រដ្ឋាភិបាលកម្ពុជាបានវិភាជន៍ថវិកាជាង១១០០លានដុល្លារដើម្បីទប់ស្កាត់កូវីដនិងសង្រ្គោះអាជីវកម្មមួយចំនួន

0

          ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលបង្កើនការចំណាយច្រើនជាងមុន ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះផង និងសង្គ្រោះដល់អាជីវកម្មនៅតាមវិស័យ ដែលតែងតែគាំទ្រដល់សេដ្ឋកិច្ចជាតិផង។

ជាក់ស្ដែងរដ្ឋាភិបាលបានវិភាជន៍ថវិកា ប្រមាណ១,១៦ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២០កន្លងទៅ ដោយក្នុងនោះថវិកា៨២៩លានដុល្លារ បានបើកផ្ដល់រួចហើយ និងប្រមាណជាង៧១៩លានដុល្លារទៀត សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២១ ។នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបលាបានកំពុងរៀបចំដាក់ចេញនូវ ផែនការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ ឆ្នាំ ២០២១-២០២៣ ដោយផ្ដោតសំខាន់លើអភិក្រមចំនួន៣ រួមមាន ១. ការងើបឡើងវិញការរស់រាន ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ច ២. ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្ដោតលើការធ្វើពិពិធកម្ម និងការពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលរូបនីយកម្ម។

ទី៣ ការលើកកម្ពស់ភាពធន់ ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច ធនធានលំហរថវិកា វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិនិងការបង្កើតប្រភពហិរញ្ញប្បទាន ក្នុងស្រុក ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអនាគត ។

លោកAhmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ក្នុងនាមជាADB បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០កន្លងទៅ ហើយកម្ពុជាក៏កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ នៅពេបច្ចុប្បន្ននេះ ។

កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ២៥០លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សាធារណរដ្ឋកូរ៉េ ប្រមាណ៥០លានដុល្លារអាមេរិក​ទៀត នឹងផ្ដល់ជូនកម្ពុជាដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here