ក្រុង Wonju កូរ៉េខាងត្បូង គ្រោង​សាងសង់​សារមន្ទីរ​សិល្បៈ​លើ​អតីត​ទីតាំងមូលដ្ឋាន​យោធា​អាមេរិក

0

ដោយៈ​សុខុម

សេ​អ៊ូ​ល:  ចៅហ្វាយក្រុង Wonju នៃ​ប្រទេស​កូរ៉េខាងត្បូង បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី១៧ ឧសភា ថា ក្រុង​នេះ​គ្រោង​សាងសង់​សារមន្ទីរ​សិល្បៈ សាធារណៈ​មួយ​នៅលើ​អតីត​ទីតាំង​មូលដ្ឋាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក (USFK) ត្រឹម​ឆ្នាំ២០២៣ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Korea Times ។

លោក Won Chang-mug អភិបាលក្រុង​នេះ​បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់១៣,២លាន​ដុល្លារ​អាមេរិក​នេះ ទើបតែ​ឆ្លង​ផុត​ដំណាក់កាល​វាយតម្លៃ​សមិទ្ធ​លទ្ធភាព​ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ កាលពីពេលថ្មីៗនេះ​ប៉ុណ្ណោះ។

លោក​បញ្ជាក់ថា សារមន្ទីរ​កម្ពស់៣ជាន់​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី៩,០០០ម៉ែត្រការ៉េ​លើ​អតីត​ទីតាំង​មូលដ្ឋានទ័ព​អាមេរិក មាន​ឈ្មោះថា Camp Long ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ១៤០គីឡូម៉ែត្រ នា​ភាគ​ខាងកើត​ទីក្រុង​សេ​អ៊ូ​ល។ ក្រុង​នេះ​គ្រោង​ចាប់ផ្តើម​ការសាងសង់​សា​រ​មន្ទីរ​នេះ​នៅ​ឆ្នាំក្រោយ ហើយ​បើកសម្ពោធ​នៅ​ខែមេសា ឆ្នាំ២០២៣ ។

យោធភូមិភាគ​នៃ​កងទ័ព​សហរដ្ឋអាមេរិក នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៥ ដើម្បី​គាំទ្រ​ដល់​អង្គភាព​ទ័ពអាកាស។ ទោះជា​យ៉ាងណា មូលដ្ឋាន​នេះ​ត្រូវបាន​បិទ​ចោល​ក្នុង​ឆ្នាំ២០១០ និង​ប្រគល់​ឱ្យទៅ​ប្រទេស​កូរ៉េខាងត្បូង វិញ​ក្នុង​ឆ្នាំ២០១៩ ។

ពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ សារមន្ទីរ​នេះ​នឹងមាន​សាល​តាំងពិព័រណ៍ បណ្ណាល័យ និង​បន្ទប់​សិក្ខាសាលា ដែលមាន​ដាក់តាំង​ស្នាដៃ​សិល្បៈ នៅក្នុង​អតីត​មូលដ្ឋាន​យោធា​នេះ។

សាលាក្រុង​នេះ នឹង​ពិចារណា​រៀបចំ​ការតាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់ USFK តាមរយៈ​ការពិគ្រោះ​យោបល់ ជាមួយ​មន្ត្រី​ធរ​យោធា និង​ស្ថានទូត​សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here