំពីប្រមុខរដ្ឋាភិបាល ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលទេ” ទើបជំងឺនេះអាចគ្រប់គ្រងនិងឈានទៅកាត់បន្ថយការឆ្លងក្នុងសហគមន៍បាន។

ដោយមើលឃើញបញ្ហាដ៏លំបាក ដែលជំងឺនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព ប្រាក់ចំណូលរបស់ពលរដ្ឋ ទើបអង្គការក្រៅរដ្ឋាភិបាល សមាគមចំនួនជាង១០០បានស្នើ​រដ្ឋាភិបាលជម្រុញឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារជួយសម្រួលដោយផ្អាកការបង់ប្រាក់រយៈពេល៣ខែជាបណ្តោះអាសន្ន ដើម្បីជួយសម្រូលជីវភាព និងកាត់បន្ថយការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋពីសស្ថាប័នហិរញ្ញវត្ថុទាំងនោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីសមា​គមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិសេសពីប្រមុខរដ្ឋាភិបាលកម្ពុជានៅឡើយទេ។

ដូច្នេះការចូលរួមការពារខ្លួនពីជំងឺកូវីដ១៩ នឹងជាការចូលរួមការពារអាយុជីវិតខ្លួនឯងផង ការពារក្រុមគ្រួសាររបស់ខ្លួនផង លើកកំពស់សេដ្ឋកិច្ចគ្រួសារផង និងសេដ្ឋកិច្ចជាតិរបស់យើងផង។

ពន្លឺថ្ងៃកំពុងទន់ទេរនៅកម្ពុជា យើងសង្ឃឹម និងពួតដៃទាំងអស់គ្នា ដើម្បីផាត់ពពកខ្មៅឲ្យចាកចេញ ហើយទទួលយកនូវពន្លឺនៃក្តីសង្ឃឹម និងស្នាមញញឹមឡើងវិញ តាមរយៈការចូលរួមពីយើងទាំងអស់គ្នា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here