គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរខេត្តកោះកុងត្រូវបានពន្យាពេល

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលហើយ ដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ ឧសភានេះថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ដែលគ្រោងបើកដំណើរការនៅខែមិថុនាខាងមុខនេះ អាចពន្យាពេលចន្លោះពី២ទៅ៣ខែ ដោយសារជំងឺកូវីដដែលបានឆ្លងចូលសហគមន៍។

លោកបន្តថា “ការពន្យាពេលនេះ ជាប់ពាក់ព័ន្ឋនឹងការធ្វើដំណើរចេញចូល ព្រលាននេះ ទាក់ទងនឹងការនាំសម្ភារៈចេញចូល និងអ្នកបច្ចេកទេសមិនអាចធ្វើដំណើរមកបាន”។លោកបន្តថា “ធម្មតាមុនបើកដំណើរការព្រលានយន្តហោះ តែងតែត្រូវធ្វើតេស្ត ដោយអ្នកជំនាញ តែពេលនេះអ្នកជំនាញពិបាកធ្វើដំណើរ ដោយសារជាប់ចត្តាឡីស័ក ប្រសិនជាពួកគេមកកាន់កម្ពុជា”។

- Video Advertisement -

ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងជាព្រលានលំដាប់អន្តរជាតិ ដែលអ្នកអភិវឌ្ឈន៍គំរោងនេះបានអះអាងថា ព្រលានយន្តហោះនេះ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះអន្តរទ្វីបបាន ដែលនាពេលអនាគតក្រុមហ៊ុននេះ នឹងអាចភ្ជាប់ការហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស និងបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបដទៃទៀត។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនធ្លាប់បានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ នៅពេលបើកដំណើរការនឹងលើកកំពស់សក្តានុពលខេត្តកោះកុងខ្លាំង ពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបន្តថា “ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មេះជាតិយ៉ាងខ្លាំង ដែលបច្ចុប្បន្នយើងមិនទាន់ទាញយកផលប្រយោជន៍ ពីសក្តានុពលរបស់ខេត្តនេះបាន​ច្រើននៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here