ខណ្ឌ​កូនពៅ កំបូល កំពុង​ទាក់ទាញ​ការអភិវឌ្ឍ​លំនៅឋាន​និង​តំបន់ឧស្សាហកម្ម

0

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ជា​ខណ្ឌ​កូនពៅ កំបូល ដែល​កាត់​ចេញពី​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្ដាល និង​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណ្ឌ​នេះ​បាន និង​កំពុង​ទាក់ទាញ​ការវិនិយោគ​លំនៅឋាន ពី​សំនាក់​វិនិយោគិន​ក្នុងស្រុក​ជាច្រើន ដោយមាន​ក្រុមហ៊ុន និង​ម្ចាស់​បុរី​ជាច្រើន​បាន​បណ្ដាក់​ទុនវិនិយោគ ជា​បន្តបន្ទាប់​លើ​លំនៅឋាន សម្រាប់​ផ្ដល់ជូន​ពលរដ្ឋ​ដែលមាន​តម្រូវការ។

នៅក្នុង​ទឹកដី​ខណ្ឌ​មួយ​នេះ គេ​មាន​ឃើញ​គម្រោង​វិនិយោគ លើ​បុរី​របស់​មហាសេដ្ឋី​អចលនទ្រព្យ នៃ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​របស់​អ្នកឧកញ៉ា​ហុង​ពី​វ គម្រោង​អភិវឌ្ឍន៍​បុរី​របស់​អ្នកឧកញ៉ា​ពុង ឃាវ​សេ និង​មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ឯកជន​ជាច្រើន​ទៀត​នៅក្នុង​ទឹកដី​នៃ​ខណ្ឌ​កំបូល។

- Video Advertisement -

បើទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩តាំងពី​ឆ្នាំ ២០២០មក​ក្ដី តែ​ការអភិវឌ្ឍ​លំនៅឋាន​នៅក្នុង​ទឹកដី​ខណ្ឌ​កំបូល ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ នៅតែ​ទទួលបាន​កំណើន​ជា​បន្តបន្ទាប់ ដោយ​មើលឃើញថា​ម្ចាស់​បុរី នៅតែ​បន្ត​សាងសង់​និង​ពង្រីក​គម្រោង​លំនៅឋាន​ជា​លំដាប់ និង​មាន​ការទិញ​ពី​សំណាក់​ពលរដ្ឋ ដែលមាន​តម្រូវការ​ជាក់ស្ដែង។

តាម​អ្នកជំនាញ នៃ​វិស័យ​អចលនទ្រព្យ​ជាច្រើន​បាន​លើកឡើងថា មាន​តម្រូវការ​ទើប​មានការ​ផ្គត់ផ្គង់ មានការ​ទិញ​ទើប​មានការ​លក់ ហើយ​ការអភិវឌ្ឍ​លំនៅឋាន​គឺ​ត្រូវ​មើលទៅ​លើ​ទិសដៅ​និង​ទិស​ខ្យល់ ដែល​វិនិយោគ​កំពុង​សម្លឹងមើល។ នៅ​តំបន់​ប៉ែក​ខាងលិច ក៏មាន​ការអភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង​ជាច្រើន​ផងដែរ។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​ឡាក់​គី រៀល​ធី បាន​លើកឡើងថា តំបន់​ដែលមាន​តម្លៃ​ដី​នៅ​ទាប វិនិយោគិន​អាច​ទិញ​ដើម្បី​អភិវឌ្ឍន៍ យកប្រាក់​ចំណេញ​នៅពេល​ខាងមុខ ។ ដីធ្លី​នៅ​តំបន់​ដែល​ឆ្ងាយ​ពី​ទីក្រុង ពី​កណ្ដាល​ក្រុង​អាចមាន​តម្លៃ​ទាប ហើយ​វា​ស័ក្តិសម​សម្រាប់​ការអភិវឌ្ឍ​ទៅលើ​លំនៅឋាន​ជា​ផ្ទះ​ជាប់​ដី​លក្ខណៈ​បុរី។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើកឡើងថា បច្ចុប្បន្ន​វិនិយោគិន ដែល​ចង់​អភិវឌ្ឍន៍​លំនៅឋាន​ជា​ផ្ទះ​ជាប់​ដី មិនអាច​អភិវឌ្ឍ​នៅ​តំបន់​កណ្ដាល​ក្រុង​បានទេ ដោយសារតែ​ដី​នៅ​កណ្ដាល​ក្រុង​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដូច្នេះ​ពួកគេ​អាច​ទៅរក​តំបន់​នៅ​ជាយក្រុង​ដើម្បី​អភិវឌ្ឍ​វិញ។

ដោយឡែក​ដីធ្លី​តំបន់​កណ្ដាល​ក្រុង គឺ​សម្រាប់​ទុក​អភិវឌ្ឍ​ជា​អគារខ្ពស់ៗដូចជា​អគារ​ពាណិជ្ជកម្ម ខុន​ដូ អា​ផាត់​មិនជា​ដើម ដែល​អាច​រកចំណូលបាន​ច្រើន។

ប្រធាន​សមាគម អចលនទ្រព្យ​សក លោក​សំ សុខ​នឿន​បាន​និយាយថា​ការ​ផ្គត់​ផ្គត់​លំនៅឋាន​បច្ចុប្បន្ននេះ ដូចជា​ចង់​លើសពី​តម្រូវការ​ជាក់ស្ដែង ។

លោក​ថា “អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កាន់តែច្រើន តែ​សួរថា​អ្នក​ដែលមាន​លុយ​ទិញ​ផ្ទះ​ពិតប្រាកដ​មាន​ប៉ុន្មាន​នាក់” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here