ដោយៈ ប៊ី
ឌូបៃៈ ប្រតិបត្តិការទិញលក់អចលនទ្រព្យរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួមសម្រេចបានទំហំទឹកប្រាក់ប្រមាណ១១.៥ ពាន់លានដាហាម (ប្រមាណ៣,១៣ ពាន់លានដុល្លារ) នៅត្រីមាសទី១ ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
ប្រតិបត្តិការទិញលក់៣.៨៥០ប្រតិបត្តិការ ត្រូវបានធ្វើឡើងពាក់ព័ន្ធដីធ្លី អគារ និងយូនីតលំនៅដ្ឋាន រួមបញ្ចូលប្រតិបត្តិការអចលនទ្រព្យបានឈានដល់៥ពាន់លានដុមហាំ ហើយប្រាក់កម្ចីអចលនទ្រព្យជាង៦.៥ពាន់លានដាហាម។ នេះបើយោងតាមទិន្នន័យពីក្រសួងនគររូបនីយកម្ម និងដឹកជញ្ជូនរបស់ប្រទេសនេះ។ (១ដាហាម ស្មើនឹង០,២៧ដុល្លារ)
តម្លៃនៃការលក់អចលនទ្រព្យខ្ពស់បំផុតគឺនៅកោះ Al Reem ដែលមានទំហំទឹកប្រាក់១,៦ពាន់លានដាហាម បន្ទាប់មកកោះអាប៊ូដាប៊ី (៩០៧ លានដាហាម) និងកោះ Yas (៤៤៦ លានដាហាម)។ កោះ Saadiyat ទីក្រុង Khalifa និងឆ្នេរ Al Raha ក៏មានប្រតិបត្តិការទិញលក់អចលនទ្រព្យច្រើនផងដែរ។
ទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា ការលក់ដីមានចំនួន៦៦ភាគរយនៃប្រតិបត្តិការទិញលក់អចលនទ្រព្យសរុប។ កំណើននៃប្រតិបត្តិការកម្ចីអចលនទ្រព្យខ្ពស់បានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ធនាគារនៅក្នុងទីផ្សារអចលនទ្រព្យរបស់អាប៊ូដាប៊ី។
លោក Adeeb Al-Afeefi នាយកប្រតិបត្តិនៃផ្នែកអចលនទ្រព្យនៃក្រសួង បានឱ្យដឹងថា “យើងជឿជាក់យ៉ាងមុតមាំថា វិធីសាស្រ្តរយៈពេលវែងរបស់យើងនឹងរួមចំណែកដល់ជោគជ័យ និងយុទ្ធសាស្រ្តរបស់អាប៊ូដាប៊ីដែលបានធ្វើជាគំរូសកលឆ្នើមមួយស្តីពីវិធី ដើម្បីយកឈ្នះលើបញ្ហាប្រឈមខាងសេដ្ឋកិច្ច បណ្តាលមកពីវិបត្តិសុខភាពពិភពលោក និងសង្គម”៕