ផ្ទះលំហែធ្វើពីឈើ និងកញ្ចុះឬស្សី ហាក់មានការពេញនិយមកាន់តែខ្លាំង

0

ដោយៈរតនៈ

ភ្នំពេញៈ ខណៈដែលតម្រូវការលំនៅឋាន កាន់តែមានច្រើនតាមបែបផែន និងចំណង់ចំនូលចិត្តរប់ស់អតិថិជន ផ្ទះលំហែដែលធ្វើពីឈើ និងកញ្ចុំអង្គុយលេងធ្វើពីឬស្សី កាន់តែពេញនិយម ព្រោះអតិថិជនភាគច្រើនគឺចូលចិត្តមូតបែបធម្មជាតិ។

លោកឆែម ជីវ័ន្តម្ចាស់សិប្បកម្មធ្វើផ្ទះឈើមួយរូប នៅខេត្តកំពង់ធំ បានប្រាប់Propertyarea តាមទូរសព័្ទនៅថ្ងៃទី៩ ខែ មេសានេះថា លោកបានផ្សព្វផ្សាយការលក់ផ្ទះឈើ ដែលសង់ឡើងតាមរចនាបថខ្មែរនេះ តាមផេកហ្វេសប៊ុក ដើម្បីទទួលបានការគាំទ្រពីអតិថិជន ត្រឹមរយៈពេលទើបតែកន្លះខែនេះប៉ុណ្ណោះ តែអ្វីដែលនឹកស្មានមិនដល់គឺមានអតិថិជនជាច្រើន បានទៅជួបលោក ដើម្បីសួរនាំ និងឲ្យលោកសាងសង់ជូន។

លោកបន្តថា “ចាប់ពីផ្សព្វផ្សាយរហូតមកដល់ពេលនេះ មានអតិថិជនជាង២០រូបហើយ ដែលបានឲ្យលោកសាងសង់ផ្ទះឈើបែបខ្មែរជូន ដោយមានអតិថិជនខ្លះមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងភ្នំពេញជាដើម”។

លោកឆែម ជីវ័ន្តបានបន្តថា គ្រឿងដែលលោកយកមកសាងសង់ផ្ទះនេះ គឺជារបស់ខ្មែរសុទ្ធសាធ ហើយផ្ទះនេះទៀតសោយគឺមានទំហំចាប់បី៣ គុណនឹង៤ រហូតដល់៣គុណនឹង៨ម៉ែត្រ ឯតម្លៃក៏ទៅតាមទំហំ  ម៉ូត និងចម្ងាយផ្លូវដែលត្រូវដឹកជញ្ជូនគឺចាប់ពី២៨០០ដុល្លាសហរដ្ឋអាមេរិកឡើងទៅ។

ជាមួយគ្នានេះ លោក វ៉ាន់ ស៊ីនួន ម្ចាស់សិប្បកម្មធ្វើកញ្ចុំឬស្សីមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បានប្រាប់Propertyareaនៅថ្ងៃដដែលថា រាល់ថ្ងៃគាត់ពិតជាមានភាពរវល់ជាមួយសិប្បកម្មមួយនេះ ព្រោះថាអតិថិជនជាច្រើនបានបញ្ជាទិញ ដើម្បីយកទៅដាក់តាមភោជនីយដ្ឋាន និងតាមគម្រោងដីឡូត៍ ដើម្បីងាយស្រួលពេលដែលគេទៅមើលទីតាំងដីផ្សេងៗ។

លោកបន្តថា “មិនត្រឹមតែម្ចាស់ភោជនីយដ្ឋាន ឬចម្ចាស់ដីឡូត៍ទេ ដែលបានមកបញ្ជាទិញពីលោក សូម្បីម្ចាស់ផ្ទះមួយចំនួនក៏បានបញ្ជាទិញផងដែរ ដោយអតិថិជនទាំងនោះលើកឡើងថា មានភាពត្រជាក់ និងបែបធម្មជាតិ”។

លោក វ៉ាន់ ស៊ីនួន បន្តថា វត្ថុធាតុដើមដែលមានដូចជាឬស្សី និងស្បូវគឺយកមកពីកន្លែងខុសគ្នាគឺស្បូវយកមកពីខេត្តកំពង់ស្ពឺ ចំនែកឬស្សីយកមកពីខេត្តកំពង់ចាម។

- Video Advertisement -

ទំហំដែលអតិថិជននិយមជាងគេ គឺ២,៧ម៉ែត្រ គុណនឹង២ម៉ែត្រ៧ ឯតម្លៃវិញគឺតាមការចចារគ្នា ចាប់ពីតម្លៃ៣៥០ដុល្លាសហរដ្ឋអាមេរិកឡើងទៅ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here