ដំណឹងល្អៈរដ្ឋាភិបាលសម្រេចកំណត់ការកែសម្រូលវិធាននៃការបង់ពន្ធប៉ាតង់តាមផលរបរ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបកំណត់ប្រាក់ពន្ធប៉ាតង់ សម្រាប់អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន៤០ម៉ឺនរៀល អ្នកជាប់ពន្ធមធ្យមចំនួន១២០ម៉ឺនរៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ ចំនួន៣លានរៀល និងចំនួន៥លានរៀល ក្នុងករណីដែលមានផលរបរលើសពី១ម៉ឺនលានរៀល។

យោងតាមប្រកាសស្តីពី វិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួងបានសម្រេចកំណត់វិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ លើសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅកម្ពុជា។

ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។

អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី-ខេត្ត ដែលអាជីវកម្មនោះស្ថិតនៅ តាមកម្រិតប្រាក់ពន្ធប៉ាតង់ត្រូវបង់រួមមាន អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន៤០ម៉ឺនរៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន១២០ម៉ឺនរៀល។ ចំណែកអ្នកជាប់ពន្ធធំ ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន៣លានរៀល និងពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន៥លានរៀល ក្នុងករណី ដែលមានផលរបរលើសពី១ម៉ឺនលានរៀល។

ពន្ធប៉ាតង់ ត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ ពន្ធប៉ាតង់ត្រូវបង់នៅរដ្ឋបាលសារពើពន្ធ ដែលអ្នកជាប់ពន្ធមានទីកន្លែងប្រកបអាជីវកម្មពិតប្រាកដ ក្នុងនោះអ្នកជាប់ពន្ធ ដែលចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល៦ខែដើមឆ្នាំ ត្រូវបង់ប្រាក់ពន្ធប៉ាតង់ពេញមួយឆ្នាំ ក្នុងនោះ សម្រាប់ការចាប់ផ្តើមប្រកបអាជីវកម្ម ក្នុងរយៈពេល៦ខែចុងឆ្នាំ អ្នកជាប់ពន្ធត្រូវបង់ប្រាក់ពន្ធប៉ាតង់ពាក់កណ្តាល។

អ្នកជាប់ពន្ធដែលមានទីកន្លែងអាជីវកម្មជាគោលដើម ទីចាត់ការសហគ្រាស សាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់អប្បបរមា សម្រាប់ប្រភេទអ្នកជាប់ពន្ធនីមួយៗ ទៅតាមរាជធានី-ខេត្តដែលអាជីវកម្មនោះស្ថិតនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here