ក្រុមហ៊ុនជាតិ អន្តរជាតិចំនួន៥០ស្វែងយល់ពីឳកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

0

          ដោយៈម៉ាណេត

          ភ្នំពេញៈ ក្រុមហ៊ុនជាតិ អន្តរជាតិប្រមាណ៥០ក្រុមហ៊ុន បាននិងកំពុងស្វែងយល់ពីឳកាសវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា ដោយមានការធ្វើបទបង្ហាញដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនតាមរយៈវីដេអូខនហ្វើរិន។កម្មវិធីធ្វើបទបង្ហាញនេះ រៀបចំឡើងដើម្បីចែករំលែកព័ត៌មាន បច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធរបស់កម្ពុជា ក៏ដូចជា ដើម្បីជួយឱ្យវិនិយោគិនបានស្វែងយល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ថ្លែងទៅកាន់ធុរកិច្ចជននាឱកាសនោះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវ ថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លងទៅ បួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវ បេតុងកៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេស ឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

លោកបន្តថា “រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹង ប្រែងកសាងផ្លូវ និងបណ្តាញតភ្ជាប់បន្ថែមទៀត ដែលក្នុងនោះរួមមានគម្រោងជាច្រើនទៀតដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង ដើម្បីកាត់ បន្ថយពេលវេលានៃការដឹកជញ្ជូនពីខេត្តបៃលិន សំឡូតទៅកាន់កំពង់ផែទឹកជ្រៅ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទីបួន គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពី ខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។លោកស៊ុន ចាន់ថុល ក៏បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុននានា អំពីគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន រវាងក្រុមហ៊ុនYCHរបស់ប្រទេសសឹង្ហបុរី និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយអនុលោមតាមផែនការមេភស្តុភារកម្មជាតិ អត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបានធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅផ្លូវការ ចំណេញពេលវេលា និងកម្មវិធី(App)មួយថ្មីទៀតដែលអាចចាប់យករូបភាពយានយន្តបើកបរ ល្មើសច្បាប់ ហើយស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើស។

- Video Advertisement -

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យធុរកិច្ចឯកជនរៀបចំកម្មវិធីអប់រំកម្មករ និយោជិករបស់ខ្លួនឱ្យយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here