ដោយៈគង់ សូរិយា
ភ្នំពេញ ស្របពេលការអភិវឌ្ឍកាន់តែងាកចេញពីរាជធានីភ្នំពេញ តំបន់ជាច្រើននៅជុំវិញទីក្រុងនេះ នឹងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាក់ស្តែងស្រុកឧត្តុងនិងស្រុកពញ្ញាឮ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគនានា។
ជាក់ស្តែងសកម្មភាពពុះដីឡូត៍លក់ បានរីករាលដាលដូចពពុះសាប៊ូ នៅតាមតំបន់ផ្លូវលេខ៥១ ដែលជាផ្លូវក្រវ៉ាត់ក្រុងនាពេលអនាគត ហើយសកម្មភាពអភិវឌ្ឍន៍និងពុះដីឡូត៍លក់បានរីកទៅតំបន់ឆ្ងាយៗពីផ្លូវដ៏សំខាន់នេះ។
ស្ថាបនិក និងអគ្គនាយកគេហទំព័រអចលនទ្រព្យឈានមុខគេ Propertyarea លោកលាងគង់ យិន ដែលជាអ្នកតាមដានសកម្មភាពអភិវឌ្ឍន៍ និងដំនើរវិវត្តន៍នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នតំបន់ភ្នំប្រសិទ្ឋមានភាពទាក់ទាញការវិនិយោគលំនៅដ្ឋាន បុរី បណ្តើរៗហើយ ដោយសារវាជាទីតាំងដែលមានភូមិសាស្ត្រកៀកនឹងរាជធានីភ្នំពេញបំផុត ពិសេសបច្ចុប្បន្នអាគារការិយាល័យក្រសួង ស្ថាប័នរដ្ឋជាច្រើនបាននិងកំពុងសាងសង់នៅតំបន់បឹងតាមោឃ ដែលមានទីតាំងកៀកគ្នានឹងតំបន់នេះ។
លោកបន្តថា “ក្រោយពេលក្រសួង មន្ទីរនិងស្ថាប័នជាតិធំៗជាច្រើនសាងសង់ចប់ មន្ត្រីរាជការដែលធ្វើការនៅតំបន់នោះ នឹងស្វែងរកលំនៅដ្ឋាននៅតំបន់ ជុំវិញភ្នំប្រសិទ្ឋកាន់តែច្រើន ដើម្បីងាយស្រួលមកបំពេញការងារផង និងងាយស្រួលស្នាក់នៅផង” ។
ជាមួយគ្នានេះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋផ្លូវលេខ៥១ និងផ្លូវជាតិលេខ៥ និងផ្លូវលេខ១៥១ (ចេញពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំប្រសិទ្ធ) និងផ្លូវខ្វាត់ខ្វែងជាច្រើនទៀត បាននិងកំពុងធ្វើឲ្យស្រុកទាំងពីរនេះ ទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកវិនិយោគជាតិ អន្តរជាតិ ស្របពេលតម្លៃដីធ្លីនៅតំបន់នេះស្ថិតក្នុងតម្លៃសមរម្យនៅឡើយ។
លោកយិន លាងគង់បានបន្តថា “ខ្ញុំសង្កេតឃើញថា តម្លៃដីធ្លីមានភាពសមរម្យនាពេលបច្ចុប្បន្ន តែមិនអាចទិញបានទេ នារយៈពេលបីឆ្នាំទៅ៥ឆ្នាំខាងមុខនេះ ដោយសារក្រុងភ្នំពេញកាន់តែរីកធំ ចំនួនប្រជាជនកើនឡើងកាន់តែច្រើន” ។ លោកបន្តថា “ហេតុនេះសកម្មភាពនៃការវិនិយោគ និងការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងពង្រីកទៅតំបន់នោះកាន់តែច្រើននាពេលអនាគត” ។
លោកបន្តថា សណ្ឋានដី និងលក្ខខ័ណ្ឌអាកាសធាតុ នៅតំបន់នេះមានភាពល្អប្រសើរ ពិសេសមានរមណីយដ្ឋានសម្រាប់លំហែរនៅជុំវិញ បាននិងកំពុងធ្វើឲ្យតំបន់នេះ ស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគនាពេលអនាគត។
បច្ចុប្បន្នតម្លៃដីធ្លីនៅជុំវិញតំបន់នេះ ពិសេសតំបន់ភ្នំប្រសិទ្ឋមានកើនឡើងតម្លៃរួចទៅហើយ ដែលដីនៅតំបន់នោះមានតម្លៃចន្លោះពី១៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រអាស្រ័យលើទីតាំង និងលក្ខខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ឋនានា។
លោកបណ្ឌិតគីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តំបន់ភ្នំប្រសិទ្ឋក្នុងស្រុកពញ្ញាឮ និងស្រុកឧត្តុងមានសក្តានុពលខ្ពស់នាពេល អនាគត ដោយសារជាតំបន់ស្ថិតនៅកៀកទីក្រុងភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ និងមានសណ្ឋានដីខ្ពស់ ដែលមិនប្រឈមមុខនឹងការលិចលង់នាពេលអនាគត។
លោកបន្តថា “ខ្ញុំគិតថាតំបន់នេះនឹងមានការរីកចម្រើនលឿន នៅក្នុងរយៈពេលបីទៅ៥ឆ្នាំខាងមុខ ដោយសារលក្ខខ័ណ្ឌមួយចំនួនខាងលើ” ។
ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានផ្តល់អនុសាសន៍ឲ្យអ្នកវិនិយោគនានា សាងសង់លំនៅដ្ឋានតម្លៃមធ្យមនៅតំបន់នោះ ដោយសារជាតំបន់ស្ថិតនៅក្បែរទីក្រុង និងមិនមានការបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនោះទេ៕