IMF: សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ទុះ​ងើបឡើង​លឿន​ជាងគេ​នៅ​តំបន់​អាស៊ានក្នុង​រយៈពេល​មធ្យម​ខាង​មុខ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា កំណើន​ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់​កម្ពុជា​នឹង​កើនឡើង៤,២ភាគរយ​នៅ​ឆ្នាំនេះ និង​កើន​ដល់៦,០ភាគរយ​នៅ​ឆ្នាំ២០២២ ដែល​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​ឆ្នាំក្រោយ។

នៅក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ចពិភពលោក​របស់ IMF ដែល​បានចេញ​ផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ថ្ងៃ​ពុធ​នៅ​កម្ពុជា) IMF បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹងមាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស បំផុត​នៅក្នុង​តំបន់ រហូតដល់​ឆ្នាំ២០២៦ ។

- Video Advertisement -

ដោយសារ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ១៩ IMF បានឱ្យដឹងថា GDP របស់​កម្ពុជា​បាន​ធ្លាក់ចុះ៣,៥ភាគរយ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ​ការធ្លាក់ចុះ​របស់​កម្ពុជា មិន​ដាំ​ក្បាល​ចុះ​ខ្លាំង ដូច​GDP របស់​ហ្វីលីពីន​ធ្លាក់ចុះ៩,៥ភាគរយ ថៃ​ធ្លាក់ចុះ៦,១ភាគរយ ម៉ាឡេស៊ី​ធ្លាក់ចុះ៥,៦ភាគរយ និង​សិង្ហ​បុរី​ធ្លាក់ចុះ៥,៤ ភាគរយ។

បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី ធ្លាក់ចុះ​តិចជាង២,១ភាគរ ខណៈ​សេដ្ឋកិច្ច​ឡាវ​ធ្លាក់ចុះ០.៤ ភាគរយ។

IMF បាន​និយាយថា “សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​ចំនួន​បី​ប៉ុណ្ណោះ មាន​កំណើន​កាលពី​ឆ្នាំមុន ដោយ​មី​យ៉ាន់​ម៉ា មាន​កំណើន៣,២ភាគរយ វៀតណាម​មាន​កំណើន២,៩ភាគរយ និង​ព្រុយ​ណេ​មាន​កំណើន១,២ភាគរយ” ។

សម្រាប់​ឆ្នាំ២០២១ ការព្យាករណ៍​កំណើន GDP កម្ពុជា​ខ្ពស់ជាង​ប្រទេស​ថៃ២,៦ ភាគរយ និង​ខ្ពស់ជាង​ព្រុយ​ណេ១,៦ភាគរយ ហើយ​ប្រៀបធៀប​ជាមួយ​ការព្យាករណ៍​សម្រាប់​ការធ្លាក់ចុះ​ដ៏​ខ្លាំង នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជាមួយនឹង​សេដ្ឋកិច្ច​របស់ខ្លួន​បាន​ធ្លាក់ចុះ៨,៩ភាគរយ។

សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​ចំនួន៦ ត្រូវបាន​ព្យាករណ៍​ថា​នឹង​ខ្ពស់ជាង​កម្ពុជា ដែល​ដឹកនាំ​ដោយ​ហ្វីលីពីន នឹងមាន​កំណើន៦,៩ ភាគរយ ម៉ាឡេស៊ី៦,៥ភាគរយ និង​វៀតណាម៦,៥ ភាគរយ សិង្ហ​បុរី៥,២ ភាគរយ ឡាវ៤,៦ ភាគរយ និង​ឥណ្ឌូណេស៊ី៤,៣ ភាគរយ។

ទោះយ៉ាងណា នៅ​ឆ្នាំ២០២២ កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្ថិត​ក្នុងចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​តំបន់ ដោយ​ស្ថិតនៅ​លំដាប់​ទី៣ ស្មើគ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​កំណើន៦.០ភាគរយ បន្ទាប់ពី​ប្រទេស​វៀតណាម​នឹងមាន​កំណើន៧,២ភាគរយ និង​ហ្វីលីពីន៦,៥ ភាគរយ។

កំណើនសេដ្ឋកិច្ច​ទាប ត្រូវបាន​ព្យាករណ៍​សម្រាប់​ឥណ្ឌូនេស៊ី ដែល​នឹងមាន​កំណើន៥,៨ភាគរយ ឡាវ និង​ថៃ​នឹងមាន​កំណើន៥,៦ ភាគរយ​ដូចគ្នា សិង្ហ​បុរី៣,២ភាគរយ ព្រុយ​ណេ២,៥ ភាគរយ និង​មី​យ៉ាន់​ម៉ា១,៤ភាគរយ។

