ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនពហុជាតិសាសន៍ បាននិងកំពុងពន្លឿនការសាងសង់គំរោងរបស់ខ្លួននៅតំបន់ទឹកថ្លា ស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ី ដោយប្រែក្លាយតំបន់ដែលធ្លាប់ជារោងចក្រ សហគ្រាសទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។
ក្រុមហ៊ុនពហុជាតិសាសន៍ទាំងនោះ រួមមាន ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនជប៉ុន។
ក្រុមហ៊ុនBOOYOUNG TOWN
ក្រុមហ៊ុនBOOYOUNG Town ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់កូរ៉េ បាននិងកំពុងត្រៀមបញ្ចប់ ការសាងសង់គំរោងរបស់ខ្លួនដំណាក់កាលទី១ ដោយបោះទុន៦៨លានដុល្លារអាមេរិក លើអាគារខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលវប្បធ៌ម និងសិល្បៈកូរ៉េ និងសេវាកម្មជាច្រើនទៀត។
ដោយមានមូលដ្ឋានទុនរ៉ឹងមាំ ក្រុមហ៊ុននេះបានសាងសង់រហូតដល់ជិតចប់គម្រោងរួចហើយ ប៉ុន្តែនៅតែមិនទាន់ប្រកាសលក់ យូនីតខុនដូរបស់ខ្លួននៅឡើយទេ ខណៈក្រុមហ៊ុនដទៃបានប្រកាសលក់ តាំងពីគម្រោងរបស់ខ្លួនមិនទាន់បានសាងសង់នៅឡើយ។ ខុនដូនេះមានកំពស់២៤ជាន់ ដោយមានអាគារសរុបចំនួន៤ និងមានផ្ទះប្រមាណ១០០០យូនីត។
ក្រុមហ៊ុនBOOYOUNG TOWNក៏បាននិងកំពុងលក់បុរីរបស់ខ្លួន នៅក្បែរផ្សារទំនើបAEON MALL2ផងដែរនាពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុនPrince Real Estate Group
ក្រុមហ៊ុនលំដាប់យក្សរបស់ចិននេះ បាននិងកំ ពុងត្រៀមបញ្ចប់គំរោងរបស់ខ្លួន ដែលមានឈ្មោះPrince International Plazaផងដែរ ដែលគំរោងនេះមានកំពស់១៧ជាន់ រួមទាំងជាន់ក្រោមដី។ គម្រោងនេះ កំពុងតែបង្កើនភាពលេចធ្លោនៅសង្កាត់ទឹកថ្លាផងដែរ ដោយបច្ចុប្បន្នការសាងសង់បានបញ្ចប់ហើយ នៅសល់តែការរចនាក្នុងអាគារប៉ុណ្ណោះ។
គម្រោងនេះមានបណ្តុំដោយក្លឹបហាត់ប្រាណ ស្ទីមសូណា ភោជនីយដ្ឋាន និងផ្សារពាក់កណ្តាលទំនើបផងដែរ។
ក្រុមហ៊ុនARAKAWA ជប៉ុន
ARAKAWA ក៏ជាក្រុមហ៊ុនជប៉ុនដ៏ធំមួយផងដែរ ដែលក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលបានទិញយកអាគារបូឌីញ “ស” ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។
បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងសាងសង់គម្រោងខុនដូ តម្លៃសមរម្យដំណាក់កាលទី២ ដែលមានរាប់រយយូនីត និងលក់ជូនមន្រ្តីរាជការ និងអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម។ ខុនដូនេះមានតម្លៃជាង២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយយូនីត ។
ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ៧០លានដុល្លារអាមេរិកលើគំរោងនេះ។
គំរោងរំដួលស៊ីធី
គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីល្បាញមួយមកពីប្រទេសចិន នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កំពុងបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ក្នុងនាមជាអគារស្នាក់នៅសហកម្មសិទ្ធិ ស្រោបដោយកញ្ចក់ទាន់សម័យ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត៕