តើ​អ្នកណា​ជា​អ្នក​មានប្រៀប​ក្នុង​កំឡុង​វិបត្តិ​កូ​វីដ១៩ ខណៈ​អ្នកលក់​អចលនទ្រព្យ​នៅតែ​ចង់បាន​តម្លៃ​ថ្លៃ

0

ដោយៈ វ​ឌ្ឈ​នៈ

ភ្នំពេញៈ នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ឌ១៩ និង​ឈានទៅដល់​វិបត្តិ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ផងដែរ​នោះ ការទិញ​លក់​អចលនទ្រព្យ ហាក់ដូចជា​មិនសូវ​ត្រូវរ៉ូវ​គ្នា​ប៉ុន្មាន​នោះទេ ពោល​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ចំណែកឯ​អ្នកលក់​វិញ​ក៏​ចង់បាន​តម្លៃ​ខ្ពស់ ដើម្បី​បាន​ប្រាក់ចំណេញ​ច្រើន ទោះបីជា​ក្នុង​ពេលនេះ​ខ្លួន​កំពុង​ត្រូវការ​ទុន​ដើម្បី​ដោះស្រាយ​ក្ដី។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​ឱ្យដឹងថា ទោះបី​ជាមាន​វិបត្តិ​ដោយសារតែ​កូ​វីដ​ក្តី និង​បានធ្វើឱ្យ​ដំណើរការ​នៃ​សេដ្ឋកិច្ច​គាំង ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ​ក៏ដោយ តែបើ​ក្រលេក​ទៅ​មើល​តម្លៃ​នៃ​អចលនទ្រព្យ​វិញ នៅតែ​ខ្ពស់​ដដែល​ដោយ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោក​បន្តថា “អ្នកទិញ​ចង់បាន​អចលនទ្រព្យ ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ តែ​អ្នកលក់​ក៏​មិន​បញ្ចុះតម្លៃ​ច្រើន ទៅតាម​ការចង់បានរ​បស់​អ្នកទិញ​ដែរ​ក្នុង​វិបត្តិ​នេះ ដែល​ធ្វើឱ្យ​ការទិញ​លក់​មិនសូវ​ជា​ត្រូវរ៉ូវ​គ្នា” ។

លោក​ឌឹ​ត ច​ណ្ណា បាន​បន្តថា អ្នកទិញ​គេ​អាង​ថា​លុយ​គេ​នៅក្នុង​ខ្លួនគេ ហើយ​អត់​បញ្ចេញ​ក៏​អត់​មាន​អ្វី​ត្រូវ​ខាត​ដែរ ហើយ​អ្នកលក់​ក៏​គិតថា​របស់គេ​នៅតែ​របស់គេ បើ​គេ​មិន​លក់​ក៏​មិន​បាត់បង់​ដែរ គឺ​នៅតែ​ជា​របស់គេ ចាំ​ពេល​ផុត​វិបត្តិ​ចាំ​លក់​ក៏​មិន​ខាត តែ​សម្រាប់​អ្នក​ដែល​ត្រូវ​ការលក់​បន្ទាន់​គេ ក៏បាន​បញ្ចុះតម្លៃ​មួយកម្រិត​ដើម្បីឱ្យ​ត្រូវ​ថ្លៃ​គ្នា ទើប​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ខ្លះ មើលទៅ​ទាប​ជាង​ទីផ្សារ​បន្តិច​តែ​វា​មិន​ទូទៅ​នោះទេ។

ដោយឡែក​លោក​កែវ សុជាតិ ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​នៅ​ខេត្តកំពត​បាន​និយាយថា ការទិញ​លក់​ដីធ្លី​នៅក្នុង​ខេត្តកំពត អ្នកទិញ​ទាមទារ​ឱ្យ​ម្ចាស់​ដី​បញ្ចុះតម្លៃ៤០ទៅ៥០ភាគរយ​ទើប​គេ​ព្រម​ទិញ។ ចំណែក​អ្នកលក់​គាត់​អាចមាន​លទ្ធភាព បញ្ចុះ​ត្រឹម១០ទៅ២០ភាគរយ ហើយ​តំបន់​ខ្លះ​អាច​បញ្ចុះ​ដល់​ទៅ៣០ភាគរយ។

តែ​សម្រាប់​តំបន់​ណា ដែល​អ្នកទិញ​ចង់បាន គេ​អាច​ត្រូវរ៉ូវ​គ្នា​ត្រឹម​បញ្ចុះ២០ភាគរយ​ក៏​យក​ដែរ ។

លោក​សុជាតិ​បាន​បន្តថា អ្នកទិញ​ខ្លះទៀត​ចង់បាន​ការបញ្ចុះ​តម្លៃ​ច្រើន​ហើយ ត្រូវ​រើស​មើល​ទីតាំង​ទៀត តំបន់​ណា​ល្អ​ទើប​គេ​ព្រម​ទិញ​ហើយ ត្រូវ​បញ្ចុះតម្លៃ​ច្រើន​តាម​ការចង់បាន​រប​ស់​គេ ទើប​ធ្វើឱ្យ​ការទិញ​លក់​មួយរយៈ​ក​ន្ល​ង​មក មិនសូវ​មានការ​ត្រូវ​គ្នា​រវាង​អ្នកទិញ​និង​អ្នកលក់។

លោក​បន្តថា “អ្នកស្វែងរក​ទិញ​ដី​សម្រាប់​វិនិយោគពិតៗ គេ​នៅតែ​ស្វែង​ករក​និង​ទិញ​នូវ​ទីតាំង​ណា​ដែល​គេ​គិតថា ស័ក្ដិសម​សម្រាប់​គេ​វិ​និ​យោ​គិ​នៅពេល​អនាគត ទោះបី​មិនមាន​ការបញ្ចុះ​តម្លៃ​ច្រើនក្ដី” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here