ក្រុមហ៊ុន Briand ល្បីៗចំនួន៥ ឈានចូល​ទីផ្សារ​កម្ពុជា​នៅ​ដើមឆ្នាំ២០២១នេះ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ  កម្ពុជា​នៅតែ​បន្ត​ទទួល​ក្រុមហ៊ុន និង​ប្រ៊ែ​ន​អន្តរជាតិល្បីៗជាច្រើន​ចូលក្នុង​ទីផ្សារ នៅក្នុង​ឆ្នាំ២០២១នេះ ទោះបី​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ១៩ ក៏ដោយ។

ជាក់ស្តែង កាលពីពេល​ថ្មីនេះៗ ក្រុមហ៊ុន​និង​ប្រ៊ែ​ន​ល្បី​ទាំង៥ ដែល​ចូល​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ២០២១នេះ មាន​ដូចខាងក្រោម​នេះ៖

ទី១) 7-Eleven៖ ផ្សារ​មី​នី​ម៉ា​ត​ដ៏​ពេញនិយម 7-Eleven កាលពីថ្មីៗនេះ បាន​លើក​ផ្លាក​នៅ​ទីតាំង២កន្លែង ក្នុង​ក្រុងភ្នំពេញ ជាមួយនឹង​សេចក្ដីប្រកាស​មុខ​ការដ្ឋាន ដែល​សរស​រថា «ជួបគ្នា​ទីនេះ ក្នុងពេលឆាប់» ។

បើ​សង្កេត​តាម​ទីតាំង​ជាក់ស្ដែង សាខា​ទី១ គឺ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ជា​លេខ ៥ ម្ដុំ​ព្រែក​ព្នៅ។ រីឯ​មួយ​សាខា​មួយទៀត ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៦ ម្ដុំ​ព្រែកលាប ដែល​សាខា​ទាំងពីរ​នេះ ការដ្ឋាន​កំពុងដំណើរការ​សាងសង់​ផងដែរ។ បច្ចុប្បន្ននេះ 7-Eleven បាន​ដំណើរការ​នៅ ១៨ ប្រទេស​រួចមកហើយ ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទី១៩ ដែលមាន​ហាង 7-Eleven បើក​ដំណើរការ​នៅក្នុង​ឆ្នាំ២០២១នេះ។

ទី២) ក្រុមហ៊ុន Tesla៖ ការិយាល័យ​ក្រុមហ៊ុន Tesla ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក បា​ម​បង្ហាញ​វត្តមាន​នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​រាជធានី​ភ្នំពេញ និង​ជាការ​បើក​ដំណើការ​ក្រុមហ៊ុន​កំពូល​នេះ ជា​លើកដំបូង​នៅក្នុង​តំបន់​អាស៊ាន។

បើ​យោងតាម​របាយការណ៍ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​យក្ស​អាមេរិក​មួយ​នេះ នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១ ខ្លួន​ផលិត​រថយន្ត​បាន​ជាង ១៨០,០០០គ្រឿង និង​បាន​ចែកចាយ​លក់​ប្រមាណ១៨៥,០០០គ្រឿង ទៅ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក។

ទី៣) ក្រុមហ៊ុន Papa John’s International Inc៖ ក្រុមហ៊ុន Papa John’s International Inc បន្ត​ពង្រីក​វត្តមាន​របស់ខ្លួន ជា​សកល​ដោយមាន​ភោជនីយដ្ឋាន​ថ្មី​ចំនួន ១៥ គ្រោង​នឹង​បើក​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​សារព័ត៌មាន​បរទេស valdostadailytimes កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។

លោក Peter Xu អ្នកទទួលបាន Franchise ពី Papa John បាន​និយាយថា៖ «យើង​ពិតជា​រំភើប​ណាស់​ក្នុងការ​នាំយក​ប្រ៊ែ​ន​លំដាប់​ពិភពលោក Papa John មកកាន់​ប្រទេស​កម្ពុជា។ យើង​នឹង​ផ្តល់ជូន​អ្នក​ចូលចិត្ត​ភី​ហ្សា​ក្នុងស្រុក ជាមួយនឹង​ផលិតផល​ដែលមាន​គុណភាព និង​សេវាកម្ម​ដ៏​ល្អ» ។

ទី៤) Gong Cha៖ កាលពី៤ ឬ៥ឆ្នាំមុន អ្នក​ទាំងអស់គ្នា​ច្បាស់ ជា​នឹកឃើញ​ដល់​ហាង​តែ​គុជ ដ៏​ល្បី​ដែលមាន​ភេសជ្ជៈឆ្ងាញ់ៗ មួយ​នេះ​មិន​ខាន​ដែលមាន​ឈ្មោះថា Gong cha Cambodia។ Gong cha Cambodia គឺជា​ហាង​តែ​គុជ​ពី​ប្រទេស​តៃវ៉ាន់ ដែល​បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ២០១៣ ។ ប៉ុន្តែ Gong cha ក៏បាន​ដកខ្លួន​ចេញ​វិញ ក្នុង​ឆ្នាំ២០១៦ ។

ទី៥) Paris Baguette៖ ហាង​នំ​បុ័ង និង​កាហ្វេ Paris Baguette ដ៏​ល្បីល្បាញ​លំដាប់​ខ្ពស់​ថ្នាក់​អន្តរជាតិ​របស់​ប្រទេស​កូរ៉េ បានសម្រេច​ចិត្ត​ចូល​ទីផ្សារ​កម្ពុជា ដោយ​ចាប់ដៃ​គូរ​សហការ​ជាមួយ​ក្រុមហ៊ុន HSC គ្រុប​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​នូវ​ភាពជោគជ័យ ក្នុងការ​នាំយក​នូវមុខ​ជំនួញ​យីហោ​អន្តរជាតិ ខាង​ផ្នែក​ម្ហូបអាហារផ្សេងៗទៀត​មក​ប្រទេស​កម្ពុជា រូ​ម​មាន Burger King និង Crystal Jade ។

Paris Baguette គឺជា​ហាង​នំ​បុ័ង​ចំណាត់ថ្នាក់​លេខ១ ដែល​បង្កើត​និង​នាំយក​នូវ​សិល្បៈ វប្បធម៌ និង​បែបផែន​នៃ​ការដុត​នំ នៅ​ប្រទេស​កូរ៉េ​ចាប់តាំងពី​ឆ្នាំ១៩៨៨ មកម្ល៉េះ ហើយ​ឥឡូវនេះ យីហោ​មួយ​នេះ​នៅតែ​នាំមុខគេ​ខាង​ផ្នែក​សិល្បៈ និង​បែបផែន​នៃ​ការដុត​នំ​តាមបែប​អឺរ៉ុប។ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ទី៧ សម្រាប់ Paris Baguette បន្ទាប់ពី ប្រទេស​កូរ៉េ ចិន សិង្ហ​បុរី វៀតណាម និង​បារាំង ដែល​យីហោ​មួយ​នេះ​មាន​ហាង​ជាង ៤ពាន់​កន្លែង​ជុំវិញ​ពិភពលោក។

ហាង​ដំបូងបង្អស់​របស់​យីហោ​នេះ មាន​ទីតាំងនៅ​ចំណុចកណ្តាល នៃ​រាជធានី​ភ្នំពេញ ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ៣ ផ្លូវ៣១០ សង្កាត់​បឹង​កេងកង១ ហើយ​នឹងមាន​គម្រោង​បើក​ដំណើរការ​នៅក្នុង​ខែមេសា ឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here