ផ្សារទំនើប AEON MALL3 សាងសង់ជាមួយល្បឿនយ៉ាងលឿន ខណៈតំបន់ ផ្លូវ៦០ម៉ែត្រកាន់តែរសរវើក

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិAEON MALL3ស្ថិតនៅលើមហាវិថីសម្តេច

តេជោហ៊ុន សែនបាននិងកំពុងសាងសង់យ៉ាងលឿន បើទោះកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ តុលានេះ។

តាមរយៈការធ្វើដំណើរកាត់គំរោងនេះ នាល្ងាចថ្ងៃទី៦ ឧសភានេះ ក្រុមអ្នកយកព៌តមានគេហទំព័រPropertyarea.asia បានផ្តិតយករូបភាពមួយចំនួននៃគំរោងនេះ ដោយសង្កេតឃើញថា អាគារជាច្រើននៃគំរោងនេះបានផុសផុតពីដី និងមានកំពស់ពីរទៅបីជាន់រួចហើយ ខណៈកម្មករ និងរថយន្តដឹកសម្ភារៈសំណង់កំពុងធ្វើការងារយ៉ាងមមាញឹក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍នៅពេលចូលរួម ពិធីបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវផ្សារទំនើបAEON MALL3ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូចការរំពឹងទុករបស់យើងនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួន នៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមា​ណជា១២លាននាក់ក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here