ដោយៈសុខុម
ក្រុងឡុងដ៍ៈ រដ្ឋាភិបាលអង់គ្លេស បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី៤ ឧសភាថា អង់គ្លេស និងឥណ្ឌា នឹងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាផ្លូវការនៅចុងឆ្នាំនេះ ក្រោយភាគីទាំង២ព្រមព្រៀងគ្នាជាគោលការណ៍ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ជាមួយនឹងចំនួនប្រជាជនរហូតដល់១៣០០លាននាក់ និងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសឥណ្ឌា បានរំពឹងខ្ពស់លើការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយអង់គ្លេស ក្រោយអង់គ្លេស ចាកចេញពីប្លុកសហភាពអឺរ៉ុប កាលពីឆ្នាំមុន។
ក្រោមយុទ្ធសាស្ត្រ “ចក្រភពអង់គ្លេស ជាសកល” (Global Britain) ក្រោយចាកចេញពីប្លុកសហភាពអឺរ៉ុប រដ្ឋការនាយករដ្ឋមន្ត្រីBoris Johnson បានផ្ដោតលើគោលគោលនយោបាយ “ងាកមកតំបន់អាស៊ី” ឬ “Pivot to Asia” នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដោយបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសនានានៅតំបន់អាស៊ី រួមមានជប៉ុន និងសិង្ហបុរី។
លោកស្រី Liz Truss រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសបានថ្លែងថា ប្រទេសឥណ្ឌា និងប្រទេសអង់គ្លេស នឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងជាផ្លូវការ “នៅរដូវស្លឹកឈើជ្រុះ” បន្ទាប់ពីប្រកាសជាបឋមនូវកិច្ចព្រមព្រៀង Enhanced Trade Partnership (ភាពជាដៃគូពាណិជ្ជកម្មកាន់តែប្រសើរ)។
លោកស្រីបានប្រាប់សារព័ត៌មាន Sky News ក្នុងកិច្ចសម្ភាសន៍ផ្សាយតាមទូរទស្សន៍ថា “យើងចង់ឱ្យការចរចានេះ បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
លោកស្រីបន្ថែមថា “ជាការពិត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវការពេលរាងយូរបន្តិច ហើយនេះជាផលចំណេញភ្លាមៗ ដែលយើងអាចទទួលបានសម្រាប់ប្រទេសទាំងពីរ ដោយជំរុញការបង្កើតការងារថ្មីនៅអង់គ្លេស និងឥណ្ឌា” ហើយថា កិច្ចព្រមព្រៀងនេះមានទំហំ១,៤ពាន់លានដុល្លារ” ។
លោកស្រីគូសបញ្ជាក់ថា ប្រទេសទាំងពីរកំពុងស្វែងរក “អត្ថប្រយោជន៍ភ្លាម” ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា ការកាត់បន្ថយឧបសគ្គរាំងស្ទះដល់ពាណិជ្ជកម្មជាដើម ហើយថា ប្រទេសអង់គ្លេស ចង់បន្ទាបអត្រាពន្ធគយ ឬដកចេញពន្ធគយលើទំនិញនាំចេញផ្សេងៗទៅកាន់ប្រទេសឥណ្ឌា រាប់ចាប់ពីរថយន្តរហូតដល់ស្រាវីស្គី។
ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅមុនកិច្ចចរចាតាម Video Conference រវាងនាយករដ្ឋមន្ត្រី Boris Johnson និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅកាលពីថ្ងៃអង្គារ ដដែល។
ការចរចានេះធ្វើឡើង បន្ទាប់ពីលោក Boris Johnson ពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌា ជាលើកទី២កាលពីខែមុន ដោយសារស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរទៅ៕