ដោយៈសុខហេង
ភ្នំពេញៈ ប្រទេសកម្ពុជា សឹង្ហបុរីគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន លើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម នាពេលឆាប់ៗខាងមុខនេះ ដើម្បីលើកកំពស់និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
តាមរយៈ បទបង្ហាញអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១បានបង្ហាញថា ក្រសួងសាធារណការ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរវាងក្រុមហ៊ុនYCH របស់ប្រទេស សិង្ហបុរី លើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញនាពេលឆាប់ៗខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឲ្យដឹងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញ (PPLC) ដែលគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្បទាន រវាងក្រុមហ៊ុនYCH របស់ប្រទេសសិង្ហបុរី និងក្រសួងសាធារណការ និងដឹកជញ្ជូនខាងមុខនេះ គឺអនុលោមតាមផែនការមេភស្តុភារកម្មជាតិ អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈ។
លោកបន្តថា “ វាក៏រួមចំណែកកាត់បន្ថយចំណាយក្រៅផ្លូវការ ចំណេញពេលវេលា និងកម្មវិធី (App) មួយថ្មីទៀត ដែលអាចចាប់យករូបភាពយានយន្តបើកបរ ល្មើសច្បាប់ ហើយស្កេនលើបណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុទៅតាមស្ថាននៃបទល្មើសថែមទៀត”។ កាលពីចុងឆ្នាំ២០២០កន្លងទៅនេះ គម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាកំពុងពន្លឿនការត្រួតពិនិត្យដើម្បីសម្រេចផងដែរ ដើម្បីរៀបចំកិច្ចព្រមព្រៀង ក្របខណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ធ្លាប់បានឱ្យដឹងដែរថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលគ្រោងនឹងបង្កើតឡើងនេះ លាតសន្ធឹងលើផ្ទៃដីជិត១០០ហិកតាដែលជាទីតាំងយុទ្ធសាស្ដ្រមួយ តភ្ជាប់ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ និងផ្លូវដែកភាគខាងជើង ដែលចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតព្រំដែនប្រទេសថៃ៕