ក្រុមហ៊ុនសិង្ហបុរីពីរចាប់ដៃគ្នាអភិវឌ្ឍរោងចក្រផលិតបន្ទះបេតុងនៅកម្ពុជា

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (HLHA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយក្រុមហ៊ុន Joe Green ដើម្បីអភិវឌ្ឍរោងចក្រផលិតបន្ទះបេតុងនៅកម្ពុជា។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore កាលពីថ្មីៗនេះ។

កិច្ចសហការរួមគ្នាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Joe Green ដែលមានមូលដ្ឋានៅសិង្ហបុរីនេះ ក្នុងការបង្កើតរោងចក្រផលិតបន្ទះបេតុងទម្ងន់ស្រាល នៅក្នុងតំបន់សម្ភារៈសំណង់ ដែលមានទីតាំង ស្ថិតនៅក្នុងគម្រោងទីក្រុងឱរ៉ាល់ (Aoral Eco-City) របស់ក្រុមហ៊ុន HLHA នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន HLHA កាលពីថ្ងៃទី៩ ខែមីនាបានទទួលការយល់ព្រមជាគោលការណ៍ ដើម្បីអភិវឌ្ឍទីក្រុងនេះ ដែលស្ថិតនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

- Video Advertisement -

ក្រុមហ៊ុន Joe Green គឺជាក្រុមហ៊ុនផលិតបន្ទះបេតុង ដែលមានទំងន់ស្រាល និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងសាងសង់អាគារ និងសំណង់។

តាមកិច្ចព្រមព្រៀង ក្រុមហ៊ុន HLHA នឹងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនJoe Green ប្រើប្រាស់ដីទំហំ ២០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង Aoral Eco-City ដើម្បីអភិវឌ្ឍសាងសង់ និងដំណើរការរោងចក្រផលិត។ រយៈពេលនៃកិច្ចសហប្រតិបត្តិការនឹងមានរយៈពេល៣ឆ្នាំគិតចាប់ពីថ្ងៃ ដែលមានការព្រមព្រៀងជាមួយជម្រើសនេះ (ចុងខែមីនា ឆ្នាំ២០២១)។

កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតក្រុមហ៊ុន Joe Green ផ្គត់ផ្គង់បន្ទះបេតុងទម្ងន់ស្រាល ដល់គម្រោងអភិវឌ្ឍណ៍អចលនទ្រព្យ របស់ក្រុមហ៊ុន Hong Lai Huat ដែលកំពុងសាងសង់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា ការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តក៏នឹងបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនក្នុងស្រុកដែរ។

លោក Ong Jia Jing នាយកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន Joe Green ដែលជាអ្នកត្រួសត្រាយ មានបទពិសោធជាច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មបន្ទះបេតុងទម្ងន់ស្រាល ជាក្រុមហ៊ុនដំបូងគេដែលបានចូលទៅក្នុងគម្រោង Aoral Eco-City របស់យើង”។

លោកបានបន្តថា “យើងជឿជាក់ថាភាពជាដៃគូនេះ នឹងផ្តល់ផលប្រយោជន៍ដល់ទាំងក្រុមហ៊ុន និងក្រុមហ៊ុន Joe Green ពីព្រោះវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកំពុងអភិវឌ្ឍនិងរីកចម្រើនយ៉ាងឆាប់រហ័ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here