ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅក្រុងកំពត ដែលសម្រេចបានជិត១០០% នឹងលើកកម្ពស់វិស័យអចលនទ្រព្យនៅខេត្ត ដែលកំពុងមានសក្តានុពលទាំងវិស័យអចលនទ្រព្យ និងទេសចរណ៍ សម្រាប់ការវិនិយោគ។
នៅពេលគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ត្រូវបានបញ្ចប់ទាំងស្រុង ការធ្វើដំណើរទៅខេត្តកំពត នឹងជួយដល់ការកាត់បន្ថយពេលវេលា។ នេះគឺកត្តាអំណោយផលមួយសម្រួល ដល់ការធ្វើដំណើររបស់វិនិយោគ ក្នុងការទៅស្វែងរកការវិនិយោគនៅក្នុងខេត្តមួយនេះ។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ថា នៅពេលគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣នេះបញ្ចប់ការស្ថាបនារួចរាល់ហើយ វានឹងជួយជំរុញវិស័យអចលនទ្រព្យខ្លាំង ជាពិសេសនៅខាងខេត្តកំពត។
លោកបានថ្លែងថា “យើងគ្រាន់តែឃើញ សេចក្តីប្រកាសបង្កើតទីក្រុងបូកគោ និងកាត់ចូលជាទីក្រុងបូកគោនេះ តម្លៃអចលនទ្រព្យកើនឡើងខ្ពស់ ហើយយើងឃើញមានការទិញដូរច្រើន ដោយអ្នកទៅទិញទុក និងទិញសម្រាប់ការអភិវឌ្ឍន៍”។
លោកបានថ្លែងបន្តថា “ខេត្តកំពត គឺជាតំបន់មានសក្តានុពលយ៉ាងខ្លាំង ដោយសារសក្តានុពលជាច្រើនដែលខេត្តនេះមាន ពិសេសក្រោយពេលរដ្ឋាភិបាល ប្រកាសពង្រីកផ្លូវជាតិលេខ៣ភ្លាម ខេត្តកំពតបានទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើនរួចទៅហើយ ខណៈបច្ចុប្បន្នផ្លូវដ៏សំខាន់នេះ បានជិតដល់ដំណាក់កាលបញ្ចប់”។
ដោយឡែក លោកសុខ គែន ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ៩ក្ដី សកម្មភាពទិញលក់មានការថយចុះខ្លះ តែតម្លៃអចលនទ្រព្យជាពិសេសទៅលើដីធ្លី មិនមានការថយចុះទេ ហើយមានតែឡើងថ្លៃបន្តទៀតនៅតាមតំបន់មានសក្ដានុពលមួយចំនួន។ ទោះជាយ៉ាងណាក្ដីវាថយតិចតួច ក្រោមទីផ្សារបន្តិចចំពោះអ្នក ដែលត្រូវការលក់អចលនទ្រព្យបន្ទាន់ៗប៉ុណ្ណោះ សម្រាប់ទីផ្សារទូទៅអត់មានថយទេ។
លោកបន្តថា “អ្នកមានលុយនៅតែបន្តស្វែងរកទិញអចលនទ្រព្យ ហើយអាចទិញបាននៅតំបន់ដែលមានសក្ដានុពល ក្នុងតម្លៃចរចានៅលើទីផ្សារ”។លោកបន្តថា “សម្រាប់អ្នកដែលមានសំណាង អាចរកទិញបានដីធ្លីរបស់ម្ចាស់ ដែលត្រូវការលុយបន្ទាន់សម្រាប់ដោះស្រាយជីវភាព និងដោះស្រាយបញ្ហា តែសម្រាប់ដីធ្លីរបស់ម្ចាស់ដែលមិនត្រូវការបន្ទាន់តម្លៃ នៅតែរឹងនិងអាចលើទីផ្សារពីមុនទទៀត”។
ខេត្តកំពតនៅតែមានសញ្ញាល្អ នៃការវិនិយោគលើវិស័យសំណង់ ដោយរយៈពេល៤ខែឆ្នាំនេះ ទុនវិនិយោគជាង១៨លានដុល្លារ ត្រូវបានចាក់បញ្ចូលក្នុងខេត្តកំពុងមានភាពរីកចម្រើននេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។
បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដ និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុង ក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពីពេលនេះតទៅ។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