ប្រធាន GRA ៖ សម័យកាល​កូ​វីដ​ជា​ឱកាសល្អ​សម្រាប់​អ្នកទិញ ប៉ុន្តែ​មិនមែនជា​ពេល​សម្រាប់​អ្នកលក់​អចលនវត្ថុ​នោះទេ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​បរិបទ​នៃ​ស្ថានភាព​ប្រឈម ទៅនឹង​វិបត្តិ​កូ​វី​ដដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​វិស័យ​នានា​ជាច្រើន រាប់ទាំង​សេដ្ឋកិច្ចជាតិ​ផងដែរ​នោះ សម្រាប់​ទីផ្សារ​អចលនទ្រព្យ ឬ​ការទិញ​លក់​អចលនវត្ថុ នៅតែ​បន្ត​មាន​សកម្ម​ភាពជា​បន្តបន្ទាប់។

សកម្មភាព​ទាំងនេះ អាច​កើតមានឡើង​រវាង​អ្នក ដែលមាន​តម្រូវការ​សាច់ប្រាក់​ដែលជា​ម្ចាស់​អចលនវត្ថុ និង​អ្នកទិញ​ដែលមាន​ទុន​គ្រប់គ្រាន់ សម្រាប់​វិនិយោគ​បន្ត​ក្រោយពេល​វិបត្តិ​ត្រូវ​បញ្ចប់។

ប្រធាន​សមាគមន៍​អចលនទ្រព្យ​សកល GRA លោក​សំ សុខ​នឿន បាន​ប្រាប់ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ថ្វី​ត្បិត​ទីផ្សារ​អចលនទ្រព្យ​រួម បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​ដូច​វិស័យ​ដទៃ ប៉ុន្តែ​សម្រាប់​ការទិញ​លក់​អចលនវត្ថុ​មួយចំនួន​នៅតែ​បន្ត​មាន​សកម្មភាព។

នៅក្នុង​កំឡុង​ពេលនេះ នៅក្នុង​ការទិញ​លក់​ភាគច្រើន កើតមាន​ដោយសារតែ​អ្នក​ដែលមាន​តម្រូវការ​សាច់ប្រាក់​បង្វិល​ជា​ចាំបាច់ និង​អ្នកមាន​លុយ​ដែល​រង់ចាំ​ទិញ​អចលនវត្ថុ​តម្លៃ​ទាប។

លោក​សំ សុខ​នឿន​បាន​បញ្ជាក់ថា “កូ​វីដ១៩ បានធ្វើឱ្យ​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​លើ​មនុស្ស ក៏ដូចជា​អ្នករកស៊ី​ជាច្រើន” ។

លោក​បន្តថា ពេលនេះ​អាច​និយាយបានថា វា​ជា​ឱកាស​សម្រាប់​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​ស្វែងរក ឬ​រង់ចាំ​ទិញ​អចលនវត្ថុល្អៗ ដែលមាន​តម្លៃ​ទាប សម្រាប់​ទុក​វិនិយោគ​បន្ត យកចំណេញ​ច្រើន​នៅក្រោយ​ពេលដែល​វិបត្តិ​មួយ​នេះ បានបញ្ចប់។ ប៉ុន្តែ​នៅក្នុង​ឱកាស​នេះ វា​មិនមែនជា​វេលា​ល្អ សម្រាប់​ម្ចាស់​អចលនវត្ថុ ក្នុង​ការលក់​ចេញ​នោះទេ។ នៅពេលដែល​ទីផ្សារ គ្មាន​អ្នកទិញ​ច្រើន តម្លៃនឹង​ត្រូវបាន​ចុះ​ទាប ដូច្នេះ​វា​អាច​កើតមាន​ចំពោះ​អ្នក​ដែល​ត្រូវការ​សាច់ប្រាក់​ចាំបាច់ បើទោះជា​ត្រូវ​លក់​ទាំង​ខាត​តម្លៃ​ដើម ក៏​ត្រូវតែ​បង្ខំចិត្ត​លក់​ដែរ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​សំ សុខ​នឿន​ក៏បាន​បន្ត​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​ទីផ្សារ​អចលនទ្រព្យ​កម្ពុ ជា​គឺ​ពិតជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ រហូត​ធ្វើឱ្យ​គម្រោង​សាងសង់​មួយចំនួន បង្ខំចិត្ត​ផ្អាក​ដំណើរការ ប៉ុន្តែ​ក៏មាន​គម្រោងធំៗផ្សេងទៀត​នៅតែ​បន្តសកម្មភាព​សាងសង់​ដដែល គ្រាន់តែ​បន្ថយល្បឿន​តែប៉ុណ្ណោះ។

លោក​បន្តថា គម្រោង​ដែល​នៅតែ​បន្ត​សាងសង់​រួមមាន ដូចជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម ក្រោម​ការវិនិយោគ​ពី​អ្នក​ក្នុងស្រុក និង​គម្រោងធំៗផ្សេងទៀត​ជា​គម្រោង​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here