ដោយ សុខុម
អាមេរិក: អគារ Burj Khalifa ដែលមានកម្ពស់សរុបរហូតដល់ទៅ៨២៩,៨ម៉ែត្រនៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងតំបន់មជ្ឈិមបូព៌ា (Middle East) ជាស្ថាបត្យកម្មដ៏កំពូល និងល្បីរន្ទឺដែលជាប់ឈ្មោះអគារកប់ពពកខ្ពស់បំផុតក្នុងលោក។
ប៉ុន្តែអ្នកទាំងអស់គ្នាប្រហែលជាមិនបានដឹងថា តើកំពូលស្ថាបត្យកររូបណាជាអ្នកឌីហ្សាញអគារកប់ពពកខ្ពស់បំផុតក្នុងលោកនេះឡើយ។ អញ្ចឹងតោះ! មកស្គាល់ពីប្រវត្តិរបស់កំពូលស្ថាបត្យកររូបនោះទាំងអស់គ្នា!
អគារនេះត្រូវបានឌីហ្សាញឡើងដោយកំពូលស្ថាបត្យករជនជាតិអាមេរិក លោក Adrian D. Smith មកពីក្រុមហ៊ុនស្ថាបត្យកម្ម នគរូបនីយកម្ម និងវិស្វកម្មពិភពលោក Skidmore, Owings & Merrill (SOM) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
*កុមារវ័យ និងប្រវត្តិអប់រំ
លោក Adrian D. Smith បានប្រសូតនៅថ្ងៃទី១៩ សីហា ឆ្នាំ១៩៤៤ (បច្ចុប្បន្នវ័យ៧៧ឆ្នាំ) នៅក្នុងទីក្រុងឈីកាហ្គោ (Chicago) រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក។ នៅអាយុ៤ឆ្នាំ ក្រុមគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ហើយលោកក៏ធំដឹងក្ដីនៅទីនោះ។ ដោយសារតែលោកមាននិស្ស័យស្រលាញ់គូររូបតាំងពីតូច ម្ដាយរបស់លោកក៏បានជំរុញឱ្យលោកចាប់យកជំនាញផ្នែកស្ថាបត្យកម្ម។
លោក Adrian D. Smith បានបន្តការសិក្សានៅសាកលវិទ្យាល័យ Texas A&M University ថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម ខណៈពេលដែលលោកចូលរួមក្នុងសមាគមនិស្សិតយោធានៅសាកលវិទ្យាល័យនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចប់ការសិក្សាត្រឹមត្រូវទេនៅពេលនោះ ហើយបានចាប់ផ្ដើមចូលធ្វើការនៅក្រុមហ៊ុនស្ថាបត្យកម្ម នគរូបនីយកម្ម និងវិស្វកម្មពិភពលោក Skidmore, Owings & Merrill (SOM) ក្នុងឆ្នាំ១៩៦៧ ។ ក្រោយមក លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យស្ថាបត្យកម្ម និងសិល្បៈ Chicago College of Architecture and Arts នៃសាកលវិទ្យាល័យ University of Illinois ក្នុងឆ្នាំ១៩៦៩ ។ ក្នុងឆ្នាំ២០១៣ លោកទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស (Honorary Doctorate of Letters) ពីសាកលវិទ្យាល័យ Texas A&M University ។
*ការចូលប្រឡូកក្នុងអាជីពការងារ
លោក Adrian D. Smith បានចំណាយពេលធ្វើការជាច្រើនឆ្នាំនៅក្រុមហ៊ុន Skidmore, Owings & Merrill (SOM) ក្នុងទីក្រុងឈីកាហ្គោ ដោយចាប់ផ្តើមក្នុងឆ្នាំ១៩៦៧ ហើយបានក្លាយដៃគូសហការផ្នែកឌីហ្សាញពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០០៣ និងជាដៃគូសហការផ្នែកផ្ដល់ប្រឹក្សាខាងឌីហ្សាញពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ ។ ក្នុងឆ្នាំ២០០៦ លោកបានបង្កើតក្រុមហ៊ុនស្ថាបត្យកម្ម និងឌីហ្សាញខ្នាតអន្តរជាតិមួយដោយដាក់ឈ្មោះថា Adrian Smith + Gordon Gill Architecture (AS+GG)។ ក្នុងឆ្នាំ២០០៨ លោកបានរួមគ្នាបង្កើតក្រុមហ៊ុនមួយទៀតមានឈ្មោះថា PositivEnergy Practice (PEP) ដែលមានឯកទេសខាងវិស្វកម្មបរិស្ថាន នៃស្ថាបត្យកម្មសន្សំសំចៃថាមពលខ្ពស់។
*ពានរង្វាន់ដែលលោកទទួលបាន
គម្រោងនានាដែលលោក Adrian D. Smith ឌីហ្សាញ បានឈ្នះពានរង្វាន់រហូតដល់ទៅ១២៥ ដោយក្នុងនោះរួមមានពានរង្វាន់អន្តរជាតិចំនួន៥ ពានរង្វាន់ចំនួន៩ពីវិទ្យាស្ថាន National American Institute of Architects ពានរង្វាន់ State and Chicago AIA Awards ចំនួន៣៥ និងពានរង្វាន់ Urban Land Institute Awards for Excellence ចំនួន៣ ។ ស្នាដៃរបស់លោកនៅក្រុមហ៊ុន Skidmore, Owings & Merrill (SOM) មានយ៉ាងច្រើននៅតាមសារមន្ទីរក្នុងសហរដ្ឋអាមេរិក អាមេរិកខាងត្បូង អឺរ៉ុប អាស៊ី និងតំបន់មជ្ឈិមបូព៌ា។ លោកក៏ជាសមាជិកជាន់ខ្ពស់នៃបណ្ដាញអ្នកជំនាញឈានមុខគេផ្នែកឌីហ្សាញ និងការសាងសង់អន្តរជាតិមួយដែលមានឈ្មោះថា Design Futures Council ផងដែរ។
