ដោយៈ សាវុធ
ភ្នំពេញៈ សហគ្រិនខ្មែរ ដែលជាស្ថាប័នមួយស្ថិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយផ្សារទំនើបអ៊ីអនម៉ល (AEON) ដែលជាប្រតិបត្តិករផ្សារទំនើបផ្គត់ផ្គង់សម្ភារៈជាច្រើនមុខ នៅក្នុងប្រទេសកម្ពុជាក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលក្នុងស្រុក។
ភាគីទាំងពីរបានឯកភាពគ្នា ក្នុងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលនៅក្នុងស្រុក ដើម្បីលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក នៅតាមហាង និងផ្សារទំនើបនានា នៅក្នុងប្រទេសកម្ពុជា។
សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនម៉ល នឹងរៀបចំពិព័រណ៍ផលិតផល ក្នុងស្រុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ការតាំងពិព័រណ៍រយៈពេល៣សប្តាហ៍នេះ មានគោលបំណង ក្នុងការបង្ហាញប្រភេទផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដូចជា បន្លែ ផ្លែឈើ ស៊ុត ទឹកដោះគោស្រស់ អង្ករ និងផលិតផលប្រចាំថ្ងៃ នៅក្នុងផ្ទះជាច្រើនទៀត។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ផលិតផលក្នុងស្រុកទាំងអស់ ដែលបានដាក់បង្ហាញ នឹងត្រូវបានដាក់លក់បញ្ចុះតំលៃជាពិសេសរហូតដល់៥០% ដើម្បីទាក់ទាញអតិថិជនក្នុងស្រុកឱ្យសាកល្បង និងទិញផលិតផលទាំងនោះ។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងថា “ផលិតក្នុងស្រុកមិនសូវទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់ទូទៅទេ ដោយសារការយល់ដឹង និងការស្គាល់ផលិតផលក្នុងស្រុកនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងផលិតផលនាំចូល ខណៈពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អ និងការប្រកួតប្រជែងតម្លៃស្មើគ្នា ទៅនឹងផលិតផលនាំចូល”។
លោកលើកបន្តថា ការសហការជាមួយផ្សារទំនើបអ៊ីអនម៉ល ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក គឺស្របទៅនឹងគោលការណ៍ របស់សហគ្រិនខ្មែរដើម្បីធានា និងពង្រីកទីផ្សារសម្រាប់ផលិតករកម្ពុជា។
ផ្សារទំនើបអ៊ីអនម៉ល បានផ្សព្វផ្សាយផលិតផលក្នុងស្រុក ចាប់តាំងពីផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ បើកដំណើរការនៅឆ្នាំ ២០១៤ ។ យើងសង្ឃឹមថា ពិព័រណ៍ក្នុងស្រុកនេះនឹងរួមចំណែកលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក ដល់អតិថិជនក៏ដូចជាលើកទឹកចិត្ត ដល់ផលិតករក្នុងស្រុកផងដែរ។
ទន្ទឹមនឹងនេះ ផ្សារទំនើបអ៊ីអនម៉លក៏ជំរុញ ឱ្យអ្នកផលិតរក្សាគុណភាពនៃផលិតផល ការវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងការចុះឈ្មោះផលិតផលរបស់ខ្លួន អោយបានត្រឹមត្រូវ។ គោលបំណងទាំងនេះ គឺដើម្បីការពារសុវត្ថិភាពរបស់អតិថិជន។ ហេតុដូច្នេះហើយ យើងសង្ឃឹមថាអ្នកផលិត មិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានឱកាសនាំចេញកាន់តែច្រើនផងដែរ៕