ដោយៈ លក្ខិណា
ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមក រដ្ឋាភិបាលបានសម្រេចចាត់វិធានការរឹតបន្តឹងចំពោះការជួបជុំការធ្វើដំណើររហូតដល់មានការបិទខ្ទប់រាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងតំបន់មួយចំនួនតាមបណ្ដាខេត្តផងដែរ។
ការបិទខ្ទប់នេះធ្វើឱ្យសកម្មភាពនៃអាជីវកម្ម និងសកម្មភាពនៃការវិនិយោគក៏ត្រូវអាក់ខាន តែក្រោយពេលរដ្ឋាប្រកាសបញ្ចប់ការបិទខ្ទប់ អ្នកជំនាញអចលនទ្រព្យរំពឹងថាការទិញលក់ និងសកម្មភាពនៃវិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ថា ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាលទ្ធផលមួយល្អប្រសើរ សម្រាប់វិស័យសេដ្ឋកិច្ចព្រោះពេលនោះ អ្វីៗនឹងអាចវិលមកប្រក្រតី ហើយរាល់អាជីវកម្មទាំងឡាយអាចសកម្មឡើងវិញ ជាមួយនឹងសកម្មភាពនៃការវិនិយោគជាដើម។
លោកបានថ្លែងថា “ការLockdown នៅកម្ពុជាគឺមានរយៈពេល៣សប្ដាហ៍កន្លងទៅហើយ ហើយបើនិយាយពីការប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យគឺមានផលប៉ះពាល់ខ្លះ”។
លោកបានបន្តថា នៅពេលរដ្ឋាភិបាលប្រកាសបើកឡើងវិញនៅថ្ងៃទី៦ ខែឧសភា ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងអាចវិលត្រលប់ទៅសភាពដើមវិញ ប្រជាពលរដ្ឋអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយឡើងវិញ ដែលអាចធ្វើឱ្យចរន្ត នៃការទិញលក់អចលនទ្រព្យនឹងត្រលប់ទៅសភាពដើមវិញ ប៉ុន្តែការរីកចម្រើន ឬមិនរីកចម្រើននោះ ក៏មិនអាចព្យាករបានដែរ។
លោកបន្ថែមថា ទោះបីជាកម្ពុជាបានសម្រេចបិទខ្ទប់តំបន់មួយចំនួនក៏ពិតមែន តែការចរចានៃការបង្កើតគម្រោងវិនិយោគនៅក្នុងប្រទេសនៅតែមាន ដោយធ្វើទៅតាមប្រព័ន្ធអនឡាញ តែការសម្រេចចិត្ត ឬភាពជោគជ័យនៃការចរចានោះមិនមាននោះឡើយ ព្រោះតែពួកគេមិនអាចជួបគ្នា ដើម្បីជជែកលម្អិតពីគម្រោងនីមួយៗឡើយ។
លោកលឹម រដ្ឋាភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពតនិងខេត្តកែបបាននិយាយថា សកម្មភាពទិញនៃការទិញលក់អចលនទ្រព្យ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងការរាលដាលនៃកូវីដ១៩ គឺធ្វើឡើងតាមរយៈការជួបតាមទូរសព្ទ និងតាមប្រព័ន្ធអនឡាញ ដូច្នេះការសម្រេចចិត្តរបស់អ្នកទិញគឺនៅមានភាពស្ទាក់ស្ទើរ និងមានអ្នកលក់ខ្លះចង់ទៅទីតាំងដីធ្លី ឬអចលនទ្រព្យភ្លាម តែមិនអាចធ្វើបាន ព្រោះតែបម្រាមរបស់អាជ្ញាធរ។
លោកបានបន្តថា ភ្ញៀវទិញដីនៅកំពត និងកែបភាគច្រើនជាភ្ញៀវមកពីភ្នំពេញ ហើយនៅពេលភ្នំពេញបិទខ្ទប់ ពួកគាត់ក៏មិនអាចចេញពីផ្ទះ ដើម្បីទៅមើលទីតាំងបាន ដូច្នេះនៅពេលដែលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ លោករំពឹងថា ការទិញលក់អចលនទ្រព្យនឹងអាចដូចដើមវិញ ដោយសារតែពួកគេអាចធ្វើដំណើរចេញពីផ្ទះ និងអាចឆ្លងពីខេត្តមួយទៅខេត្តមួយបានទៀតផង៕