ដោយៈសហសេវិក
ភ្នំពេញៈ លទ្ឋផលនៃការសិក្សាថ្មីមួយបានបង្ហាញថា ឈាមប្រភេទណាក៏ដោយ ក៏ប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ដូចគ្នា ខណៈមានការស្រាវជ្រាវដែលនិយាយថា ឈាមប្រភេទA មានហានិភ័យខ្ពស់ជាងគេនឹងការឆ្លងមេរោគកូវីដ១៩ និងឈាមប្រភេទO វិញមានហានិភ័យទាបជាងគេ។
ដើម្បីដោះស្រាយចម្ងល់នេះ អ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវជ្រាវទ្រង់ទ្រាយធំមួយចំពោះមនុស្ស១០៧,០០០ នាក់ដែលមានអាយុជាមធ្យម៤២ឆ្នាំ។ ក្រោយមកគេឃើញមានមនុស្សចំនួន ១១០០០នាក់ វិជ្ជមានកូវីដ១៩ និង៩៦០០០នាក់អវិជ្ជមាន។
តាមការស្រាវជ្រាវដែលចេញផ្សាយ កាលពីថ្ងៃទី៥ មេសាកន្លងមកបានរកឃើញថា ក្នុងចំណោមមនុស្ស ដែលតេស្តឃើញវិជ្ជមាននោះ គឺមនុស្សកាន់តែចាស់និងមនុស្សប្រុសមាន ស្ថានភាពគ្លីនិកធ្ងន់ធ្ងរជាងគេ។