ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលគំរោងហេដ្ឋារចនាសម្ព័ន្ឋថ្នាក់ជាតិធំៗចំនួន៧ បាននិងកំពុងរៀបចំកញ្ចប់ថវិកា និងជំនួយពីដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការរីកចម្រើនលើវិស័យដឹកជញ្ជូនក៏ដូចជាជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា។
ផ្លូវជាតិលេខ៤១
តំបន់ជាប់និងជុំវិញផ្លូវជាតិដ៏សំខាន់នេះ កំពុងមានការអភិវឌ្ឍយ៉ាងលឿននាពេលបច្ចុប្បន្ននេះ ខណៈក្រសួងសាធារណៈការបានស្នើកញ្ចប់ថវិការួចហើយ ដើម្បីកែលំអរ លើកកំពស់ផ្លូវនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវនេះស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋាភិបាល ដែលគំរោងនេះនឹងអាចចាប់ផ្តើមសាងសង់បន្ទាប់ពីផ្លូវជាតិលេខ៣ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។
ផ្លូវជាតិលេខ៣៣
ការសិក្សាបឋមសម្រាប់ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាម ព្រែកចាកបានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ ការពិនិត្យ និងវាយតម្លៃ លើរបាយការណ៍នេះ នឹងដឹកនាំដោយក្រសួងបរិស្ថាន ហើយផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គម។
ក្រោយការសិក្សាអនុម័ត គម្រោងស្ដារផ្លូវជាតិលេខ៣៣ នឹងត្រូវអនុវត្តដោយក្រ សួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការ គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ នេះ មានប្រវែងសរុប៥២គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។
លោកវ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង ថា គម្រោងនេះគឺជាការពង្រីក និងលើកកម្ពស់ផ្លូវ ដោយក្រុមហ៊ុនចិនទទួលបានសិទ្ធិការសិក្សា។ ឥឡូវសិក្សាចប់ គឺត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ។ ទោះយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ពីថវិកាប៉ាន់ស្មាន សម្រាប់អនុវត្តគម្រោងនេះឡើយ។
ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវនេះនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។
សម្ដេច បានមានប្រសាសន៍ថា “ខ្ញុំសម្រេចបានគម្រង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ។ ទី១ គឺផ្លូវជាតិលេខ ៤១ តភ្ជាប់លេខ ៤ ទៅកំពត ទី២ គឺផ្លូវជាតិលេខ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត” ។
ស្ពានឆ្លងទន្លេមេគង្គក្រុងក្រចេះ
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹងជញ្ជូន លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ដឹងកាលពីឆ្នាំមុនថា យើងមានផែនការសង់ស្ពានមួយទៀត នៅក្នុងខេត្តក្រចេះ។ ចំណែកស្ពានឆ្លងកាត់នៅរាជធានីភ្នំពេញ ដូចជាស្ពានឆ្លងកាត់ទន្លេនៅស្វាយជ្រុំ និងស្ពានឆ្លងកាត់នៅអរិយក្សត្រ និងមួយទៀតនៅក្តីតាកុយ នៅមេគង្គខាងលើ និងមេគងខាងក្រោមនេះ បានសិក្សាចប់សព្វគ្រប់រួចអស់ហើយ ដើម្បីចូលទៅក្នុងការស្នើរសុំថវិកា កម្ចីពីរដ្ឋាភិបាលចិនដើម្បីសាងសង់។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកកម្ពុជាសម្តេចតេជោហ៊ុន សែន ធ្លាប់បានលើកឡើងថារដ្ឋាភិបាលមានគំរោងច្រើន ក្នុងការធ្វើស្ពានឆ្លងកាត់ទន្លេ មិនតែប៉ុណ្ណោះរដ្ឋាភិបាលនឹងធ្វើស្ពានឆ្លងកាត់នៅតាមព្រែកនានាថែមទៀត តែកម្ពុជាមិនមានទុនគ្រប់គ្រាន់នោះទេ តែអ្វីដែលយើងធ្វើកន្លងមកនេះ បានធ្វើអោយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកលូតលាស់។
សម្តេចបន្តថា “ខ្ញុំសង្ឃឹមថា កម្ពុជានឹងបន្តទៅមុខថែមទៀត ក្នុងដំណើរដ៏រឹងម៉ាំ” ។