តាម​ការព្យាករណ៍​រយៈ​ពេល​មធ្យម​របស់ខ្លួន IMF បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹងមាន​កំណើន​លឿន​បំផុត​ក្នុង​តំបន់ ដោយ​សេដ្ឋកិច្ច​នឹង​កើនឡើង៦,៨ភាគរយ នៅក្នុង​ឆ្នាំ២០២៦ ។

IMF ក៏បាន​ព្យាករ​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​រយៈពេល​មធ្យម រឹងមាំ​សម្រាប់​ប្រទេស​វៀតណាម ដែល​នឹង​កំណើន៦,៦ភាគរយ ហ្វីលីពីន៦,៥ ភាគរយ និង​ប្រទេស​ឡាវ៦,០ ភាគរយ។

កំណើនសេដ្ឋកិច្ច​ទាប ត្រូវបាន​ព្យាករ​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹងមាន​កំណើន៥,២ភាគរយ មី​យ៉ាន់​ម៉ា៥,១ ភាគរយ និង​ម៉ាឡេស៊ី៥ ភាគរយ ថៃ៣,៦ភាគរយ សិង្ហ​បុរី២,៥ ភាគរយ និង​ព្រុយ​ណេ២,០ ភាគរយ។

IMF បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ចពិភពលោក​ត្រូវបាន​ព្យាករ​ថា នឹង​ស្ទុះ​ងើបឡើង​វិញ៦,០ភាគរយ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ធ្លាក់ចុះ៣,៣ភាគរយ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ចពិភពលោក ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កម្រិត​មធ្យម​ដល់៤,៤ភាគរយ នៅ​ឆ្នាំក្រោយ និង៣,៣ភាគរយ​នៅ​ឆ្នាំ២០២៦ ។

លោកស្រី​Gita Gopinath ប្រធាន​សេដ្ឋវិទូ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​មានប្រសាសន៍ថា “យើង​ព្យាករ​ថា នឹងមាន​ការ​ងើប​ឡើងវិញ​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ២០២១ និង២០២២ សម្រាប់​សេដ្ឋកិច្ចពិភពលោក បើ​ប្រៀបធៀប​នឹង​ការ​ព្យាករ​ពីមុន​របស់​យើង” ។

លោកស្រី​បាន​ថ្លែងថា “ទោះយ៉ាងណា​ទស្សនវិស័យ បង្ហាញ​ពី​បញ្ហា​ប្រឈម ដែល​គួរឱ្យ​ព្រួយបារម្ភ ទាក់ទង​នឹង​ភាពផ្ទុយ​គ្នា​ក្នុង​ល្បឿន​នៃ​ការ​ងើប​ឡើងវិញ និង​សក្តានុពល​នៃ​ការខូចខាត​ខាង​សេដ្ឋកិច្ច​ពី​វិបត្តិ​នេះ” ។

នៅក្នុង​សន្និសីទកាសែត​លោកស្រី Gopinath បាន​និយាយថា ការធ្វើឱ្យ​ប្រសើរឡើង នៃ​កំណើនសេដ្ឋកិច្ច​សកល សម្រាប់​ឆ្នាំ២០២១ និង​ឆ្នាំ២០២២ភាគច្រើន គឺ​ដោយសារតែ​ការធ្វើឱ្យ​ប្រសើរឡើង សម្រាប់​សេដ្ឋកិច្ច​ជឿនលឿន ជាពិសេស​សហរដ្ឋអាមេរិក។

លោកស្រី​បាន​និយាយថា “នេះ​ធ្វើឱ្យ​សហរដ្ឋអាមេរិក ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​តែមួយគត់ ដែល​បាន​ព្យាករ​ថា​នឹង​កើន​លើស​កម្រិត​GDP ដែល​ខ្លួន​បាន​ព្យាករណ៍​ថា​សម្រាប់​ឆ្នាំ ២០២២ ក្នុងករណី​ដែល​គ្មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩” ។

លោកស្រី​បាន​ថ្លែងថា “ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ផ្សេងទៀត រួមទាំង​តំបន់​អឺរ៉ូ នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ តែ​ក្នុង​ល្បឿន​យឺត​ជាង​នេះ” ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here