ផ្ទៃដីកសិកម្មកាន់តែរួមតូចខណៈគំរោងអភិវឌ្ឍន៍អចលនទ្រព្យកាន់តែរីកសាយ វិស័យកសិម្មរងផលប៉ះពាល់ឬ?

0

ដោយៈរតនៈ

ភ្នំពេញៈ ខណៈដែលការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងតែរីកដុះដាលមិនថានៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត  អ្នកជំនាញផ្នែកនេះ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអះអាងថាវិស័យមួយនេះ បានប៉ះពាល់ដល់់វិស័យឧស្សាហកម្មនៅកម្ពុជា ។

លោកស្រីអាន សុធីតា អ្នកឯកទេសអចលនទ្រព្យមានប្រសាសន៍ឲ្យដឹងតាមទូរស័​ព្ទនារសៀលថ្ងៃទី៨ មេសានេះថា  ការប៉ះពាល់គឺពិតជាមានកាន់តែច្រើន លើវិស័យកសិ​កម្ម ប្រសិនបើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាដីឡូត៍ ផ្ទះល្វែង និង  បុរីជាដើម រីកកាន់់តែច្រើន ព្រោះដីបង្កបង្កើនផលកាន់តែតូចទៅៗ។

តែទោះជាយ៉ាងណាលោកស្រីឲ្យដឹងថា “រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំប្លង់មេអភិវឌ្ឍន៍រួចហើយថា តើតំបន់ណាដែលអាចផ្តល់អទិភាពដល់ការដាំដំណាំ និងតំបន់ណាដែលអាចអភិវឌ្ឍន៍ជាសំណង់ផ្សេងៗ”។ លោកស្រីបន្តថា “ការធ្វើប្លង់មេបែបនេះគឺអាចធ្វើឲ្យកម្ពុជាអាចដើរទន្ទឹមគ្នា ទាំងវិស័យកសិកម្ម និងវិស័យអចលនទ្រព្យ”។

អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី វុឌ្ឍី មានប្រសា​សន៍ថានៅពេលផ្ទៃដីអភិវឌ្ឍន៍ទៅជាដីឡូត៍ ផ្ទះល្វែង និងបុរីកាន់តែរីកដុះដាល ផ្ទៃដីដាំដំណាំក៏កាន់តែរួមតូចដូចនេះ គឺប៉ះពាល់ផ្ទៃបង្កបង្កើនផលកសិកម្ម។

- Video Advertisement -

លោកបន្តថា “ទោះជាយ៉ាងណាវាជាការសម្រេចចិត្ត របស់ប្រជាពលរដ្ឋក្នុងការលក់ដីស្រែ ចម្ការ ទៅឲ្យក្រុមអ្នកអភិវឌ្ឍន៍ទៅជាលំនៅឋាន ប៉ុន្តែគោលដៅរបស់ក្រសួ​ងគឺធ្វើយ៉ាងណាកែច្នៃជីវភាពប្រជាកសិករ តាមរយៈការដាំដុះនេះ ពោលគឺដាំដំណាំឲ្យបានច្រើនរដូវក្នុងមួយឆ្នាំ និងរកដំណាំណាដែលត្រូវនឹងស្ថានដីរបស់គាត់ ព្រមទាំងបានផលមកហើយលក់វិញបានថ្លៃ”។

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០កន្លងមក ការដាំដុះដំណាំសាកវប្បកម្មអនុវត្តន៍បាន១២ ៥៤១ ហិកតា ស្មើនឹង ៣៣,៦១% នៃផែនការ។ រីឯការដាំដុះដំណាំឧស្សាហកម្មវិញ អនុវត្តបានចំនួន ៣៣ ៤៧៧ ហិកតា ស្មើនឹង ៣៩,៤៩% នៃផែនការ។

អ្នកឯកទេសផ្នែកនគរូបនីយកម្ម លោកបណ្ឌិតវ៉ាន់ វ៉ាតបានមានប្រសាសន៍ថា ការរៀបចំប្លង់គោលអភិវឌ្ឍន៍មានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍន៍ស្របតាមស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ជាក់ស្តែងគ្រប់បណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាលបានរៀបចំប្លង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងប្លង់គោលប្រើប្រាស់ដីធ្លីរួចហើយ។

លោកបន្តថា “ការមានប្លង់គោលអភិវឌ្ឍច្បាស់លាស់ នឹងជួយរដ្ឋាភិបាលក្នុងការដាក់ចេញផែនការរៀបចំអភិវឌ្ឍន៍ នៅតំបន់ណាមួយឲ្យមានភាពជាក់លាក់ ហើយវាក៏រួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋផងដែរ”។លោកបន្តថា “នៅពេលតំបន់ណាមួយរៀបចំប្លង់គោលអភិវឌ្ឍន៍រួច តម្លៃដីធ្លីនៅតំបន់នោះនឹងឡលងថ្លៃខ្ពស់”៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here