លោក​ឡោ វិចិត្រ បង្ហើប​ពី​វិធីសាស្ត្រ​ក្នុង​ការលក់​អចលនទ្រព្យ​ក្នុងសម័យ​កូ​វីដ​ដល់​ភ្នាក់ងារ​ថ្មី​កំពុង​ជួប​ឧបសគ្គ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​សម័យកាល​កូ​វីដ ដែល​កំពុង​រាតត្បាត​គួរឱ្យ​ព្រួយបារម្ភ​នៅពេល​បច្ចុប្បន្ន បាន​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុងមាន​ភាពស្ងប់ស្ងាត់ ខណៈដែល​សកម្មភាពរ​បស់​មនុស្ស​ពាក់ព័ន្ធ​នៅក្នុង​វិស័យនេះ​ត្រូវបាន​កាត់បន្ថយ។

 

- Video Advertisement -

អនុប្រធាន​សមាគម​អចលនទ្រព្យ​សកល​ប្រចាំរាជធានី​ភ្នំពេញ លោក​ឡោ វិចិត្រ ដែលជា​អ្នកមាន​ជំនាញ និង​បទពិសោធន៍ នៅក្នុង​ការជំរុញ​ការលក់​អចលនទ្រព្យ​បាន​ចែករំលែក​ថា មិន​ថា​ទោះជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណានោះទេ សម្រាប់​អ្នកលក់​ដែល​ឆ្លាត​វៃ​នៅតែ​អាច​អាច​បាន ប្រៀប​ដូច​អ្នកជំនួញ​ដែល​ពូកែ ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក សេដ្ឋកិច្ច​ធ្លាក់ចុះ ក៏​គេ​នៅតែ​អាច​រកប្រាក់​ចំណេញ​បាន។

លោក​បន្តថា “យើង​ទទួលស្គាល់ថា នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​ដល់ទី​ផ្សា​រ​អចលនទ្រព្យ​ជាខ្លាំង” ។ លោក​បន្តថា “មាន​បងប្អូន​ខ្លះ​ដែលជា​ភ្នាក់ងារ​លក់​លើកឡើងថា ដោយសារតែ​មនុស្ស​ភាគ​ច្រើន មិនសូវ​ហ៊ាន​ចេញ​ដើរ​ក្រៅ​ច្រើន ទើប​ពិបាក​ណាត់​ភ្ញៀវ​ទៅ​មើល​គម្រោង បើទោះជា​ដឹងថា​ភ្ញៀវ​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​ដី ក៏​ភ្ញៀវ​មិនទាន់​ទៅ​មើល​ដល់ទី​តាំង ក៏ដូចជា​អ្នកលក់​ខុន​ដូ ក៏​ពិបាក​ក្នុងការ​ណាត់​ភ្ញៀវ​ដូចគ្នា” ។

លោក​ឡោ វិចិត្រ​បាន​បន្តថា ដើម្បីឱ្យ​យើង​អាច​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ពី​ការលក់ ដំបូង​ភ្នាក់ងារ​ដែលជា​អ្នកលក់ គប្បី​ស្វែងយល់​ពី​ប្រភេទ​អចលនទ្រព្យ ដែល​ខ្លួន​ទទួល​លក់​ឱ្យបាន​ច្បា​ស់សិន បន្ទាប់មក​ត្រូវ​ស្វែងរក​ដៃគូ ដែលមាន​បទពិសោធន៍​ច្បាស់ មានការ​យល់ដឹង​ពី​ទីផ្សារ​អចលនទ្រព្យ ដើម្បី​ជួយ​ជ្រោមជ្រែង និង​ជា​ជំនួយ​អាចឈាន​ទៅដល់​ការសម្រេច​ផែនការ​លក់​របស់ខ្លួន។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឡោ វិចិត្រ ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នក​ដែលមាន​បទពិសោធន៍ លើ​ការលក់​អចលនទ្រព្យ អាច​មិនសូវមាន​បញ្ហា​ចោទ​នោះទេ ប៉ុន្តែ​សម្រាប់​ភ្នាក់ងារ ដែល​ទើប​ចូលប្រឡូក​ក្នុង​វិស័យនេះ​ថ្មីថ្មោង គប្បី​មានការ​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​ទៅនឹង​របៀប និង​វិធីសាស្ត្រ​ជំរុញ​ការលក់ តាមរយៈ​ការអាន​សៀវភៅ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ ឬ​អាច​តាមរយៈ​ការចុះឈ្មោះ ចូលរៀន​នៅក្នុង​វគ្គ​បណ្តុះបណ្តាលផ្សេងៗជាច្រើន។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ការលក់​អចលនទ្រព្យ នៅក្នុង​សម័យ​កូ​វីដ​នៅពេលនេះ លោក​ឡោ វិចិត្រ​បាន​មានប្រសាសន៍ថា ពេលនេះ​គឺជា​ឱកាស​មួយ​ដ៏​ល្អ ក្នុងការ​ស្វែងយល់​បន្ថែ​ម​ពី​ចំណេះដឹង​ពាក់ព័ន្ធ ជាពិសេស​ការចេះ​ប្រើ​បច្ចេកវិទ្យា​ជា​ជំនួញ ក្នុង​ការលក់។ លោក​បន្តថា មិន​ថា​ពេលនេះ ឬ​ពេល​បន្តិចទៀត​នោះទេ ការលក់​អចលនទ្រព្យ​អាចធ្វើ​ឡើង តាមរយៈ​បច្ចេកវិទ្យា​បែប​ទំនើប​ទាំងនេះ​បាន ដោយ​មិនចាំបាច់​អញ្ជើញ​ភ្ញៀវ​មកដល់​ទីតាំង​គម្រោង​ផ្ទាល់​ទៀត​នោះទេ។

ដូច្នេះ​បងប្អូន ត្រូវតែ​ធ្វើការ​ស្វែងយល់​ និងបង្កើន​ចំណេះដឹង​ផ្នែក​នេះ ជាក់ស្តែង​បច្ចុប្បន្ន​អ្នកលក់​ដែល​ជោគជ័យ ក្នុងសម័យ​កាល​នេះ​មួយចំនួន ក៏ត្រូវ​បាន​ជ្រើស​យក​ប្រព័ន្ធ​បច្ចេក​វិទ្យា​ធ្វើជា​ជំនួញ​នៃ​ការលក់​ដែរ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here