ដោយ សហការី
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនមួយលានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន អាចនឹងមកដល់នៅពាក់កណ្ដាលខែនេះ។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា “នេះជាការគិតគូររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺការយកវ៉ាក់សាំងចាក់ជូនទៅដល់ប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់មានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ ដោយយើងមានវ៉ាក់សាំងចំនួន៩០ម៉ឺនដូសក្នុងដៃ កំពុងដំណើរការចាក់ជូនដល់ពលរដ្ឋទូទាំងចំនួន៤ខណ្ឌ ក្នុងតំបន់ក្រហម ដោយគ្រូពេទ្យយោធា ដែលមានការរៀបចំដោយក្រសួងការពារជាតិ ប្រព្រឹត្តទៅដោយរលូន ក្នុងមួយថ្ងៃៗចាក់ជូនដល់ពលរដ្ឋបានរាប់ម៉ឺននាក់ ហើយយើងនឹងបន្តរៀបចំចាក់ដល់ប្រជាពលរដ្ឋនៅខណ្ឌដទៃទៀតនៅពេលដែលវ៉ាក់សាំងមកដល់នៅក្នុងពេលឆាប់ៗនេះ” ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមដោយអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ ចូលរួមសហការ ដែលបច្ចុប្បន្នយើងរង់ចាំការមកដល់នៃវ៉ាក់សាំង ហើយនឹងចាក់ជូនជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋតាមលទ្ធភាព ខណៈដែលអ្វីដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩កំពុងពិភាក្សា ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញនោះ គឺការសម្លឹងមើលទីតាំងខណ្ឌមួយចំនួនទៀតយ៉ាងហោចណាស់បួនឬប្រាំខណ្ឌដោយបានចាត់ចែងរៀបចំរួចរាល់ជាស្រេចនូវក្រុមការងារទាំងអស់ រួមទាំងនឹងសិក្សាលម្អិតដើម្បីពិនិត្យមើលពីការផ្ដល់វ៉ាក់សាំងឲ្យបានទូលំទូលាយដើម្បីឲ្យបានលឿននិងពង្រីកទីតាំងចាក់បន្ថែមទៀតដើម្បីឱ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ បានចំនួន ១,៤៦៥,៩៨៥នាក់នាក់ ក្នុងនោះលើវ៉ាក់សាំង៣ប្រភេទគឺ Sinopharm ចាក់បានចំនួន ៦២៥,៥០៣នាក់ , Sinovac ចាក់បាន៦៨៣,៥៤០នាក់ និង កូវីសែល ទទួលអាជ្ញាបណ្ណផលិតដោយ AstraZeneca ចាក់បាន១៥៦,៩៤២នាក់។
គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង សរុបដែលជាចំនួនវ៉ាក់សាំងទទួលបានគឺ ៖ ៤.០២៤.០០០ដូស ក្នុងនោះ ១លាន៧០ម៉ឺនដូសប្រភេទស៊ីណូហ្វាមជាជំនួយរបស់មិត្តចិន , ៣២ម៉ឺន៤ពាន់ដូសប្រភេទកូវីសែល ជាជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូសទៀតជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីមិត្តចិន៕