លោក​បណ្ឌិត​គីម ហ៊ាងៈ​ភាពស្មោះត្រង់​មាន​សារៈសំខាន់​ណាស់​សំរាប់​អ្នករកស៊ីក្នុង​វិស័យ​អចលនទ្រព្យ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​ទស្សនវិស័យ​ច្បាស់លាស់ និង​ម៉ត់ចត់​លើ​ការងារ លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ក្នុង​ជីវិត​របស់លោក​ប្រកាន់ យក​នូវ​ភាពស្មោះត្រង់​ក្នុង​ការងារ ក្នុងនាម​ជា​ភ្នាក់ងារ​ទិញ​លក់ និង​ស្វែងរក​ដីធ្លី​ឲ្យ​អតិថិជន ពិសេស​ថៅកែ​ជនជាតិ​ចិន ពោលគឺ​តាំងពី​មុនពេល​លោក បើក​ដំណើរការ​ក្រុមហ៊ុន​Khmer Real Estate។

លោក​បណ្ឌិត​បាន​បន្តថា “ភាពស្មោះត្រង់​សំខាន់​ណាស់​ក្នុង​វិស័យនេះ ដោយសារ​ភាពស្មោះត្រង់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ជោគជ័យ និង​មាន​ការងារ​កាន់តែច្រើន ហើយ​បើ​និយាយ​ពី​សេវាកម្ម​ផ្តល់​ការទិញ​លក់​ដីធ្លី ខ្ញុំ​អាច​និយាយបានថា​ខ្ញុំ​ជាប់​លេខ១” ។ លោក​បន្តថា “ជាមួយនឹង​ភាពស្មោះត្រង់ វា​មិន​គ្រប់គ្រាន់​ទេ តែ​យើង​ត្រូវមាន​គ្រួសារ​រីករាយ មាន​គុណធ៌ម មានចំណេះដឹង​ទូលំទូលាយ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម” ។

ជាមួយគ្នានេះ លោក​បណ្ឌិត​បាន​បង្ហើប​ថា លោក​មិនដែល​ផឹក​ស្រវឹង​សូម្បី​ម្តង​ក្នុង​ជីវិត មិន​ចូល​ខារ៉ាអូខេ មិន​ដែលមាន​សង្សារ​នោះទេ។ ហេតុនេះ​អ្នករកស៊ី​ឬ​ថៅកែធំៗមិនដែល​ឃើញ​លោក​នៅតាម​ខារ៉ាអូខេ​ទេ បើ​ជួបគ្នា​រឿង​ផឹកស៊ី​លោក​មិន​ចូលរួម​ទេ តែបើ​ជួបគ្នា​និយាយ​ពី​ការរកស៊ី លោក​នឹង​ជួប​ជជែក។

លោក​បន្តថា “ដោយ​ប្រកាន់យក​នូវ​បែបផែន​ជីវិត​បែបនេះហើយ ទើប​អ្នករកស៊ីធំៗ លោក​ឧកញ៉ា អ្នកឧកញ៉ា​មួយចំនួន​ដឹងថា​ខ្ញុំ​ជា​មនុស្ស​សាច់​ការ និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង” ។ លោក​បន្តថា “ជាមួយនឹង​ភាព​រីករាយ និង​ការដឹកនាំ​គ្រួសារ​បានល្អ វា​ឆ្លុះបញ្ចាំង​នូវ​សីល​ធ៌​ម និង​សុ​ជីវភាព​របស់​យើង​ផងដែរ” ។

ឈរលើ​ទស្សនៈ​របស់លោក​លី កាស៊ី​ង​មហាសេដ្ឋី​អចលនទ្រព្យ​នៅ​ទីក្រុង​ហុងកុង ដែល​បាន​លើកឡើងថា បើ​ចង់​ជោគជ័យ អ្នក​ត្រូវ​ជួប​ជាមួយ​មនុស្ស​ឆ្លាត​ជាង​ខ្លួន លោក​បណ្ឌិត​គីម ហ៊ាង​បាន​មានប្រសាសន៍ថា លោក​បាន​អនុវត្តន៍​តាម​ទ្រឹស្តី​នេះ តាំងពី​លោក​បានចេញ​រកស៊ី​លើកដំបូង និយាយ​បែបនេះ មិនមែន​យើង​មិន​រាប់អាន​អ្នកតូច​ទាប​ឬ​ក្រីក្រ ឬ​មិត្ត​ភ័ក្តិ​នោះទេ តែ​ការជួប​វា​អាស្រ័យ​លើ​ពេលវេលា និង​កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​បុណ្យ​ឬ​ខួបកំនើត​មិត្ត​ភ័​ក្ត លោក​នឹងចូលរួម។

លោក​បន្តថា “ហេតុនេះ ទើប​គេ​មិនសូវ​ឃើញ​ខ្ញុំ​ដើរ​ជាមួយ​មិត្ត​ភ័​ក្ត​ច្រើន ព្រោះ​ខ្ញុំ​បាន​ចំណាយពេល​ច្រើន ជាមួយ​មនុស្ស​មាន​វ័យចាស់​ជាង​ខ្ញុំ ជាមួយ​មនុស្ស​ជោគជ័យ​ដោយសារ​ខ្ញុំ​អាច​រៀន​បាន​ច្រើន​ពី​ពួកគេ” ។

លោក​បណ្ឌិត​គីម ហ៊ាង​បាន​បន្តថា ក្នុង​ជីវិត​របស់លោក បាន​ប្រកាន់យក​នូវ​ភាពស្មោះត្រង់ ពង្រីក​ចំណេះដឹង​ជាប្រចាំ មានគ្រួសារ​រីករាយ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន និង​សេពគប់​ជាមួយ​មនុស្ស​មាន​វ័យ​ច្រើនជាង និង​មាន​ធនធាន​ច្រើនជាង។

លោក​បណ្ឌិត​បន្តថា “ជោគជ័យ​មិនមែន​ធ្លាក់​ពីលើ​មេឃ ឬ​បាន​ពី​អ្នកដទៃ​ផ្តល់អោយ​នោះទេ តែ​គឺ​បាន​ពី​ទង្វើ និង​សកម្មភាព ដែល​យើង​បានធ្វើ កំពុង​ធ្វើ នឹងធ្វើ​នៅ​ថ្ងៃ​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here