*គម្រោងធំៗទូទាំងពិភពលោកដែលលោកបានបញ្ចប់ជាស្ថាពរ
– សាលពិព័រណ៍ Expo 2017 បញ្ចប់ក្នុងឆ្នាំ២០១៧ នៅប្រទេសកាហ្សាក់ស្ថាន
– អគារ Waldorf Astoria Beijing បញ្ចប់ក្នុងឆ្នាំ២០១៤ នៅប៉េកាំង ប្រទេសចិន
– អគារ FKI Tower បញ្ចប់ក្នុងឆ្នាំ២០១៣ នៅសេអ៊ូល កូរ៉េខាងត្បូង
– ការធ្វើផែនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន Chicago Central Area Decarbonization Plan បញ្ចប់ក្នុងឆ្នាំ២០១១ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ Pearl River Tower បញ្ចប់ក្នុងឆ្នាំ២០១១ នៅគ័ងចូវ ប្រទេសចិន
– អគារកប់ពពក Burj Khalifa បញ្ចប់ក្នុងឆ្នាំ២០១០ នៅឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត
– អគារ Zifeng Tower បញ្ចប់ក្នុងឆ្នាំ២០១០ នៅណានជីង ប្រទេសចិន
– អគារ Trump International Hotel and Tower បញ្ចប់ក្នុងឆ្នាំ២០០៩ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ Broadgate Tower បញ្ចប់ក្នុងឆ្នាំ២០០៩ នៅក្រុងឡុងដ៍ អង់គ្លេស
– អគារ Chemsunny Plaza បញ្ចប់ក្នុងឆ្នាំ២០០៨ នៅប៉េកាំង ប្រទេសចិន
– ថែវឧទ្យាន Jubilee Park Pavilion បញ្ចប់ក្នុងឆ្នាំ២០០៤ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស
– អគារ Tower Palace III បញ្ចប់ក្នុងឆ្នាំ២០០៤ នៅសេអ៊ូល កូរ៉េខាងត្បូង
– អគារទីស្នាក់ការកណ្ដាលធនាគារអន្តរជាតិ Canary Wharf បញ្ចប់ក្នុងឆ្នាំ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស
– អគារ 601 Congress Street, Manulife Financial បញ្ចប់ក្នុងឆ្នាំ២០០៣ នៅប៊ូស្តុន សហរដ្ឋអាមេរិក
– អគារ General Motors Renaissance Center បញ្ចប់ក្នុងឆ្នាំ២០០៣ នៅសហរដ្ឋអាមេរិក
– ការធ្វើផែនការមេនៃឧទ្យាន Millennium Park និង Millennium Park បញ្ចប់ក្នុងឆ្នាំ២០០២ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ Sede do BankBoston បញ្ចប់ក្នុងឆ្នាំ២០០២ នៅប្រេស៊ីល
– អគារសាកលវិទ្យាល័យ Washington University Arts and Sciences បញ្ចប់ក្នុងឆ្នាំ២០០០ នៅសហរដ្ឋអាមេរិក
– អគារ Jin Mao Tower បញ្ចប់ក្នុងឆ្នាំ១៩៩៨ នៅសៀងហៃ ប្រទេសចិន
– អគារសាកលវិទ្យាល័យ Washington University Psychology បញ្ចប់ក្នុងឆ្នាំ១៩៩៦ នៅសហរដ្ឋអាមេរិក
– គម្រោង Summer of New Hope – Warren Blvd Project បញ្ចប់ក្នុងឆ្នាំ១៩៩៦ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ Aramco Headquarters Office បញ្ចប់ក្នុងឆ្នាំ១៩៩៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត
– អគារ 10 Ludgate Place បញ្ចប់ក្នុងឆ្នាំ១៩៩២ នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស
អគារ USG Building (បច្ចុប្បន្នជាអគារ AT&T Corporate Center) បញ្ចប់ក្នុងឆ្នាំ១៩៩១ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ NBC Tower បញ្ចប់ក្នុងឆ្នាំ១៩៨៩ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ Rowes Wharf បញ្ចប់ក្នុងឆ្នាំ១៩៨៨ នៅប៊ូស្តុន សហរដ្ឋអាមេរិក
– អគារ Olympia Centre បញ្ចប់ក្នុងឆ្នាំ១៩៨៦ នៅឈីកាហ្គោ សហរដ្ឋអាមេរិក
– អគារ United Gulf Bank Building បញ្ចប់ក្នុងឆ្នាំ១៩៨៦ នៅប្រទេសបារ៉ែន
– អគារ Banco de Occidente បញ្ចប់ក្នុងឆ្នាំ១៩៨០ នៅប្រទេសក្វាតេម៉ាឡា៕