ស្ថាបត្យករ​និង​វិស្វករ​កើនឡើង​ដល់​ជិត៦០០០នាក់ ខណៈ​វិស័យ​សំណង់​កាន់តែ​បង្ហាញ​ភាពរឹងមាំ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ  ចំនួន​ស្ថាបត្យករ និង​វិស្វករ ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា កើនឡើង​ដល់​ជាង៥,៨០០នាក់​នាពេល​បច្ចុប្បន្ន ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់​តែមាន​ភាពរឹងមាំ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស គម្រោង​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន។

តួលេខ​នេះ​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​មានប្រសាសន៍​ជំនួប​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី៤ ឧសភា​កន្លងមក ដោយ​លោក​បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថាបត្យករ​ចុះបញ្ជី​សរុប១១៨១នាក់។

មុន​ច្បាប់​សំណង់​មានតែ៨៣៨នាក់ ក្រោយ​ច្បាប់​សំណង់ កើន៣៤៣នាក់ ស្មើ៤០,៩%ថែមទៀត។ ចំណែក វិស្វករ​ក្នុង​វិស័យ​សំណង់​ចុះបញ្ជី​សរុប៤៦២៣នាក់ នាពេល​បច្ចុប្បន្ន។ មុន​ច្បាប់​សំណង់​មានតែ២២៧៤នាក់ ក្រោយ​ច្បាប់​សំណង់​កើន ២៣៤៩នាក់ ស្មើ ១០៣,២%ថែមទៀត។

វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​សំណង់ ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ជន្ទ​ល់​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​យឺត អំឡុងពេល​វិបត្តិ​កូ​វីដ១៩ ខណៈ​អ្នកជំនាញ​បាន​លើកឡើងថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹងមាន​កំណើន​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នេះ​ត្រូវ​បានបញ្ចប់។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា នៅក្នុង​ឆ្នាំ២០២១នេះ សកម្មភាព​វិនិយោគ ក្នុង​វិស័យ​សំណង់​ភាគច្រើន ជា​សកម្មភាព​របស់​អ្នក​ក្នុងស្រុក ដោយឡែក​សម្រាប់​រំហូរ​ទុន​ចូល​ពី​ក្រៅ​ស្រុក​គឺមាន​តិចតួច​បំផុត។

លោក​បាន​ថ្លែងបន្តថា “វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតមាន​នៅពេលនេះ គឺ​ជះឥទ្ធិពល​គ្រប់​ប្រទេស ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​ទាំងអស់ ប៉ុន្តែ​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​ទប់ស្កាត់ គម្រោង​វិនិយោគ​នានា​នឹង​ចាប់ផ្តើម​រៀបចំ​ឡើងវិញ”។

លោក​បាន​ឱ្យដឹងទៀតថា “តាម​ខ្ញុំ​គិត ប្រសិនបើ​វិបត្តិ​ជំងឺ ដែល​កំពុង​រាលដាល​នេះ​ត្រូវ​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​នេះ នោះ​សកម្មភាព​វិនិយោគ នៅក្នុង​វិស័យ​សំណង់​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ឬ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២២ខាងមុខនេះ” ។

យោងតាម​របាយការណ៍ ដែល​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​គិត​ត្រឹម​ខែមីនា(៣ខែ) ឆ្នាំ២០២១ មាន​ប្រមាណ១៦៦២លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន ទំហំ​ទុនវិនិយោគ​មាន​ទឹកប្រាក់ ប្រមាណ២.៥៧៤លាន​ដុល្លារ​អាមេរិក ដោយ​ធ្លាក់ចុះ៣៥,៤% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here