ដោយៈ សាវុធ
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យ “ទីក្រុងរណបសិរីមង្គល” ក្រោមទុនវិនិយោគប្រមាណ១០០លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។
លោកយក់ សុធីរិទ្ធប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Home Co., Ltd បានថ្លែងប្រាប់កាសែតអន្តរជាតិមួយកាលពីថ្មីៗនេះថា បើទោះបីមានកម្មករមួយចំនួនមិនអាចមកធ្វើការបាន ដោយសាររស់នៅក្នុងតំបន់បិទខ្ទប់ក៏ដោយ ការដ្ឋាន “ទីក្រុងរណបសិរីមង្គល” នឹងត្រូវបញ្ចប់១០០ភាគរយ នៅក្នុងឆ្នាំ២០២១ នេះ ខណៈការសាងសង់កំពុងមានដំណើរការទៅមុខជាប្រចាំ។
លោកបានថ្លែងថា សកម្មភាពក្នុងការដ្ឋានរបស់យើងនឹងឈានទៅបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈការលក់នៅពេលនេះសម្រេចបានជាង៩៥ ភាគរយ។ នៅក្នុងអំឡុងពេលបិទខ្ទប់នេះ នៅការដ្ឋានមានកម្មករធ្វើការចន្លោះពី៤០០-៥០០នាក់រៀងរាល់ថ្ងៃ។
លោកបានបន្តថា គិតមកដល់ពេលនេះក្រុមហ៊ុនបានប្រគល់ផ្ទះឱ្យអតិថិជនចំនួន៨២៣ខ្នងរួចមកហើយ ខណៈផ្ទះនៅសល់១.៦៣៤ ខ្នងទៀតនឹងត្រូវប្រគល់ក្នុងឆ្នាំ ២០២១។ លំនៅឋានក្នុងគម្រោងនេះមានតម្លៃចាប់ពី២៥.០០០-៣០.០០០ ដុល្លារ។
“ទីក្រុងរណបសិរីមង្គល” គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។
Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។
យោងតាមក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ២០២០ នៅកម្ពុជាមានគម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប៨.៣៣១ ខ្នងផ្ទះ និងចំនួន៧.២៥៦យូនីត។
កាលពីឆ្នាំ២០១៤ កម្ពុជាបានអនុម័តគោលនយោបាយ លំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ យោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ៥ម៉ឺនខ្នងក្នុង១ឆ្នាំ រហូតដល់ឆ្នាំ ២០៣០៕