ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បង្ហាញ​ភាព​អស្ចារ្យ​មិន​ចាញ់​ពហុ​កីឡដ្ឋាន​អន្តរជាតិនៅលើ​ពិភពលោក

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​សាងសង់ឡើង​ដោយ​ឈរលើ​ទស្សនទាន​បៃតង ដោយ​លក្ខណៈពិសេស​រប​ស់​កីឡដ្ឋាន​ធំ​នេះ មាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស៦ម៉ឺន​នាក់ ក្នុង​រយៈ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​មិន​ចាញ់​ពហុ​កីឡដ្ឋាន​អន្តរជាតិផ្សេងៗនោះទេ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទី១ កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី ១០០លាន ទៅ២០០លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​សង្កាត់​ព្រែក​តា​មាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ ពហុ​កីឡដ្ឋាន​នេះ មាន​ចម្ងាយ១២គីឡូម៉ែត្រ​ពី​វត្តភ្នំ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង៨៥ហិកតា។

ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ត្រូវបាន​សាងសង់ឡើង​ដោយ​ឈរលើ​ទស្សនទាន​បៃតង «Green Sport» ដោយមាន​សំណង់​អគារ​តែ ៣០ភាគរយ​ប៉ុណ្ណោះ ហើយ៧០ភាគរយ​ជា​តំបន់​បៃតង មានដូចជា​ដើមឈើ ស្មៅ និង​ទឹក… ហើយក៏​មានការ​កាត់បន្ថយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​បច្ចេកទេស​រចនា​ប្លង់ ដែលមាន​ខ្យល់​ចេញចូល និង​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់កន្លែង។

ពហុ​កីឡដ្ឋាន​ធំ​នេះ ក៏មាន​សណ្ឋាគារ​ចំនួន៣៤បន្ទប់ ហាង​លក់ទំនិញ​សម្លៀកបំពាក់​កីឡា ឧបករណ៍ សម្ភារៈ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផលផ្សេងៗ មាន​បំពាក់​កន្លែង​កម្សាន្ត​រប​ស់​កុមារ មាន​សាល​ហាត់​កីឡា​មួយចំនួន​ក្រោម​អគារ​ធំ ហើយ​លក្ខណៈពិសេស​នោះ​របស់​កីឡដ្ឋាន​ធំ​នេះ គឺមាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស៦ម៉ឺន​នាក់​ក្នុង​រយៈ​តែ៧នាទី​ប៉ុណ្ណោះ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ជាតិ ដ៏​ទំនើប​មួយ​របស់​កម្ពុជា ដែល​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ ។

ជាមួយនេះ លោក​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវបាន​សាងសង់​បាន៩៥ភាគរយ​ហើយ ខណៈ​នៅសល់៥ភាគរយ​ទៀត ក្រុមការងារ​នឹង​បន្ត​ធ្វើឱ្យ​រួចរាល់ឆាប់ៗនេះ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

លោក​វ៉ា​ត់ ចំរើន​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា “សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ដោយសារតែ​រៀបចំ​ការកសាង​កីឡដ្ឋាន​នេះ (ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​បាន៩៥ភាគរយ​ហើយ គឺថា​នៅ​សេសសល់​រឿង​បន្តិចបន្តួច​ទេ ដែល​កំពុងតែ​បន្ថែម និង​កែលម្អ​តែប៉ុណ្ណោះ កៅអី​ក៏បាន​បំពាក់ ស្មៅ​ក៏​ឃើញ​ល្អ ប៉ុន្តែ នៅសល់តែ​បន្តិចបន្តួច​ទេ ដោយ​គ្រោង​នឹង​បញ្ចប់ឆាប់ៗនេះ” ។

លោក​បានឱ្យដឹងថា នៅក្នុង​អញ្ជើញ​ចូល​ទស្សនកិច្ច ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ ដោយ​សម្តេច​បានលើកឡើង​នេះ​ជា​សម្បត្តិ​ដ៏​មហាសាល និង​ជា​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត ជាពិសេស​គឺ​យុវជន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here