កត្តាសំខាន់ៗចំនួន៤ ដែល​ធ្វើ​ឲ្យ​ដី​នៅ​កម្ពុជា​មិន​ងាយ​ធ្លាក់​តម្លៃ​ទោះ​កំពុង​ជាប់​ក្នុង​វិបត្តិ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ មាន​អ្នកវិនិយោគ​ដីធ្លី​ជាច្រើន​បាន​និយាយថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ភាគច្រើន មិន​ងាយ​ធ្លាក់​តម្លៃ​ទេ លើកលែងតែ​ករណី​ម្ចាស់​ដី​ឬ​អចលនទ្រព្យ​នានា​ជាប់បំណុល​ឬ​គាំង​លំហូរ​សាច់ប្រាក់​ជាដើម។

តើ​អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ ដែល​ដី​មិន​ធ្លាក់​ថ្លៃ លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ដែល​បាន​វិភាគ​និង​តាមដាន​ការវិវត្ត ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​មន​ប្រសាសន៍​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី៦ ឧសភា​កន្លងមក​ថា មាន​ហេតុផល​ឬ​កត្តាសំខាន់់ៗចំនួន៥ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​នៅ​ម​កម្ពុជា​មិន​ធ្លាក់​ថ្លៃ​ដូចជា

កត្តា​នគ​រួប​នីយកម្ម

ប្រជាពលរដ្ឋ​បានឃើញ​យ៉ាងច្បាស់ ពី​និន្នាការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល លើ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ការកសាង​គោលនយោបាយថ្មីៗជាប់​ជាប្រចាំ ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ទាន់​សម័យកាល ពិសេស​ការពង្រីក​ក្រុង​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​កំនើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម ពិសេស​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ។

ការរីកចម្រើន​នគរូបនីយកម្ម ដែល​ផ្សារភ្ជាប់​មិនអាច​កាត់ផ្តាច់​បាន រវាង​សេដ្ឋកិច្ច សង្គម និង​កត្តា​ប្រជាសាស្ត្រ​នេះហើយ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញថា ទីផ្សារ​អចលនទ្រព្យ​នៅមាន​ការរីកចម្រើនរ​យៈ​ពេល​វែង​បន្តទៀត។

ការវិនិយោគ​ជាមួយ​មូលធន​ខ្លួនឯង

បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ បានធ្វើ​ឲ្យ​មាន​បដិវត្តន៍​ផ្នត់គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​ប្រជាពលរដ្ឋ​វិនិយោគ​មាន​ភាព​ឆ្លាត​វៃ​ជាង​មុន ពិចារណា វិភាគ​ច្រើនជាង​មុន ពិសេស​ពួកគាត់​ភាគច្រើន​បាន​ប្រើប្រាស់​មូលធនហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន សម្រាប់​យកមក​ធ្វើការ​វិនិយោគ។

ដោយ​សារភាព​សុទិដ្ឋិនិយម និង​មើលឃើញ​កាលានុវត្តន៍​ភាព​នៅតែមាន សម្រាប់​ពួកគាត់ ទើប​ម្ចាស់​អចលនទ្រព្យ​នានា​ទាំង​ដីធ្លី ផ្ទះសម្បែង ម្ចាស់​អាគារ​ពាណិជ្ជកម្ម​ឬ​លំនៅដ្ឋាន​សហកម្ម​សិទ្ធ មិន​ងាយ​បញ្ចុះតម្លៃ (លើកលែងតែ​គំរោង​ខ្លះ ដែល​បញ្ចុះតម្លៃ​ដើម​យក​ទុន​មក​សាងសង់) ដោយ​សុខចិត្ត​ទុក​អចលនទ្រព្យ​របស់ខ្លួន ដើម្បី​យក​តម្លៃ​ល្អ ឬ​ទទួលបាន​ផលចំណេញ​ខ្ពស់ ទើប​ពួកគេ​សម្រេចចិត្ត​លក់​ចេញ។

ការព្យាករណ៍​ពី​កំនើនសេដ្ឋកិច្ច

ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ដោយសារ​កំលាំងចលក​រសំខាន់ៗ ដូចជា វិស័យ​វាយណភ័ណ្ឌ កាត់ដេរ ស្បែកជើង កាបូប​ធ្វើដំណើរ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន និង​កំពុង​ក្លាយជា​កំលាំងចលករ​ជំរុញ​កំនើនសេដ្ឋកិច្ច បានធ្វើ​ឲ្យ​សេដ្ឋវិទូ​ស្ថាប័នធំៗជាច្រើន​ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តែងតែ​ព្យាករណ៍​ពី​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ជាប់​ជាប្រចាំ លើកលែងតែ​ឆ្នាំ២០២០ និង​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ២០០៨ ។

ការផ្សព្វផ្សាយ​ពី​ព៌​ត​មាន​ពី​កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​សំណាក់ ស្ថាប័ន​ព៌​ត​មាន​ដ៏​សម្បូរបែប​នៅ​កម្ពុជា បានធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​ទ​ទូល​បាន​ព៌​ត​មាន សម្រាប់​វិភាគ​ពិចារណា​កាន់តែច្រើន ហេតុនេះ​ទើប​ពួកគេ​មិន​ងាយ​សម្រេចចិត្ត​លក់​អចលនទ្រព្យ​របស់​ពួកគេ ក្នុងកំឡុងពេល​មាន​វិបត្តិ។

ទម្លាប់​សង្គម

ដោយសារ​ប្រ​ព័​ន្ឋ​នៃ​ការគិត​បាន​បន្ត​ដូច​ខ្សែទឹក​ហូរ វា​បាន​ក្លាយជា​ទម្លាប់ ដែល​ពិបាក​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ជាក់ស្តែង​ទំនិញ​លើ​ទីផ្សារ​ភាគច្រើន នៅពេល​ឡើងថ្លៃ​ហើយ ពួកគាត់​មិន​ងាយ​បញ្ចុះតម្លៃ​មកវិញ​នោះទេ។ ចំណែក​អ្នកទិញ​ដីធ្លី ឬ​អ្នកវិនិយោគ​ក៏ដូចជា ពួកគាត់​នៅតែមាន​ទម្លាប់​មិន​ងាយ​លក់​ចេញ ទោះបីជា​ទីផ្សារ​មាន​វិបត្តិ​ក៏ដោយ បើទោះបីជា​លំហូរ​សាច់ប្រាក់​របស់គាត់​គ្មាន​វិបត្តិ​ទេ តម្លៃ​អចលនទ្រព្យ​របស់​ពួកគេ នឹងមិន​បញ្ចុះ​នោះទេ ដោយសារ​ពួកគេ​មាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ និង​គិត​បែប​លេងសើច​ថា ទោះបី​ទុន​យូរ​ទៀត​ក៏​មិន​ស្អុយ​ដែរ។

ផ្នត់គំនិត​មួយទៀត គឺ​អ្នកវិនិយោគ​ភាគច្រើន​នៅតែមាន​សុទិដ្ឋិនិយម និង​តែងតែ​ប្រកាន់យក​ទស្សន “ដី​មិន​កើនឡើង​ទេ តែ​មនុស្ស​កើនឡើង​រាល់ថ្ងៃ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here