ដោយៈឧត្តម
ប្រទេសចិន: ចំណាត់ការរបស់មហាយក្សចិន នៅក្នុងការផលិតវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នៅប្រទេសអារ៉ាប់រួមអេមីរ៉ាត និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ខ្លួននៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើនសមត្ថភាពផលិតវ៉ាក់សាំងបានកាន់តែច្រើនសម្រាប់ការនាំចេញ ទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៩ មេសា ។
កាលពីខែមុន ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopharm ដែលគ្រប់គ្រងដោយរដ្ឋបានចុះកិច្ចព្រមព្រៀងបណ្ដាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Group 42 មានមូលដ្ឋាននៅក្រុងអាប៊ូដាប៊ី ដែលធ្វើឱ្យប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្លាយជាប្រទេសទី១ ក្រៅពីប្រទេសចិន ដែលផលិតវ៉ាក់សាំងចិន ហើយដំណើរការផលិតនឹងចាប់ផ្ដើមពីខែនេះ។
ដោយឡែក កាលពីថ្ងៃទី២ មេសា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រទេសទី២ ក្រៅពីប្រទេសចិន ដែលផលិតវ៉ាក់សាំង Sinovac របស់ចិន។
សហគ្រាសផលិតឱសថ Bio Farma ដែលគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូនេស៊ី ក៏បានចុះកិច្ចព្រមព្រៀងផលិតវ៉ាក់សាំង Sinovac ដែលបច្ចុប្បន្នខ្លួនកំពុងនាំចូលពីប្រទេសចិន ផងដែរ។ នេះគឺស្រដៀងគ្នា ទៅនឹងក្រុមហ៊ុនឱសថម៉ាឡេស៊ី Pharmaniaga ដែលកាលពីខែមករា បានចុះកិច្ចព្រមព្រៀងជាមួយចិន ដើម្បីផលិតវ៉ាក់សាំង Sinovac ។
វ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ស្ថិតក្នុងចំណោមវ៉ាក់សាំងទាំង៥ដែលក្រសួងសុខាភិបាលចិន អនុម័តឱ្យប្រើប្រាស់នៅក្នុងស្រុក។ បច្ចុប្បន្នមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលរួមមានប្រទេសអារ៉ាប់រួមអេមីរ៉ាត តួកគី និងហុងគ្រី ដែលបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm ចំណែកឯវ៉ាក់សាំង Sinovac ត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសជាច្រើន រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងប្រទេសមួយចំនួនទៀតរួមទាំងប្រទេសកម្ពុជាយើងផងដែរ។
ពេលនេះអង្គការសុខភាពពិភពលោក (WHO) កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអំពីវ៉ាក់សាំងចិន ទាំង២នេះនៅឡើយ មុននឹងឈានដល់ការសម្រេចជាផ្លូវការ ដើម្បីណែនាំឱ្យប្រទេសនានា ប្រើប្រាស់វាដោយគ្មានការព្រួយបារម្ភ។
រហូតមកទល់ពេលនេះ មានតែវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer-BioNTech និងវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ប៉ុណ្ណោះដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ។ ទោះជាយ៉ាងណា ប្រទេសមួយចំនួនបានផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្ដោះអាសន្ន បន្ទាប់ពីនិយ័តករឱសថអឺរ៉ុប រកឃើញថា ការចាក់វ៉ាក់សាំងនេះអាចបណ្ដាលឱ្យកំណកឈាម។
មហាយក្សចិន បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការផលិតវ៉ាក់សាំងរបស់ខ្លួននៅក្នុងបណ្ដាប្រទេសជាដៃគូ ខណៈបណ្ដាក្រុមហ៊ុនឱសថលោកខាងលិច ផ្តោតសំខាន់លើការផលិតវ៉ាក់សាំងរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ទោះបីជាវ៉ាក់សាំង AstraZeneca មួយចំនួនផលិតនៅប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ក្ដី។
ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ី បានផ្តល់អាជ្ញាប័ណ្ណផលិតវ៉ាក់សាំង Sputnik V របស់ខ្លួនដល់រោងចក្រ ផលិតឱសថនានានៅក្នុងប្រទេសឥណ្ឌា ចិន កូរ៉េខាងត្បូង ប្រេស៊ីល និងអឺរ៉ុប៕