ស្ពានគ្រោងសាងសង់ក្នុងខេត្តក្រចេះ គ្រោងធ្វើភ្ជាប់រវាងទីប្រជុំជនស្រុកឆ្លូង ឆ្ពោះទៅកាន់ស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ។
ក្រវ៉ាត់ក្រុងទី៤
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
លោកលីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រងនិងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ តម្រូវការហេដ្ឋានរចនាសម្ព័ន្ធនៃប្រព័ន្ធ ចម្រោះទឹកកខ្វក់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងចំណោមខេត្តទាំង៤នេះ ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងកាត់ខេត្តកំពង់ស្ពីចំនួន៣ ស្រុកខេត្តតាកែវចំនួន១ ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។
លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត” ។
ផ្លូវល្បឿនលឿនភ្នំពេញ បាវិត
គំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតក៏បាននិងកំពុងពន្លឿនផងដែរ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង់ ពិសេសបណ្តាប្រទេស CLMV ដែលមេដឹកនាំប្តេជ្ញាបង្កើនល្បឿននៃការអភិវឌ្ឈ និងកិច្ចសហការកាន់តែរ៉ឹងមាំឡើង។
ផ្លូវដ៏សំខាន់នេះ ត្រូវបានសិក្សាឡើងវិញដោយក្រុមហ៊ុន ដែលកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនសិក្សារួច ប៉ុន្តែមានការចំណាយខ្ពស់ពេក។
ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងសាងសង់ដោយតភ្ជាប់ជាមួយនឹងផ្លូវល្បឿនលឿនរបស់ប្រទេសវៀតណាម ដែលកំពុងត្រៀមសាងសង់ មកកាន់ព្រំដែនកម្ពុជាផងដែរ។
ទីក្រុងសៀមរាបថ្មី
Grand City Siem Reap ដែលមានទីតាំងនៅក្បែរព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាបថ្មី ត្រូវបានអនុម័តដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជារួចហើយ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា សម្តេចតេជោបានអនុម័ត គំរោងទីក្រុងថ្មីនេះរូចហើយ ប៉ុន្តែការសាងសង់មិនទាន់បានចាប់ផ្តើមនាពេលបច្ចុប្បន្នទេ ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគំរោងនេះនឹងត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការមេអភិវឌ្ឈន៍គម្រោងនេះនាពេលខាងមុខ បន្ទាប់ពីស្ថានភាពជំងឺកូវីដបានធូរស្រាល និងបញ្ចប់នាពេលខាងមុខ។
ស្ពានឆ្លងកាត់ទន្លេសាប ខេត្តកំពង់ឆ្នាំង
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ឆ្នាំទៅខេត្តកំពង់ធំនេះ អាចនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋាភិបាលអនុវត្តន៍ទៅតាមដំណាក់កាលឬកញ្ចប់អាទិភាពរបស់ខ្លួន គឺមិនអាចអនុវត្តបានគម្រោងទាំងអស់ នៅក្នុងពេលតែមួយបាននោះទេព្រោះត្រូវចំណាយថវិកាច្រើន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងកន្លងលមកនេះថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអាទិភាព និងជាជំរើសទី១របស់ក្រសួង សម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ តែយ៉ាងណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកដាក់ជាគម្រោងអាទិភាពឬយ៉ាងណាងសម្រាប់សាងសង់នាពេលខាងមុខ។
លោកបន្តថា គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រ ឆ្លងពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះ គ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំងក្រសួងបរិស្ថាន បានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ ក្នុងការសាងសង់ស្ពាននេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ។
សម្តេចបន្តទៀតថា គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