ដំណឹងល្អ! សភាពាណិជ្ជកម្មអឺរ៉ុប ចាប់ផ្តើមចាប់អារម្មណ៍ពីទីផ្សារកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅទីបំផុតសហភាពអឺរ៉ុប បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនង និងបង្កើនទំហំពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការបើកការតាំងពិព័រណ៍ផលិតផល​មកពីអឺរ៉ុបនៅចុងខែមិថុនានេះ។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពី​ការតាំងពិព័រណ៍ផលិតផល​មកពីអឺរ៉ុប (EuroFair) នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា នេះគឺជាលើកទីមួយដែលព្រឹត្តការណ៍នេះរៀបចំឡើង ក្នុងគោ​ល​បំណងជំរុញពង្រីក និងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងអឺរ៉ុប សម្រាប់បច្ចុប្បន្នកាលក៏ដូជាសម្រាប់អនាគតកាល។ លោកបន្តថា ក្នុងព្រឹត្តិកា​រណ៍នោះ មានក្រុមហ៊ុនប្រមាណជាង​៤០​មកពីអឺរ៉ុប​ នឹង​នាំផលិត ផល​ ​ដូចជា គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាសុខាភិបាល គ្រឿងម៉ាស៊ីន ម្ហូបអាហារ និង​ផលិតផលជាច្រើនទៀត មកចូលរួ​ម​បង្ហាញ​ពិព័រណ៌នេះ។

ពិព៌ណនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ​នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។

លោក Arnaud DARC បានបន្តថា នេះគឺជាឱកាសមួយដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់ ដែលអាចមកជួបគ្នាស្វែងយល់ឲ្យបានកាន់តែច្រើនឡើងអំពីបណ្តាប្រទេសនៅអឺរ៉ុប ដែលផលិតនិងផ្តល់សេវាកម្មនានា ជូនអ្នកប្រើប្រាស់ទាំងនៅកម្ពុជា ក៏ដូចជានៅបរទេស។

ព្រឹត្តការណ៍ពិព័រណ៍ខាងលើនេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ឧបត្ថម្ភដោយក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports)។ ព្រឹត្តិការណ៍នេះដែរ ក៏នឹងមានការអញ្ញើញចូលរួមពីសភាពាណិជ្ជកម្មជាតិនៃបណ្តាប្រទេ​សនៅអឺរ៉ុប និងសមាគមធុរកិច្ចចំនួន៥នៅកម្ពុជាផងដែរ រួមមាន សភាពាណិជ្ជកម្មបារំាង សភាពាណិជ្ជកម្មអាល្លឺម៉ង់ សភាពាណិជ្ជអង់គ្លេស សភាពាណិជ្ជកម្មអ៊ីតាលី និងសភាពាណិជ្ជកម្មកម្មអឺរ៉ុបខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here