គំរោងសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ៣០លានដុល្លារទទួលបាន ការចាប់អារម្មណ៍ច្រើន

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គម្រោង​សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (Worldbridge I4.0 SME Cluster) មាន​តម្លៃ​ប្រហែល៣០លាន​ដុល្លារ​ របស់ក្រុមហ៊ុនWorld Bridge Industrial Developmentកំពូងទទួលបានការចាប់អារម្មណ៍ច្រើន។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​សរុប៦ហិក​តា ក្នុង​សង្កាត់​រកា​ខ្ពស់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទល់​មុខ​នឹង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ «ទីក្រុង​រណប​សិរីមង្គល» របស់​ក្រុមហ៊ុន Worldbridge Homes Co.,Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Worldbridge Group។

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន ឯ.ក Worldbrigde Industrial Development Co.,Ltd)បាន​ឲ្យដឹងថា សព្វ​ថ្ងៃ​គម្រោង​នេះ​ដំណើរ​សាងសង់​ជា​ធម្មតា ប៉ុន្តែ​អាច​នឹង​យឺត​ពេល​ជាង​ផែន​ការ​គ្រោង​ទុក។

លោក​បន្ត​ថា “យើង​កំពុង​ដំណើរការ​សាងសង់ ប៉ុន្តែ​អាច​យឺត​ពេល១ ទៅ២ខែ យើង​ឃើញ​ថា មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​បាន​ចាប់​អារម្មណ៍​ លើ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ”។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ចែកចេញ​ជា៧ផ្នែក រួម​មាន​មជ្ឈមណ្ឌ​ល​សេវាកម្ម មជ្ឈមណ្ឌល​ទ្រទ្រង់​គ្រឿង​បរិក្ខារ ​ឧស្សាហកម្ម​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម និង​សេវាកម្ម ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​ធុរកិច្ច ភាព​ងាយ​ស្រួល​ដល់​កម្មករ​ក្នុង​ការ​ប្រកប​ការងារ និង​ផ្តល់​សេវាកម្ម​គាំទ្រ​ដទៃ​ទៀត។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ គឺ​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រោងចក្រ សហគ្រាស​នៅ​ក្រៅ​ប្រទេស។

លោក​និយាយ​ថា “ការ​បើក​សួន​ឧស្សាហកម្ម​នេះ គឺ​ស័ក្តិសម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​ស្តង់ដា​យើង​គាំទ្រ​គម្រោង​នេះ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម”។លោក​ថ្លែង​ថា“យើង​បង្កើត​សួន​ឧស្សាហកម្ម​សហគ្រាស​ធុនតូច និង​មធ្យម​នេះ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​តម្រង់​ទិស​ពួក​គាត់​សម្រាប់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ពិភព​លោក”។

លោកចម ប្រសិទ្ធ ថ្លែង​ទៀត​ថា សួន​ឧស្សាហកម្ម​នេះ ពិត​ជា​មាន​សារៈសំខាន់​ណា​ស់​សម្រាប់​ពួក​គេ​ផលិត​ទំនិញ​នាំចេញ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។

លោក​អះអាង​ថា “យើង​កំពុង​លើក​ទឹក​ចិត្ត​ពួក​គាត់ ​ឱ្យ​ចាប់​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​មក​ចូល​ នៅ​ក្នុង​បណ្តុំ​សួន​ឧស្សាហកម្ម​នេះ សម្រាប់​ផលិត​នាំចេញ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here